២ ពង្សាវតារក្សត្រ 3

3
1រីឯ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី ក្នុង​ឆ្នាំ​ទី​១២​នៃ​រាជ្យ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​បាន​១២​ឆ្នាំ 2ទ្រង់​ប្រព្រឹត្ត​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​ព្រះ‌បិតា នឹង​ព្រះ‌មាតា​ទ្រង់​ទេ ដ្បិត​ទ្រង់​បាន​បំបាត់​រូប​ព្រះ‌បាល ដែល​ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ចេញ 3ប៉ុន្តែទ្រង់​នៅ​តែ​កាន់​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត​ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​តាម​ផង​នៅ​ឡើយ ទ្រង់​មិន​បាន​លះ‌បង់​អំពើ​បាប​នោះ​ទេ។
4រីឯ​មេសា ជា​ស្តេច​សាសន៍​ម៉ូអាប់ ទ្រង់​ជា​អ្នក​មាន​ហ្វូង​ចៀម​ច្រើន ហើយ​ទ្រង់​ក៏​ឡើង​សួយ ជា​រោម​របស់​កូន​ចៀម​១​សែន នឹង​រោម​របស់​ចៀម​ឈ្មោល​១​សែន មក​ថ្វាយ​ស្តេច​អ៊ីស្រាអែល 5តែ​កាល​អ័ហាប់​ទ្រង់​សុគត​ទៅ នោះ​ស្តេច​ម៉ូអាប់​បាន​បះ‌បោរ​នឹង​ស្តេច​អ៊ីស្រាអែល 6គ្រា​នោះស្តេច​យ៉ូរ៉ាម​ក៏​ចេញ​ពី​ក្រុង​សាម៉ារី ទៅ​ត្រួត​មើល​ពួក​អ៊ីស្រាអែល​ទាំង​អស់ ហើយ​យាង​នាំ​មុខ​គេ​ទៅ 7ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​យ៉ូសា‌ផាត ជា​ស្តេច​យូដា​ថា ស្តេច​ម៉ូអាប់​បាន​បះ‌បោរ​នឹង​ទូលបង្គំ​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់​ជា​មួយ​នឹង​ទូលបង្គំ​ឬ​ទេ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ទូលបង្គំ​ចង់​ទៅ​ដែរ ទូលបង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​ទូលបង្គំ​ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​ទូលបង្គំ​ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ 8ទ្រង់​ក៏​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ឡើង​ទៅ​តាម​ផ្លូវ​ណា ស្តេច​អ៊ីស្រាអែល​ឆ្លើយ​ថា តាម​ផ្លូវ​កាត់​ទី​រហោ‌ស្ថាន​ស្រុក​អេដំម 9ដូច្នេះ ស្តេច​អ៊ីស្រាអែល ព្រម​ទាំង​ស្តេច​យូដា នឹង​ស្តេច​អេដំម​ក៏​នាំ​គ្នា​ចេញ​ទៅ គេ​ដើរ​ផ្លូវ​វាង​អស់​៧​ថ្ងៃ ឥត​មាន​ទឹក​សំរាប់​ពល‌ទ័ពនឹង​ហ្វូង​សត្វ ដែល​តាម​គេ​ទៅ​នោះ​សោះ 10ដូច្នេះ ស្តេច​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​ថា ស្តាយ​ណាស់ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​យើង​ខ្ញុំ ជា​ស្តេច​ទាំង​៣​អង្គ​នេះ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ម៉ូអាប់​ហើយ 11តែ​យ៉ូសា‌ផាត​មាន​បន្ទូល​សួរ​ថា នៅ​ទី​នេះ តើ​គ្មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ឲ្យ​យើង​បាន​សួរ​ដល់​ព្រះ‌អង្គ​ដោយ‌សារ​អ្នក​នោះ​ទេ​ឬ​អី នោះ​អ្នក​ជំនិត​ម្នាក់​របស់​ស្តេច​អ៊ីស្រាអែល​ក៏​ទូល​ឆ្លើយ​ឡើង​ថា អេលី‌សេ ជា​កូន​សាផាត ដែល​បាន​ចាក់​ទឹក​លាង​ដៃ​អេលីយ៉ា លោក​នៅ​ទី​នេះ​ដែរ 12យ៉ូសា‌ផាត​ក៏​មាន​បន្ទូល​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​នឹង​លោក ដូច្នេះ ស្តេច​អ៊ីស្រាអែល នឹង​យ៉ូសា‌ផាត ហើយ​ស្តេច​អេដំម ទាំង​៣​អង្គ ក៏​យាង​ចុះ​ទៅ​ឯ​លោក។
13ឯ​អេលី‌សេ ក៏​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា តើ​ទ្រង់នឹង​ទូលបង្គំ​ត្រូវ​ការ​អ្វី​នឹង​គ្នា ចូរ​ទៅ​ឯ​ពួក​ហោរ៉ារបស់​ព្រះ‌បិតា នឹង​ព្រះ‌មាតា​ទ្រង់​ចុះ តែ​ស្តេច​អ៊ីស្រាអែល​មាន​បន្ទូល​តប​ថា ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ហៅ​ស្តេច​ទាំង​៣​អង្គ​នេះ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​ម៉ូអាប់​ហើយ 14រួច​អេលី‌សេ​ទូល​ថា ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល​បរិវារ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទូលបង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា បើ​ទូលបង្គំ​មិន​បាន​យល់​ដល់​យ៉ូសា‌ផាត ជា​ស្តេច​យូដា នោះ​ប្រាកដ​ជា​ទូលបង្គំ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ទៅ​ទ្រង់ ឬ​ឃើញ​ទ្រង់​ទេ 15តែ​ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឯ​ទូលបង្គំ រួច​កាល​អ្នក​នោះ​កំពុង​តែ​លេង​ភ្លេង នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​លើ​អេលី‌សេ 16ហើយ​លោក​ទាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ជីក​ប្រឡាយ​ឲ្យ​ពេញ​ក្នុង​ច្រក​ភ្នំ​នេះ​ទៅ 17ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្យល់​បក់ ឬ​ភ្លៀង​ធ្លាក់​ឡើយ តែ​ច្រក​ភ្នំ​នេះ​នឹង​មាន​ទឹក​ពេញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ទឹក​ផឹក ព្រម​ទាំង​ហ្វូង​សត្វ នឹង​សត្វ​ជំនិះ​របស់​ឯង​រាល់​គ្នា​ផង 18ឯ​ការ​នេះ​ក៏​ជា​ការ​យ៉ាង​តូច នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទេ គឺ​ព្រះ‌ទ្រង់​នឹង​ប្រគល់​សាសន៍​ម៉ូអាប់​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ទ្រង់​ទៀត 19ត្រូវ​ឲ្យ​វាយ​អស់​ទាំង​ទី​ក្រុង​មាន​កំផែង នឹង​គ្រប់​ទាំង​ទី​ក្រុង​យ៉ាង​វិសេស ព្រម​ទាំង​កាប់​អស់​ទាំង​ឈើ​ល្អ នឹង​ខ្ទប់​អស់​ទាំង​រន្ធ​ទឹក ហើយ​យក​ដុំ​ថ្ម​ទៅ រាយ​បង្ខូច​អស់​ទាំង​ស្រែ​ចំការ​ល្អៗ 20លុះ​ព្រឹក​ឡើង នៅ​ពេល​ថ្វាយ​ដង្វាយ ក៏​មាន​ទឹក​ហូរ​មក​ពី​ខាង​ស្រុក​អេដំម នោះ​ច្រក​ភ្នំ​ក៏​មាន​ទឹក​ពេញ។
21រីឯ​ពួក​សាសន៍​ម៉ូអាប់ កាល​គេ​បាន​ឮ​ថា ស្តេច​ទាំង​នោះ​បាន​ឡើង​មក ដើម្បី​ច្បាំង​នឹង​ខ្លួន នោះ​ក៏​ប្រមូល​គ្នា គឺ​អស់​អ្នក​ណា​ដែល​មាន​អាយុ​ល្មម នឹង​កាន់​គ្រឿង​សស្ត្រា‌វុធ​បាន រហូត​ឡើង​ទៅ​លើ រួច​ទៅ​ដំរៀប​គ្នា​នៅ​ត្រង់​ព្រំ​ប្រទល់ 22ព្រឹក​ព្រហាម​ថ្ងៃ​នោះ ពួក​ម៉ូអាប់​ក្រោក​ឡើង​ឃើញ​ពន្លឺ​ថ្ងៃ​ចាំង​មក​ពី​លើ​ទឹក ដែល​នៅ​មុខ​គេ​នោះ មើល​ទៅ​ក្រហម​ដូច​ជា​ឈាម 23គេ​ក៏​និយាយ​គ្នា​ថា នោះ​គឺ​ជា​ឈាម​ហើយ ពួក​ស្តេច​នោះ​បាន​ប្រហារ​ជីវិត​គ្នា ប្រាកដ​ជា​បាន​សំឡាប់​គ្នា​នឹង​គ្នា វិនាស​អស់​ហើយ ដូច្នេះ ឱ​ពួក​ម៉ូអាប់​អើយ ចូរ​យើង​ទៅ​រឹប‌ជាន់​ចាប់​យក​របឹប​របស់​គេ​ចុះ 24ដូច្នេះ ក៏​នាំ​គ្នា​ទៅ​ដល់​ទី​បោះ​ទ័ព​នៃ​ពួក​អ៊ីស្រាអែល តែ​ពួក​អ៊ីស្រាអែល​ក្រោក​ឡើង ប្រហារ​ពួក​ម៉ូអាប់​ឲ្យ​គេ​រត់​ទៅ​នៅ​មុខ​ខ្លួន ពួក​អ៊ីស្រាអែល​ក៏​ចេះ​តែ​ដេញ​តាម វាយ​ពួក​ម៉ូអាប់​ទៅ រហូត​ដល់​ក្នុង​ស្រុក​គេ 25ក៏​វាយ​រំលំ​អស់​ទាំង​ទី​ក្រុង ហើយ​យក​ថ្ម​គ្រប់ៗ​គ្នា បោះ​ទៅ​ពេញ​ក្នុង​អស់​ទាំង​ស្រែ​ចំការ​ល្អ ក៏​ខ្ទប់​រន្ឋ​ទឹក​ទាំង​ប៉ុន្មាន ហើយ​កាប់​អស់​ទាំង​ដើម​ឈើ​ដែល​ល្អ​ដែរ មាន​តែ​ក្រុង​គារ-ហារ៉ា‌សែតប៉ុណ្ណោះ​ទេ ដែល​គេ​បាន​ទុក​ថ្ម​ឲ្យ​នៅ​វិញ ប៉ុន្តែពួក​បាញ់​ក្រួស គេ​បាន​ឡោម‌ព័ទ្ធ​វាយ​ទី​ក្រុង​នោះ 26កាល​ស្តេច​ម៉ូអាប់​ឃើញ​ថា ចំបាំង​ជា​ខ្លាំង​ទប់​មិន​បាន នោះ​ទ្រង់​រើស​យក​ទាហាន​៧០០​នាក់ ដែល​កាន់​ដាវ​នាំ​ទៅ​ដោយ​ប្រាថ្នា​នឹង​ទំលាយ​ចូល​ទៅ​ដល់​ស្តេច​អេដំម តែ​ធ្វើ​មិន​កើត​ទេ 27រួច​មក​ទ្រង់​យក​បុត្រា​ច្បង ដែល​ត្រូវ​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទៅ​ថ្វាយ​ជា​ដង្វាយ​ដុត នៅ​លើ​កំផែង​ក្រុង នោះ​ក៏​កើត​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចំពោះ​ពួក​អ៊ីស្រាអែល​ជា​ខ្លាំង ហើយ​គ្រប់​គ្នា​ថយ​ចេញ​ត្រឡប់​ទៅ​ស្រុក​គេ​រៀង​ខ្លួន​វិញ។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវតារក្សត្រ 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល