២ របាក្សត្រ 25
25
1ឯអ័ម៉ាស៊ីយ៉ា កាលចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្នុងក្រុងយេរូសាឡិម បាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាយ៉ូអាដាន ជាអ្នកក្រុងយេរូសាឡិម 2ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនមែនដោយព្រះទ័យស្មោះចំពោះទេ 3កាលរាជ្យបានតាំងនៅជាប់ ក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សំឡាប់ពួកបំរើដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ 4តែមិនបានសំឡាប់កូនចៅគេទេ គឺបានធ្វើតាមសេចក្ដីដែលចែងទុកមក ក្នុងគម្ពីរក្រិត្យវិន័យរបស់លោកម៉ូសេវិញ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបញ្ញត្តថា ឪពុកមិនត្រូវស្លាប់ដោយព្រោះកូន ឬកូនដោយព្រោះឪពុកឡើយ គឺគ្រប់គ្នាត្រូវស្លាប់ ដោយព្រោះអំពើបាបរបស់ខ្លួនរៀងខ្លួនវិញ។
5មួយទៀត អ័ម៉ាស៊ីយ៉ាទ្រង់ប្រមូលពួកយូដា ឲ្យមូលគ្នា រួមផ្គុំគេតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើ១ពាន់នាក់ នឹងមេលើ១រយនាក់ គឺទាំងពួកយូដានឹងពួកបេនយ៉ាមីនទាំងអស់ផង ក៏រាប់គេចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឃើញមានមនុស្សជ្រើសរើស៣សែននាក់ ដែលសុទ្ធតែអាចនឹងទៅច្បាំងបាន ហើយចេះកាន់លំពែងនឹងខែលផង 6ទ្រង់ក៏ជួលមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ពីស្រុកអ៊ីស្រាអែល បានចំនួន១សែននាក់ អស់ដំឡៃជាប្រាក់១០០ហាប 7តែមានអ្នកសំណប់របស់ព្រះម្នាក់មកគាល់ទ្រង់ទូលថា បពិត្រព្រះករុណាអើយ កុំបើកឲ្យពលទ័ពរបស់ពួកអ៊ីស្រាអែល ទៅជាមួយនឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មិនគង់នៅ ជាមួយនឹងពួកអ៊ីស្រាអែល គឺនឹងពួកកូនចៅអេប្រាអិមទាំងអំបាលម៉ានទេ 8តែបើទ្រង់នាំគេទៅ នោះស្រេចនឹងព្រះទ័យចុះ ត្រូវខំប្រឹងឲ្យមានកំឡាំងឡើង សំរាប់នឹងច្បាំងទៅ ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំងសត្រូវ ដ្បិតព្រះទ្រង់អាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន 9រួចអ័ម៉ាស៊ីយ៉ាទ្រង់សួរតបទៅអ្នកសំណប់របស់ព្រះថា ចុះចំណែកប្រាក់១០០ហាប ដែលយើងបានប្រគល់ទៅឲ្យពួកទ័ពអ៊ីស្រាអែល នោះដូចម្តេចទៅ អ្នកសំណប់របស់ព្រះទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់អាចនឹងប្រទាន ឲ្យទ្រង់បានជាច្រើនលើសជាងនេះទៅទៀត 10ដូច្នេះ អ័ម៉ាស៊ីយ៉ាក៏ញែកគេចេញពីគ្នា គឺញែកពួកទ័ពដែលមកពីស្រុកអេប្រាអិម ឲ្យគេត្រឡប់ទៅឯផ្ទះវិញ គេក៏កើតមានសេចក្ដីកំហឹងឆួលក្តៅឡើងនឹងពួកយូដា ហើយគេត្រឡប់ទៅវិញ ដោយសេចក្ដីឃោរឃៅជាខ្លាំង 11ឯអ័ម៉ាស៊ីយ៉ាទ្រង់មានព្រះទ័យក្លាឡើង ក៏លើកទ័ពចេញទៅឯច្រកភ្នំអំបិល ប្រហារសំឡាប់ពួកកូនចៅសៀរអស់១ម៉ឺននាក់ 12ហើយ១ម៉ឺនទៀត ពួកកូនចៅយូដា ក៏ចាប់ទាំងរស់ដឹកនាំទៅឯកំពូលថ្មភ្នំ បោះទំលាក់ទៅក្រោមឲ្យបាក់បែកខ្ទេចខ្ទីអស់ទៅ 13តែឯពួកទ័ពដែលអ័ម៉ាស៊ីយ៉ាបានឲ្យទៅវិញ មិនឲ្យទៅច្បាំងជាមួយនោះ គេក៏ចូលទៅវាយទីក្រុងស្រុកយូដាទាំងប៉ុន្មាន ចាប់តាំងពីស្រុកសាម៉ារីរហូតដល់ក្រុងបេត-ហូរ៉ុន ប្រហារសំឡាប់មនុស្សអស់៣ពាន់នាក់ ហើយចាប់យករបឹបបានជាច្រើនដែរ។
14រីឯអ័ម៉ាស៊ីយ៉ា កាលទ្រង់ត្រឡប់មក ពីការប្រហារសំឡាប់ពួកអេដំមវិញ នោះទ្រង់នាំយកអស់ទាំងព្រះរបស់ពួកកូនចៅសៀរមក តាំងឡើងជាព្រះរបស់ទ្រង់ ក៏ក្រាបថ្វាយបង្គំ ហើយដុតកំញានថ្វាយដល់ព្រះទាំងអស់នោះ 15ហេតុនោះសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើង ទាស់នឹងអ័ម៉ាស៊ីយ៉ា ក៏ចាត់ហោរាម្នាក់ឲ្យទៅឯទ្រង់ទូលថា ម្តេចក៏ទ្រង់រកតាមព្រះរបស់សាសន៍នោះ ដែលមិនអាចនឹងជួយពួកគេ ឲ្យរួចពីកណ្តាប់ព្រះហស្តទ្រង់ផងដូច្នេះ 16គ្រាកាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ នោះទ្រង់មានបន្ទូលកាត់ថា តើយើងបានតាំងឯង ឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ ចូរនៅស្ងៀមទៅ ឯងចង់ឲ្យគេប្រហារឯងបង់ធ្វើអី ដូច្នេះ លោកក៏លែងពោល ដោយពាក្យនេះថា ទូលបង្គំដឹងពិតថា ព្រះទ្រង់បានសំរេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ។
17នៅគ្រានោះ អ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ទ្រង់ទទួលព្រមតាមសេចក្ដីប្រឹក្សារបស់គេ ក៏ចាត់សារឲ្យទៅឯយ៉ូអាហាស ដែលជាបុត្រាយេហ៊ូវ ស្តេចពួកអ៊ីស្រាអែលថា ចូរចេញមក យើងមើលមុខគ្នា 18តែយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារទៅឯអ័ម៉ាស៊ីយ៉ា ជាស្តេចយូដាវិញថា ដើមបន្លាដែលដុះនៅលើភ្នំល្បាណូន បានចាត់សារទៅឯដើមតាត្រៅនៅភ្នំល្បាណូនថា ចូរលើកកូនស្រីឯងមក ឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសអញ ក៏មានសត្វព្រៃដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ 19ទ្រង់មានបន្ទូលថា មើល យើងបានវាយឈ្នះពួកសាសន៍អេដំម ហើយព្រះទ័យទ្រង់បានដំកើងទ្រង់ឡើងឲ្យបានអួតខ្លួន ចូរនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿង ដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។
20តែអ័ម៉ាស៊ីយ៉ាទ្រង់មិនព្រមស្តាប់តាមទេ ដ្បិតការនោះកើតមកពីព្រះ ដើម្បីឲ្យទ្រង់បានប្រគល់សាសន៍យូដាទៅក្នុងកណ្តាប់ដៃគេ ដោយព្រោះបានស្វែងរកតាមអស់ទាំងព្រះរបស់សាសន៍អេដំម 21ដូច្នេះ យ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់នឹងអ័ម៉ាស៊ីយ៉ាជាស្តេចយូដា ក៏មើលមុខគ្នា នៅត្រង់ក្រុងបេត-សេមែសជាក្រុងរបស់ពួកយូដា 22ពួកយូដាក៏ចាញ់ពួកអ៊ីស្រាអែល ហើយរត់ទៅឯទីលំនៅគេរៀងខ្លួនវិញ 23ឯយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែសបាន ក៏នាំទៅឯក្រុងយេរូសាឡិម ហើយរំលំកំផែងក្រុងយេរូសាឡិម ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែងអស់៤០០ហត្ថ 24ទ្រង់ក៏យកអស់ទាំងមាស ប្រាក់ នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលឃើញមាន នៅក្រោមអំណាចអូបិឌ-អេដំម ក្នុងព្រះវិហារនៃព្រះ ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។
25ក្រោយដែលយ៉ូអាស ជាបុត្រាយ៉ូអាហាស ស្តេចអ៊ីស្រាអែលបានសុគតហើយ នោះអ័ម៉ាស៊ីយ៉ា ជាបុត្រាយ៉ូអាស ស្តេចយូដា ទ្រង់មានព្រះជន្មរស់នៅបាន១៥ឆ្នាំទៀត 26រីឯដំណើរឯទៀត ពីអ័ម៉ាស៊ីយ៉ា ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចយូដា នឹងអ៊ីស្រាអែលហើយ 27រីឯអ័ម៉ាស៊ីយ៉ា ចាប់តាំងពីវេលាដែលទ្រង់បានបែរចេញ លែងតាមព្រះយេហូវ៉ាទៅ នោះមានគេកើតមានគំនិតគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ទ្រង់ក៏រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅតាម ហើយធ្វើគុតទ្រង់ នៅទីនោះ 28រួចគេនាំយកសពទ្រង់ដាក់លើសេះមកវិញ បញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកឰយុកោទ្រង់ទៅ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 25: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.