២ ពង្សាវតារក្សត្រ 9
9
1គ្រានោះ ហោរាអេលីសេ លោកហៅម្នាក់ក្នុងពួកសិស្សនៃពួកហោរាមកប្រាប់ថា ចូរក្រវាត់ចង្កេះ យកខួចប្រេងនេះកាន់នៅដៃ ទៅឯក្រុងរ៉ាម៉ូត-កាឡាតចុះ 2កាលណាទៅដល់ហើយ ចូររកយេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី ហើយចូលទៅហៅលោក ឲ្យក្រោកពីកណ្តាលពួកបងប្អូនលោក នាំទៅឯបន្ទប់ខាងក្នុង 3រួចយកខួចប្រេងនេះចាក់លើក្បាលលោក ដោយជំរាបថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើងជាស្តេច ឲ្យសោយរាជ្យលើស្រុកអ៊ីស្រាអែល រួចហើយចូរឯងបើកទ្វាររត់ទៅ កុំឲ្យបង្អង់ឡើយ 4ដូច្នេះ មនុស្សកំឡោះ ជាអ្នកបំរើពួកហោរានោះ ក៏ទៅឯរ៉ាម៉ូត-កាឡាតទៅ 5កាលគាត់ទៅដល់ហើយ នោះឃើញពួកមេទ័ពកំពុងអង្គុយនៅជាមួយគ្នា គាត់ក៏ជំរាបថា លោកមេទ័ពអើយ ខ្ញុំមានការ១ចំពោះលោក រួចយេហ៊ូវសួរថា តើចំពោះអ្នកណាក្នុងពួកយើងនេះ គាត់ឆ្លើយថា លោកមេទ័ពអើយ គឺចំពោះលោកនេះឯង 6ដូច្នេះ យេហ៊ូវក៏ក្រោកឡើង ចូលទៅក្នុងផ្ទះ រួចអ្នកនោះចាក់ប្រេងលើក្បាលលោកជំរាបថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញ 7ត្រូវឲ្យប្រហារជំនួសវង្សរបស់អ័ហាប់ ជាចៅហ្វាយឯងទៅ ប្រយោជន៍ឲ្យអញបានសងសឹកនឹងយេសិបិល ដោយព្រោះឈាមនៃពួកហោរា ជាអ្នកបំរើអញ នឹងឈាមនៃពួកអ្នកបំរើរបស់អញទាំងអស់ដែរ 8ដ្បិតជំនួរវង្សរបស់អ័ហាប់ ត្រូវវិនាសទៅអស់រលីង ហើយអញនឹងកាត់កាល់អស់ទាំងកូនប្រុសៗពីអ័ហាប់ចេញ ទោះទាំងអ្នកដែលបិទបាំងទុក នឹងពួកអ្នកឥតចំណងក្នុងសាសន៍អ៊ីស្រាអែលផង 9អញនឹងធ្វើឲ្យជំនួរវង្សអ័ហាប់បានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សនៃប្អាសា ជាកូនអ័ហ៊ីយ៉ាដែរ 10ឆ្កែនឹងទំពាស៊ីយេសិបិល នៅដំបន់១ ក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។
11បន្ទាប់នោះ យេហ៊ូវក៏ចេញមកឯពួកមេទ័ពរបស់ចៅហ្វាយលោក មានម្នាក់សួរថា តើស្រួលបួលទេឬមនុស្សចំកួតនេះមករកលោកធ្វើអី លោកឆ្លើយថា លោករាល់គ្នាស្គាល់មនុស្សនោះនឹងរឿងគេហើយ 12តែពួកនោះឆ្លើយឡើងថា នេះភរទេ សូមប្រាប់យើងឲ្យត្រង់មក លោកក៏ប្រាប់ថា អ្នកនោះបាននិយាយប្រាប់ខ្ញុំយ៉ាងនេះមួយៗដោយពាក្យថា ព្រះយេហូវ៉ាមានបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើស្រុកអ៊ីស្រាអែលហើយ 13ដូច្នេះ គេក៏ប្រញាប់ប្រញាល់នឹងយកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើររួចផ្លុំត្រែឡើងថា យេហ៊ូវជាស្តេចហើយ។
