២ ពង្សាវតារក្សត្រ 4:8-37

២ ពង្សាវតារក្សត្រ 4:8-37 ពគប

មាន​កាល​១​ថ្ងៃ​ទៀត អេលី‌សេ​បាន​ដើរ​ទៅ​ឯ​ក្រុង​ស៊ូណែម រីឯ​នៅ​ទី​នោះ​មាន​ស្ត្រី​អ្នក​ធំ​ម្នាក់ នាង​បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ រួច​មក​វេលា​ណា​ដែល​លោក​ទៅ​តាម​ទី​នោះ លោក​តែង‌តែ​ចូល​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​នាង នាង​ក៏​និយាយ​នឹង​ប្ដី​ថា មើល ខ្ញុំ​យល់​ឃើញ​ថា មនុស្ស​ដែល​តែង​ធ្លាប់​មក​ផ្ទះ​យើង ជា​ញយៗ​នេះ លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ សូម​ឲ្យ​យើង​ធ្វើ​បន្ទប់​១​តូច នៅ​លើ​ជញ្ជាំង ព្រម​ទាំង​ដាក់​គ្រែ តុ កៅអី នឹង​ជើង‌ទៀន សំរាប់​លោក​ផង ដូច្នេះ កាល​ណា​លោក​មក​ផ្ទះ​យើង នោះ​នឹង​នៅ​ក្នុង​បន្ទប់​នោះ ក្រោយ​មក មាន​កាល​១​ថ្ងៃ​លោក​ក៏​មក​ដល់ ហើយ​ចូល​ទៅ​សំរាន្ត​ក្នុង​បន្ទប់​នោះ លោក​ប្រាប់​កេហាស៊ី ជា​អ្នក​បំរើ​លោក​ថា ចូរ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក កាល​បាន​ហៅ​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ចំពោះ​លោក រួច​លោក​ប្រាប់​អ្នក​បំរើ​ថា ចូរ​និយាយ​នឹង​នាង​ថា មើល នាង​បាន​ចាត់‌ចែង​គោរព​ដល់​យើង​ជា​ច្រើន​ដល់​ម៉្លេះ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​យើង​សង​គុណ​ដល់​នាង​យ៉ាង​ណា​ខ្លះ តើ​ចង់​ឲ្យ​ខ្ញុំ​ទូល​ដល់​ស្តេច ឬ​ជំរាប​មេ‌ទ័ព​ធំ​ឲ្យ​នាង​ឬ​ទេ តែ​នាង​ឆ្លើយ​តប​ថា នាង​ខ្ញុំ​ចូល​ចិត្ត​នៅ​តែ​កណ្តាល​ពួក​សាសន៍​នាង​ខ្ញុំ​នេះ​ទេ លោក​សួរ​ទៀត​ថា បើ​ដូច្នេះ តើ​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា កេហាស៊ី​ឆ្លើយ​ឡើង​ថា មើល​គាត់​គ្មាន​កូន​ទេ ហើយ​ប្ដី​ក៏​ចាស់​ផង លោក​ប្រាប់​ថា ចូរ​ហៅ​នាង​មក​នេះ កាល​បាន​ហៅ​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ត្រង់​មាត់​ទ្វារ ហើយ​លោក​ប្រាប់​ថា ដល់​កំណត់ ឆ្នាំ​ក្រោយ នោះ​នាង​នឹង​បាន​បី​កូន​ប្រុស​១ តែ​នាង​ឆ្លើយ​ថា ទេ លោក​ម្ចាស់ ជា​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​កុំ​កុហក​ដល់​នាង​ខ្ញុំ​ឡើយ។ ស្ត្រី​នោះ​ក៏​មាន​ទំងន់ ហើយ​ដល់​កំណត់​ឆ្នាំ​ក្រោយ នាង​សំរាល​បាន​កូន​ប្រុស​១ ដូច​ពាក្យ​ដែល​អេលី‌សេ​បាន​ប្រាប់ កាល​កូន​នោះ​បាន​ធំ​ឡើង​ហើយ នោះ​មាន​កាល​១​ថ្ងៃវា​ចេញ​ទៅ​ឯ​ឪពុក ដែល​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ច្រូត នោះ​វា​ត្អូញ​ប្រាប់​ឪពុក​ថា ខ្ញុំ​ឈឺ​ក្បាល ខ្ញុំ​ឈឺ​ក្បាល​ណាស់ ឪពុក​បង្គាប់​ទៅ​អ្នក​បំរើ​ថា ចូរ​បី​វា​យក​ទៅ​ឲ្យ​ម្តាយ​វា​ទៅ អ្នក​នោះ​ក៏​បី​យក​ទៅ​ឲ្យ​ម្តាយ ហើយ​វា​អង្គុយ​លើ​ភ្លៅ​ម្តាយ រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ស្លាប់​ទៅ ម្តាយ​ក៏​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​ដំណេក​នៃ​អ្នក​សំណប់​របស់​ព្រះ ហើយ​បិទ​ទ្វារ​ចេញ​ទៅ រួច​នាង​ស្រែក​ទៅ​ប្ដី​ថា សូម​ចាត់​បំរើ​ម្នាក់ នឹង​លា​១​មក​សិន ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ រួច​វិល​មក​វិញ ប្ដី​តប​ថា ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ​ធ្វើ​អី នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ទេ តែ​នាង​ឆ្លើយ​ថា មិន​អី​ទេ នាង​ក៏​ចង​កែប​លា រួច​បង្គាប់​អ្នក​បំរើ​ថា ចូរ​វាយ​ជំរត់​វា​ទៅ កុំ​បង្អង់​ឡើយ លើក​តែ​អញ​បង្គាប់ គឺ​យ៉ាង​នោះ​ដែល​នាង​ធ្វើ​ដំណើរ​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ នៅ​ត្រង់​ភ្នំ​កើមែល។ កាល​អ្នក​សំណប់​របស់​ព្រះ បាន​ឃើញ​នាង​មក​ពី​ចំងាយ នោះ​លោក​បង្គាប់​ទៅ​កេហាស៊ី ជា​អ្នក​បំរើ​ថា នុ៎ះន៏​ស្ត្រី​ស្រុក​ស៊ូណែម ចូរ​រត់​ទៅ​ទទួល ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ទេ​ឬ តើ​ប្ដី​អ្នក​ជា​ទេ​ឬ ហើយ​កូន​អ្នក​ជា​ទេឬ តែ​នាង​ឆ្លើយ​ថា ជា​ទេ កាល​បាន​មក​ដល់​អ្នក​សំណប់​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នោះ​នាង​ក៏​ចាប់​ជើង​លោក កេហាស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណប់​របស់​ព្រះ​ឃាត់​ថា បណ្តោយ​តាម​នាង​ចុះ ពី​ព្រោះ​នាង​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​នឹង​អញ ឥត​សំដែង​ឲ្យ​អញ​ដឹង​សោះ នោះ​នាង​និយាយ​ឡើង​ថា តើ​នាង​ខ្ញុំ​បាន​សូម​កូន​ពី​លោក​ម្ចាស់​ឬ​ទេ តើ​នាង​ខ្ញុំ​មិន​បាន​សូម​ថា កុំ​បញ្ឆោត​នាង​ខ្ញុំ​ទេ​ឬ​អី នោះ​លោក​បង្គាប់​កេហាស៊ី​ថា ចូរ​ក្រវាត់​ចង្កេះ​កាន់​ដំបង​របស់​អញ​ចេញ​ទៅ បើ​ចួប​នឹង​អ្នក​ណា​តាម​ផ្លូវ កុំ​ឲ្យ​គំនាប់​គេ​ឡើយ បើ​អ្នក​ណា​គំនាប់​ដល់​ឯង ក៏​កុំ​ឲ្យ​គំនាប់​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​អញ​នៅ​លើ​មុខ​កូន​នោះ​ទៅ តែ​ម្តាយ​របស់​កូន​នោះ​និយាយ​ថា នាង​ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា នាង​ខ្ញុំ​មិន​ព្រម​ឃ្លាត​ចេញ​ពី​លោក​ទេ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​តាម​នាង​ទៅ ឯ​កេហាស៊ី​គាត់​ក៏​ទៅ​មុន ហើយ​ដាក់​ដំបង​នៅ​លើ​មុខ​កូន តែ​គ្មាន​ឮ​សំឡេង កូន​ក៏​គ្មាន​ស្តាប់​អ្វី​ដែរ ដូច្នេះ គាត់​វិល​ទៅ​ចួប​នឹង​អេលី‌សេ​វិញ ជំរាប​ថា កូន​មិន​បាន​ភ្ញាក់​ទេ។ កាល​អេលី‌សេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ក៏​ឃើញ​កូន​នោះ​ស្លាប់​នៅ​លើ​ដំណេក​របស់​លោក ដូច្នេះ លោក​ចូល​ទៅ​បិទ​ទ្វារ មាន​តែ​គ្នា​២​នាក់ ហើយ​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា រួច​លោក​ឡើង​ទៅ​ពោប​លើ​កូន​នោះ ដាក់​មាត់​លោក​ទល់​នឹង​មាត់​វា ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​នៅ​លើ​ដៃ​ដែរ ក៏​សន្ធឹង​ខ្លួន​លើ​វា រួច​សាច់​កូន​នោះ​ក៏​ក្តៅ​ឧណ្ហ​ឡើង នោះ​លោក​ក្រោក​ចេញ​ទៅ ដើរ​ចុះ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ឡើង​ទៅ​សន្ធឹង​ខ្លួន​លើ​វា​ទៀត ហើយ​វា​កណ្តាស់​៧​ដង រួច​បើក​ភ្នែក​ឡើង ដូច្នេះ លោក​ហៅ​កេហាស៊ី​មក​បង្គាប់​ថា ចូរ​ទៅ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក គាត់​ក៏​ហៅ កាល​នាង​បាន​ចូល​មក​ដល់​ហើយ នោះ​លោក​ប្រាប់​ថា ចូរ​លើក​បី​កូន​នាង​ឡើង នាង​ក៏​ចូល​ទៅ​ផ្តួល​ខ្លួន ក្រាប​ចុះ​ដល់​ដី នៅ​ទៀប​ជើង​លោក រួច​លើក​កូន​បី​ចេញ​ទៅ។