២ សាំយូ‌អែល 5:11-25

២ សាំយូ‌អែល 5:11-25 ពគប

រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម ហើយ​នឹង​ឈើ​តាត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ដាវីឌ នោះ​ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​លើក​ដំកើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ព្រះ‌អង្គ។ គ្រា​ដែល​បាន​មក​ពី​ហេប្រុន​ហើយ នោះ​ដាវីឌ​យក​ស្រី​អ្នក‌ម្នាង នឹង​ភរិយា ពី​ពួក​ក្រុង​យេរូ‌សាឡិម​ថែម​ទៀត ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ច្រើន​ឡើង ឯ​បុត្រា​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​នៅ​ក្រុង​យេរូ‌សាឡិម មាន​នាម​ដូច្នេះ គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន យីបហារ អេលីសួរ នេផេក យ៉ាភា អេលី‌សាម៉ា អេលាដា ហើយ​នឹង​អេលី‌ផា‌លេត។ កាល​សាសន៍​ភីលីស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច លើ​សាសន៍​អ៊ីស្រាអែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់ ឡើង​មក​រក​ដាវីឌ តែ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​យាង​ចុះ​ទៅ​ឯ​ទី​ពំនួន ឯ​ពួក​ភីលីស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម នោះ​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ទូលបង្គំ​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​អញ​នឹង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​ដៃ​ឯង​ជា​ពិត​ប្រាកដ នោះ​ដាវីឌ​ទ្រង់​យាង​ទៅ​ដល់​បាល-ពេរ៉ា‌ស៊ីម ហើយ​ក៏​ប្រហារ​ពួក​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​បន្ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទំលាយ​មក​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ជា​ទឹក​ធ្លាយ​ទំនប់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ា‌ស៊ីម គេ​ក៏​លះ​ចោល​អស់​ទាំង​រូប​ព្រះ​គេ​នៅ​ទី​នោះ ហើយ​ដាវីឌនឹង​ពួក​ទ័ព​ទ្រង់​នាំ​យក​ទាំង​អស់​ទៅ។ ក្រោយ​នោះពួក​ភីលីស្ទីន​ក៏​ឡើង​មក​រាយ​ទ័ព​របស់​គេ ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម​ម្តង​ទៀត តែ​កាល​ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​មាន​បន្ទូល​ហាម​ថា កុំ​ឲ្យ​ឡើង​ទៅ​ឡើយ ត្រូវ​ឲ្យ​វាង​ទៅ​ពី​ខាង​ក្រោយ ហើយ​ចូល​ទៅ​ឯ​គេ​ពី​ខាង​ចំការ​មន​វិញ កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ចូរ​ឲ្យ​ឯង​ប្រញាប់‌ប្រញាល់​ឡើង ដ្បិត​គឺ​វេលា​នោះ​ឯង​ហើយ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចេញ​ទៅ​ចំពោះ​មុខ​ឯង ដើម្បី​ប្រហារ​ពួក​ទ័ព​ភីលីស្ទីន ដាវីឌ​ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក ហើយ​ស្តេច​ទ្រង់​ប្រហារ​ពួក​ភីលីស្ទីន ចាប់​តាំង​ពី​ក្រុង​កេបា រហូត​ទៅ​ដល់​ក្រុង​កេស៊ើរ។