14ដូច្នេះ យេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី លោកក៏គិតក្បត់នឹងយ៉ូរ៉ាម (រីឯយ៉ូរ៉ាម នឹងពួកទ័ពអ៊ីស្រាអែលទាំងប៉ុន្មាន គេកំពុងតែការពាររក្សាក្រុងរ៉ាម៉ូត-កាឡាត ដោយព្រោះហាសែល ជាស្តេចស្រុកស៊ីរី 15តែស្តេចយ៉ូរ៉ាមទ្រង់បានវិលទៅឯយេសរាល ដើម្បីរក្សារបួសដែលពួកស៊ីរីបានធ្វើ ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលជាស្តេចស៊ីរីនោះ) នោះយេហ៊ូវពោលថា បើអ្នករាល់គ្នាពេញចិត្តដូច្នេះហើយ នោះកុំឲ្យអ្នកណាចេញរួចពីទីក្រុងនេះ នាំដំណឹងទៅប្រាប់ក្នុងក្រុងយេសរាលឡើយ 16យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដ្បិតយ៉ូរ៉ាមទ្រង់ផ្ទំប្រឈួននៅទីនោះ ហើយអ័ហាស៊ីយ៉ា ជាស្តេចយូដា បានយាងចុះមកសួរ។
17មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា ខ្ញុំឃើញមនុស្ស១ពួកមក យ៉ូរ៉ាមក៏បង្គាប់ថា ចូរដំរូវទ័ពសេះម្នាក់ចាត់ឲ្យទៅចួបនឹងគេសួរថា តើមកដោយមេត្រីឬ 18ដូច្នេះ ទ័ពសេះម្នាក់នោះ ក៏ចេញទៅចួបនឹងគេ ប្រាប់ថា ស្តេចទ្រង់មានបន្ទូលសួរដូច្នេះ តើមកដោយមេត្រីឬ តែយេហ៊ូវតបថា តើឯងត្រូវការអ្វីនឹងសេចក្ដីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ អ្នកចាំយាមក៏ប្រាប់ថា អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែមិនមកវិញសោះ 19នោះទ្រង់ក៏ចាត់ម្នាក់ទៀតឲ្យជិះសេះទៅ អ្នកនោះបានទៅដល់គេប្រាប់ថា ស្តេចទ្រង់មានបន្ទូលសួរដូច្នេះថា តើមកដោយមេត្រីឬ តែយេហ៊ូវឆ្លើយតបថា តើឯងត្រូវការអ្វីនឹងសេចក្ដីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ 20ដូច្នេះ អ្នកចាំយាមប្រាប់ថា អ្នកនោះបានទៅដល់គេហើយ តែមិនមកវិញសោះ ឯភាពដែលបររថ នោះមើលទៅដូចជាយេហ៊ូវ ជាកូននីមស៊ី ដ្បិតគេបរមកយ៉ាងលឿនអាក្រក់ណាស់។
21នោះយ៉ូរ៉ាមបង្គាប់ថា ចូររៀបចំឡើង គេក៏ទឹមព្រះរាជរថថ្វាយទ្រង់ រួចយ៉ូរ៉ាម ជាស្តេចអ៊ីស្រាអែល នឹងអ័ហាស៊ីយ៉ា ជាស្តេចយូដា ទ្រង់គង់នៅរថ១រៀងអង្គ ចេញទៅចួបនឹងយេហ៊ូវ បានប្រទះគ្នានៅត្រង់តំបន់របស់ណាបោត ជាអ្នកស្រុកយេសរាល 22កាលយ៉ូរ៉ាមទ្រង់ឃើញយេហ៊ូវ នោះទ្រង់មានបន្ទូលសួរថា យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ លោកឆ្លើយតបថា កំពុងដែលមានសេចក្ដីកំផិត នឹងមន្តអាគមរបស់យេសិបិល ជាមាតាទ្រង់ជាច្រើនម៉្លេះ នោះតើនឹងមានសេចក្ដីមេត្រីឯណាបាន 23ដូច្នេះ យ៉ូរ៉ាមក៏ញាក់បង្ហៀររត់ទៅ ដោយបន្ទូលនឹងអ័ហាស៊ីយ៉ាថា អ័ហាស៊ីយ៉ាអើយ នេះជាការក្បត់ទេ 24យេហ៊ូវក៏យឹតធ្នូពេញកំឡាំង បាញ់ទៅត្រូវទីកណ្តាលខ្នងយ៉ូរ៉ាម ព្រួញក៏ត្រូវត្រង់បេះដូងទ្រង់ ចេញមកខាងក្រៅ ហើយទ្រង់ស្រុតចុះ នៅក្នុងព្រះរាជរថ 25នោះយេហ៊ូវបង្គាប់ទៅប៊ីឌការ ជាមេទ័ពលោកថា ចូរលើកវាបោះចោលទៅក្នុងតំបន់របស់ចំការណាបោត ជាអ្នកស្រុកយេសរាលទៅ ដ្បិតត្រូវឲ្យនឹកចាំពីកាលដែលខ្ញុំ នឹងអ្នកបានជិះសេះទៅតាមអ័ហាប់ជាបិតាវា នោះព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីនេះចំលើរូបវាថា 26ប្រាកដមែន ម្សិលមិញ អញបានឃើញឈាមរបស់ណាបោត នឹងឈាមរបស់កូនប្រុសវា ដូច្នេះ អញនឹងសងឯងនៅក្នុងចំការនេះឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ ចូរលើកវាបោះចោលទៅក្នុងចំការនេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។
27កាលអ័ហាស៊ីយ៉ា ជាស្តេចយូដា បានឃើញការដូច្នោះ នោះទ្រង់ក៏រត់ទៅតាមច្បារ តែយេហ៊ូវដេញតាមដោយបង្គាប់គេថា ចូរវាយសំឡាប់វានៅលើរទេះតែម្តងទៅ ដូច្នេះ គេក៏វាយទ្រង់ត្រង់ផ្លូវឡើងទៅឯគើរ ជិតក្រុងយីបលាម តែទ្រង់រត់ទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ 28ពួកអ្នកបំរើទ្រង់ ក៏ដឹកនាំសពទៅឯក្រុងយេរូសាឡិម បញ្ចុះក្នុងផ្នូររបស់ទ្រង់ នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងក្រុងដាវីឌទៅ។
29ឯអ័ហាស៊ីយ៉ាបានចាប់តាំងសោយរាជ្យលើស្រុកយូដា ក្នុងឆ្នាំទី១១នៃរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់។
30កាលយេហ៊ូវបានទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក 31កាលយេហ៊ូវកំពុងតែចូលតាមទ្វាររបង នោះយេសិបិលស្រែកសួរថា តើមានសេចក្ដីសុខឬអី ស៊ីមរីជាអ្នកសំឡាប់ចៅហ្វាយខ្លួនអើយ 32នោះលោកក៏ងើបមើលទៅឯបង្អួចសួរថា តើអ្នកណាកាន់ខាងអញ តើមានអ្នកណាឬទេ ខណនោះ មានមនុស្សកំរៀវពីរបីនាក់បានអើតមុខមក 33ដូច្នេះ លោកបង្គាប់គេថា ចូរបោះវាចុះមក នោះគេក៏បោះទំលាក់យេសិបិលចុះមក ហើយឈាមខ្លះក៏ខ្ទាតទៅប្រឡាក់នឹងជញ្ជាំង នឹងសេះ រួចលោកឲ្យសេះជាន់ឈ្លី 34កាលលោកបានចូលទៅបរិភោគភោជនាហាររួចហើយ នោះក៏បង្គាប់ថា ចូរទៅមើលស្ត្រីដែលត្រូវបណ្តាសានោះ ហើយកប់វាទៅ ដ្បិតវាជាបុត្រស្តេចដែរ 35គេក៏ទៅដើម្បីនឹងកប់សព តែរកបានតែរលាក្បាល ប្រអប់ជើង នឹងបាតដៃប៉ុណ្ណោះ 36ដូច្នេះ គេត្រឡប់មកវិញ ជំរាបដល់លោក ហើយលោកមានប្រសាសន៍ថា នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់មានបន្ទូល ដោយសារអេលីយ៉ា ជាអ្នកស្រុកធេសប៊ី ជាអ្នកបំរើទ្រង់ថា ឆ្កែនឹងទំពាស៊ីសាច់យេសិបិល នៅតំបន់យេសរាល 37ហើយសពរបស់យេសិបិលនឹងបានជាលាមក នៅលើដី ក្នុងទីតំបន់នៃស្រុកយេសរាល បានជាមិនដែលមានអ្នកណាថា នេះជាសពយេសិបិលនោះឡើយ។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 9: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.