២ ធីម៉ូថេ 4:1-8

២ ធីម៉ូថេ 4:1-8 ពគប

ដូច្នេះ ខ្ញុំ​ផ្តាំ​មក​អ្នក​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ នឹង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​រៀប​នឹង​ជំនុំ​ជំរះ ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង គឺ​ផ្តាំ​ដោយ​អាង​ដំណើរ​ទ្រង់​យាង​មក នឹង​នគរ​ទ្រង់​ថា ចូរ​ឲ្យ​អ្នក​ផ្សាយ​ព្រះ‌បន្ទូល​ចុះ ហើយ​ទទូច​ជំរុញ​ផង ទោះ​ត្រូវ​ពេល ឬ​ខុស​ក្តី ចូរ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ព្រម​ទាំង​បន្ទោស ហើយ​កំឡា​ចិត្ត​គេ ដោយ​ចិត្ត​អត់‌ធ្មត់ នឹង​សេចក្ដី​ប្រៀន​ប្រដៅ​គ្រប់​យ៉ាង ដ្បិត​នឹង​មាន​គ្រា​មក ដែល​គេ​មិន​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម‌ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​នឹង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត គេ​នឹង​ងាក​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត បែរ​ទៅ​តាម​រឿង​ព្រេង​វិញ តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹង‌ធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការ‌ងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ ខ្ញុំ​បាន​ត‌យុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្ដី​ជំនឿ​ទៅ​ហើយ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ដ៏​ជា​ចៅ‌ក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ។

អាន ២ ធីម៉ូថេ 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ធីម៉ូថេ 4:1-8