៣ យ៉ូហាន 1

1
1សំបុត្រ​អ្នក​ចាស់‌ទុំ ផ្ញើ​មក​អ្នក​កៃយុស ជា​អ្នក​ស្ងួន‌ភ្ងា ដែល​ខ្ញុំ​ស្រឡាញ់​ពិត​ប្រាកដ 2អ្នក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​អ្នក​បាន​ចំរើន​ឡើង​គ្រប់​ជំពូក ហើយ​ឲ្យ​បាន​សុខ​សប្បាយ​ខាង​រូប​សាច់ ដូច​ជា​ព្រលឹង​អ្នក​បាន​ចំរើន​ឡើង​ដែរ 3ដ្បិត​ខ្ញុំ​បាន​អរ​ជា​ខ្លាំង​ណាស់ ដោយ​មាន​បង​ប្អូន​មក​ធ្វើ​បន្ទាល់ ពី​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​អ្នក ដូច​ជា​អ្នក​ធ្លាប់​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ 4គ្មាន​សេចក្ដី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្ដី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ​ឯង 5អ្នក​ស្ងួន‌ភ្ងា​អើយ ការ​អ្វី​ដែល​អ្នក​ធ្វើ សំរាប់​ពួក​បង​ប្អូន នឹង​ពួក​ដទៃ​ដែរ នោះ​អ្នក​ក៏​ធ្វើ​ដោយ​ស្មោះ‌ត្រង់​គ្រប់​ទាំង​អស់​ហើយ 6គេ​ក៏​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក នៅ​មុខ​ពួក​ជំនុំ​ផង បើ​អ្នក​នឹង​ជួយ​ដំរង់​អ្នក​ទាំង​នោះ តាម​បែប​គួរ​នឹង​ព្រះ នោះ​បាន​ល្អ​ហើយ 7ដ្បិត​គេ​បាន​ចេញ​ដើរ​ទៅ ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់ ឥត​មាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ឡើយ 8ដូច្នេះ យើង​រាល់​គ្នា​ត្រូវ​ជួយ​ទំនុក​បំរុង​ដល់​មនុស្ស​យ៉ាង​នោះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ការ​ជា​មួយ​នឹង​គេ​ក្នុង​សេចក្ដី​ពិត។
9ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ពួក​ជំនុំ ប៉ុន្តែ អ្នក​ឌីអូត្រេព​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ធំ​ក្នុង​ពួក​នោះ គាត់​មិន​ទទួល​យើង​ទេ 10ដូច្នេះ បើ​ខ្ញុំ​មក ខ្ញុំ​នឹង​នឹក​ចាំ​ពី​ការ​ដែល​អ្នក​នោះ​ធ្វើ ដោយ​គាត់​ពោល​ពាក្យ​អាក្រក់ និយាយ​ដើម​យើង ហើយ​មិន​ស្កប់​ចិត្ត​នឹង​សេចក្ដី​នោះ​តែ​ប៉ុណ្ណោះ ថែម​ទាំង​មិន​ព្រម​ទទួល​ពួក​បង​ប្អូន​ទៀត​ផង ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល​គេ នោះ​គាត់​ក៏​ហាម​ឃាត់​មិន​ឲ្យ​ទទួល​វិញ ព្រម​ទាំង​កាត់​គេ​ចេញ​ពី​ពួក​ជំនុំ​ផង។
11អ្នក​ស្ងួន‌ភ្ងា​អើយ ចូរ​ត្រាប់​តាម​សេចក្ដី​ល្អ កុំ​ឲ្យ​តាម​សេចក្ដី​អាក្រក់​ឲ្យ​សោះ អ្នក​ណា​ដែល​ប្រព្រឹត្ត​ល្អ នោះ​មក​ពី​ព្រះ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​មិន​បាន​ឃើញ​ព្រះ​ឡើយ 12មនុស្ស​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ពិត ក៏​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​ពី​អ្នក​ដេមេ‌ទ្រាស យើង​ខ្ញុំ​ក៏​ធ្វើ​បន្ទាល់​ដែរ ហើយ​អ្នក​រាល់​គ្នា​ដឹង​ថា សេចក្ដី​បន្ទាល់​របស់​យើង នោះ​ពិត​ប្រាកដ​មែន។
13ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​នឹង​សរសេរ​ផ្ញើ​មក តែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ស្លាប​ប្រកា នឹង​ទឹក​ខ្មៅ​ទេ 14ដោយ​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​សួរ​អ្នក​រាល់​គ្នា​យ៉ាង​ឆាប់ ហើយ​នឹង​និយាយ​ដោយ​ផ្ទាល់​មាត់​វិញ 15សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ពួក​សំឡាញ់​ខាង​ណោះ គេ​ជំរាប​សួរ​មក​អ្នក សូម​ជំរាប​សួរ​ដល់​ពួក​សំឡាញ់​ខាង​ណេះ តាម​ឈ្មោះ​គេ​រៀង​ខ្លួន​ផង។:៚

ទើបបានជ្រើសរើសហើយ៖

៣ យ៉ូហាន 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល