កិច្ចការ 1

1
1ឱ​លោក​ថេវ‌ភីល​អើយ ខ្ញុំ​បាន​តែង​រឿង​១​ច្បាប់​មុន​នោះ ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ បាន​ចាប់​តាំង​ធ្វើ​ហើយ​បង្រៀន 2ដរាប​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង​ផុត​ទៅ​ហើយ គឺ​ក្រោយ​ដែល​ទ្រង់​បាន​ផ្តាំ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដល់​ពួក​សាវក ជា​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស 3ហើយ​កាល​ទ្រង់​បាន​រង​ទុក្ខ​រួច​ហើយ នោះ​ក៏​បាន​សំដែង​អង្គ​ទ្រង់​មក​ទាំង​រស់ ឲ្យ​ពួក​សាវក​នោះ​ឃើញ ដោយ‌សារ​ភ័ស្តុ‌តាង​ជា​ច្រើន ព្រម​ទាំង​លេច​មក​ឯ​គេ ក៏​សំដែង​ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​នគរ​ព្រះ ក្នុង​រវាង​៤០​ថ្ងៃ 4រួច​មក កាល​បាន​ប្រជុំ​ទាំង​អស់​គ្នា​ហើយ នោះ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ឡើយ ដោយ​បន្ទូល​ថា ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្ដី​សន្យា​នៃ​ព្រះវរ‌បិតា ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​ថ្លែង​ប្រាប់​ហើយ 5ដ្បិត​ពិត​ជា​លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។
6ដូច្នេះ កាល​ពួក​សាវក​បាន​ប្រជុំ​គ្នា នោះ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ឡើង​វិញ​នោះ 7តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះវរ‌បិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ 8ប៉ុន្តែ កាល​ណា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ‌ចេស្តា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង 9កាល​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ជា​ស្រេច ហើយ​ពួក​សាវក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់​ពី​ភ្នែក​គេ។
10កំពុង​ដែល​គេ​ងើយ​សំឡឹង​មើល​ទៅ​លើ​មេឃ ក្នុង​កាល​ដែល​ទ្រង់​យាង​ទៅ នោះ​ឃើញ​មាន​២​នាក់ ស្លៀក‌ពាក់​ស ឈរ​នៅ​ជិត និយាយ​ថា 11ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ 12ពួក​អ្នក​ទាំង​នោះ​ក៏​វិល​ពី​ភ្នំ​ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ រីឯ​ភ្នំ​នោះ នៅ​ជិត​ក្រុង​យេរូ‌សាឡិម ចំងាយ​ផ្លូវ​ដើរ​អស់​១​ថ្ងៃ​ឈប់​សំរាក 13កាល​គេ​ចូល​ទៅ​ដល់​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​បន្ទប់​ខាង​លើ ជា​លំនៅ​របស់​ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូ‌ល៉ូមេ ម៉ាថាយ យ៉ាកុប ជា​កូន​អាល់‌ផាយ ស៊ីម៉ូន ជា​ពួក​ឧស្សាហ៍ នឹង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប 14ពួក​អ្នក​ទាំង​នេះ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ដោយ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន ជា​មួយ​នឹង​ពួក​ស្រីៗ ព្រម​ទាំង​ម៉ារា ជា​មាតា​ព្រះ‌យេស៊ូវ នឹង​បង​ប្អូន​ទ្រង់​ដែរ។
15នៅ​គ្រា​នោះ ពេត្រុស​ឈរ​ឡើង​កណ្តាល​ពួក​បង​ប្អូន ដែល​មាន​ឈ្មោះ​ប្រហែល​ជា​១២០​នាក់ ប្រកាស​ថា 16បង​ប្អូន​រាល់​គ្នា​អើយ បទ​គម្ពីរ​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ទាយ​ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ពី​ដំណើរ​យូដាស ជា​អ្នក​ដែល​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូវ បទ​នោះ​ត្រូវ​តែ​បាន​សំរេច 17ដ្បិត​វា​បាន​រាប់​ក្នុង​ពួក​យើង​រាល់​គ្នា ហើយ​បាន​ទទួល​១​ចំណែក​ក្នុង​ការ‌ងារ​នេះ​ដែរ 18(រីឯ​មនុស្ស​នេះ​បាន​ទិញ​ដី​វាល ដោយ‌សារ​រង្វាន់​នៃ​ការ​ទុច្ចរិត​របស់​ខ្លួន​វា ប៉ុន្តែ​វា​ដួល​ទៅ​មុខ​ធ្លាយ​ពោះ ហើយ​ពោះ​វៀន​ក៏​ចេញ​ទ្រេល 19រឿង​នោះ​បាន​ឮ ទៅ​ដល់​មនុស្ស​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ជា​គេ​ហៅ​វាល​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា គឺ​ប្រែ​ថា វាល​ឈាម) 20ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ទំនុក​ដំកើង​ថា «ចូរ​ឲ្យ​ទី​លំនៅ​វា​ត្រូវ​ចោល​ស្ងាត់​ចុះ កុំ​ឲ្យ​មាន​អ្នក​ណា​នៅ​ទី​នោះ​ឡើយ» ហើយ​ថា «ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល​ការ‌ងារ​ជំនួស​វា» 21ដូច្នេះ ក្នុង​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​យើង គ្រប់​វេលា​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​យាង​ចេញ​ចូល ក្នុង​ពួក​យើង 22ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដរាប​មក​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង ពី​យើង​រាល់​គ្នា​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​ជា​ទី​បន្ទាល់ ជា​មួយ​នឹង​យើង ពី​ដំណើរ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ 23ដូច្នេះ គេ​ក៏​ដំរូវ​លើ​រូប​២​នាក់ គឺ​យ៉ូសែប ដែល​ហៅ​ថា បារសាបាស ដែល​មាន​ឈ្មោះ​យូស្ទុស​ផង​នោះ​១ នឹង​ម៉ាត់ធាស​១ 24រួច​គេ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ​អើយ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ទ្រង់​រើស​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​២​នេះ 25ឲ្យ​បាន​ទទួល​ចំណែក ក្នុង​កិច្ច‌ការ នឹង​ងារ​ជា​សាវក​នេះ ជំនួស​យូដាស ដែល​បាន​ធ្លាក់​ចេញ​ពី​ងារ​នេះ​ហើយ ដើម្បី​នឹង​ទៅ​ឯ​កន្លែង​របស់​វា 26នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​ម៉ាត់ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា​មួយ​នឹង​ពួក​សាវក​ទាំង​១១​នាក់។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល