២ ពង្សាវតារក្សត្រ 11
11
1រីឯអ័ថាលា ព្រះមាតានៃអ័ហាស៊ីយ៉ា កាលបានឃើញថា ព្រះរាជបុត្រាសុគតហើយដូច្នោះ នោះព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្ស នៃស្តេចទាំងប៉ុន្មានទៅ 2តែយ៉ូសេបា ជាបុត្រីស្តេចយ៉ូរ៉ាម ហើយជាកនិដ្ឋារបស់អ័ហាស៊ីយ៉ា នាងបានលួចយកយ៉ូអាស ជាបុត្រារបស់អ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្តេច ដែលត្រូវស្លាប់នោះ ព្រមទាំងមេនំផង ទៅលាក់ទុកក្នុងបន្ទប់ដេក ឲ្យរួចពីអ័ថាលា មិនឲ្យត្រូវស្លាប់ 3បុត្រនោះក៏នៅជាមួយនឹងនាង លាក់ទុកក្នុងព្រះវិហារនៃព្រះយេហូវ៉ាអស់៦ឆ្នាំ ឯព្រះនាងអ័ថាលា បានសោយរាជ្យលើនគរ។
4លុះដល់ឆ្នាំទី៧ នោះយេហូយ៉ាដាក៏ចាត់គេ ឲ្យទៅនាំពួកមេទ័ពពួកនាយ នឹងពួកថ្មើរជើង មកឯលោកនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកក៏តាំងសញ្ញានឹងគេ ហើយឲ្យគេស្បថ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចបង្ហាញឲ្យគេឃើញបុត្រា នៃស្តេចនោះ 5លោកបង្គាប់គេថា ត្រូវឲ្យអ្នករាល់គ្នាធ្វើយ៉ាងនេះ គឺពួកអ្នករាល់គ្នា១ភាគក្នុង៣ ដែលចូលវេននៅថ្ងៃឈប់សំរាក នោះត្រូវត្រួតលើការចាំយាម រក្សានៅមន្ទីររបស់ស្តេច 6ត្រូវឲ្យ១ភាគក្នុង៣ទៀត នៅត្រង់មាត់ទ្វារស៊ើរ ហើយ១ភាគក្នុង៣ទៀត នៅត្រង់ទ្វារខាងក្រោយទីនៃពួកចាំយាម អ្នករាល់គ្នាត្រូវចាំយាមរក្សាព្រះវិហារយ៉ាងនោះ កុំឲ្យអ្នកណាចូលឡើយ 7ឯអ្នករាល់គ្នាទាំង២កង ដែលចេញវេននៅថ្ងៃឈប់សំរាក នោះត្រូវចាំយាមរក្សាព្រះវិហារនៃព្រះយេហូវ៉ា នៅព័ទ្ធជុំវិញស្តេច 8ត្រូវឲ្យអ្នករាល់គ្នាកាន់គ្រឿងសស្រ្តាវុធ នៅដៃរៀងខ្លួនចោមព័ទ្ធស្តេច បើមានអ្នកណាចូលហួសថែវអ្នករាល់គ្នាមក នោះត្រូវសំឡាប់ចេញ ហើយត្រូវឲ្យអ្នករាល់គ្នានៅជាមួយនឹងស្តេច ក្នុងកាលដែលទ្រង់យាងចេញទៅ នឹងចូលមកផង។
9ពួកមេទ័ព គេធ្វើតាមបង្គាប់យេហូយ៉ាដាដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកកងគេរៀងខ្លួន ជាពួកដែលចូលវេននៅថ្ងៃឈប់សំរាក នឹងពួកដែលចេញវេននៅថ្ងៃឈប់សំរាកដែរ មកឯយេហូយ៉ាដាដ៏ជាសង្ឃ 10លោកក៏ចែកលំពែង នឹងខែលរបស់ស្តេចដាវីឌ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដល់ពួកមេទ័ព 11ដូច្នេះ ពួកចាំយាមគេក៏កាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន ឈរនៅព័ទ្ធជុំវិញស្តេច ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតដល់ខាងឆ្វេងតាមក្បែរអាសនាព្រះវិហារ 12នោះលោកនាំព្រះរាជបុត្រានៃស្តេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយទ្រង់ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ដល់ទ្រង់ តាំងឡើងជាស្តេច ហើយចាក់ប្រេងថ្វាយ នោះគេក៏ទះដៃបន្លឺឡើងថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើន។
13កាលព្រះនាងអ័ថាលា បានឮសូរអឺងកងនៃពួកចាំយាម នឹងបណ្តាជនទាំងប៉ុន្មាន នោះព្រះនាងយាងចូលទៅឯគេ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា 14ក៏ទតមើលទៅឃើញស្តេចទ្រង់ប្រថាប់ នៅលើទីថ្កល់ តាមទំនៀម មានទាំងពួកមេទ័ព នឹងពួកផ្លុំត្រែ ឈរនៅជិតផង ពួកបណ្តាជន ជាអ្នកស្រុកនោះទាំងអស់ ក៏រីករាយសប្បាយឡើង ទាំងផ្លុំត្រែផង ដូច្នេះព្រះនាងអ័ថាលាទ្រង់ហែកព្រះពស្រ្តស្រែកឡើងថា នេះជាការក្បត់ ជាការក្បត់ហើយ 15តែយេហូយ៉ាដាដ៏ជាសង្ឃ លោកបង្គាប់ដល់ពួកមេទ័ពដែលត្រួតលើពលទ័ពថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសំឡាប់គេដោយដាវ នោះគឺពីព្រោះសង្ឃបានប្រាប់ថា កុំឲ្យសំឡាប់ព្រះនាងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ 16ដូច្នេះ គេក៏ចៀសបើកផ្លូវឲ្យព្រះនាងយាងចេញ ហើយព្រះនាងយាងចេញទៅតាមផ្លូវសេះ ដែលចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះទៅ។
17រួចមកយេហូយ៉ាដា លោកឲ្យស្តេច នឹងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា ហើយឲ្យស្តេច នឹងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ 18ក្រោយនោះពួកបណ្តាជនទាំងឡាយដែលនៅក្នុងស្រុក គេចូលទៅបំផ្លាញវិហារព្រះបាល បំបាក់បំបែកអស់ទាំងអាសនា ព្រមទាំងរូបព្រះអស់រលីង ក៏សំឡាប់ម៉ាត់ថាន ជាសង្ឃនៃព្រះបាល នៅត្រង់មុខអាសនា រួចយេហូយ៉ាដាដ៏ជាសង្ឃ លោកតាំងឲ្យមានពួកត្រួតត្រា ក្នុងព្រះវិហារនៃព្រះយេហូវ៉ា 19លោកក៏នាំយកពួកមេទ័ព ពួកនាយ នឹងពួកថ្មើរជើង ព្រមទាំងពួកបណ្តាជនទាំងប៉ុន្មាននៅក្នុងស្រុក ទៅដង្ហែស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ចូលទៅក្នុងដំណាក់ហ្លួង តាមផ្លូវទ្វារកំផែង ជាទីរបស់ពួកចាំយាម ហើយទ្រង់ក៏ឡើងគង់លើបល្ល័ង្ករាជ្យ 20ដូច្នេះ ពួកបណ្តាជនទាំងឡាយនៅក្នុងស្រុក គេរីករាយសប្បាយឡើងទាំងអស់គ្នា ហើយទីក្រុងក៏មានសេចក្ដីសុខសាន្តត្រាណ ឯអ័ថាលា គេបានធ្វើគុតព្រះនាងដោយដាវ នៅត្រង់ដំណាក់ស្តេចទៅ។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.