២ របាក្សត្រ 23
23
1នៅឆ្នាំទី៧ នោះយេហូយ៉ាដា លោកចំរើនអំណាចឡើង ក៏នាំឲ្យពួកមេទ័ពចុះសញ្ញានឹងលោក គឺអ័សារា ជាកូនយេរ៉ូហាំ អ៊ីសម៉ាអែល ជាកូនយ៉ូហាណាន អ័សារា ជាកូនអូបិឌ ម្អាសេយ៉ា ជាកូនអ័ដាយ៉ា នឹងអេលីសាផាត ជាកូនស៊ីកគ្រី 2គេក៏ដើរទៅមកក្នុងស្រុកយូដា ប្រមូលពួកលេវីពីគ្រប់ទាំងទីក្រុងស្រុកយូដា ព្រមទាំងពួកជាប្រធាន ក្នុងវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល ឲ្យមូលមកឯក្រុងយេរូសាឡិម 3រួចពួកជំនុំទាំងអស់គ្នាក៏ចុះសញ្ញានឹងស្តេច នៅក្នុងព្រះវិហារនៃព្រះ យេហូយ៉ាដាក៏ពោលឡើងថា មើល ត្រូវឲ្យព្រះរាជបុត្រានៃស្តេច បានសោយរាជ្យឡើង ដូចជាព្រះយេហូវ៉ាបានមានបន្ទូលហើយពីដំណើរពួកវង្សាដាវីឌ 4ឯអ្នករាល់គ្នាត្រូវធ្វើយ៉ាងដូច្នេះ ចំណែកពួកសង្ឃ នឹងពួកលេវី ក្នុងពួកអ្នករាល់គ្នាដែលចូលមកនៅថ្ងៃឈប់សំរាក នោះត្រូវឲ្យ១ភាគក្នុង៣ចាំយាមនៅមាត់ទ្វារ 5មួយភាគក្នុង៣ទៀត ត្រូវនៅឯដំណាក់នៃស្តេច ហើយមួយភាគក្នុង៣ទៀត ត្រូវនៅត្រង់ទ្វារជើងជញ្ជាំង ឯបណ្តាជនទាំងឡាយ ត្រូវនៅក្នុងទីលានរបស់ព្រះវិហារនៃព្រះយេហូវ៉ាវិញ 6កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ នឹងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ពីព្រោះគេបរិសុទ្ធទាំងអស់ តែបណ្តាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ 7ត្រូវឲ្យពួកលេវីឈរព័ទ្ធជុំវិញស្តេច ដោយកាន់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា បើមានអ្នកណាចូលមកក្នុងព្រះវិហារ នោះត្រូវសំឡាប់បង់ ត្រូវឲ្យអ្នករាល់គ្នានៅជាប់នឹងស្តេច នៅអស់វេលាដែលទ្រង់យាងចេញចូល។
8ដូច្នេះ ពួកលេវី នឹងពួកយូដាទាំងអស់គ្នា ក៏ធ្វើតាមបង្គាប់យេហូយ៉ាដា ដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកគេរៀងខ្លួន ទាំងពួកដែលត្រូវចូលនៅថ្ងៃឈប់សំរាក នឹងពួកដែលចេញនៅថ្ងៃឈប់សំរាកដែរ ដ្បិតយេហូយ៉ាដា ដ៏ជាសង្ឃ លោកមិនឲ្យពួកវេនណាឈប់ទេ 9លោកប្រគល់លំពែង នឹងខែលធំតូច ជារបស់ស្តេចដាវីឌពីដើម ដែលទុកនៅក្នុងព្រះវិហារនៃព្រះ ដល់ពួកមេទ័ព 10រួចលោកដាក់មនុស្សទាំងអស់ឲ្យឈរព័ទ្ធនៅជុំវិញស្តេច ទាំងកាន់គ្រឿងសស្ត្រាវុធរបស់គេរៀងខ្លួន ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតទៅដល់ខាងឆ្វេង ក្បែរអាសនា នឹងព្រះវិហារ 11នោះគេនាំព្រះរាជបុត្រានៃស្តេចចេញមក បំពាក់មកុដលើទ្រង់ ហើយថ្វាយសេចក្ដីបន្ទាល់ រួចតាំងទ្រង់ឡើងជាស្តេច ឯយេហូយ៉ាដា នឹងពួកកូនលោកក៏ចាក់ប្រេងថ្វាយទ្រង់ ហើយពោលថា សូមឲ្យព្រះរាជាបានប្រកប ដោយសេចក្ដីចំរើនចុះ។
12លុះកាលព្រះនាងអ័ថាលា បានឮសូរអឺងកងពីពួកបណ្តាជន ដែលរត់ទៅមកទាំងសរសើរដល់ស្តេច នោះព្រះនាងក៏យាងចូលទៅឯគេ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា 13ព្រះនាងទតទៅ ឃើញស្តេចទ្រង់ឈរនៅលើទីថ្កល់ត្រង់ផ្លូវចូល ព្រមទាំងពួកមេទ័ព នឹងពួកផ្លុំត្រែនៅអមទ្រង់ ឯពួកអ្នកស្រុកទាំងអស់គ្នា គេមានសេចក្ដីអំណរ ហើយផ្លុំត្រែឡើង ពួកចំរៀងក៏កាន់ប្រដាប់ភ្លេង ហើយនាំមុខគេច្រៀងទំនុកសរសើរ នោះព្រះនាងក៏ហែកព្រះពស្ត្រ ដោយបន្ទូលថា នេះជាការក្បត់ គឺជាការក្បត់ហើយ 14ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកនាំពួកមេ ដែលត្រួតលើកងទ័ពចេញមកប្រាប់ថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសំឡាប់គេចោលចេញ ដ្បិតលោកបានហាមថា កុំឲ្យសំឡាប់ព្រះនាង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ 15ដូច្នេះ គេក៏ចៀសផ្លូវឲ្យព្រះនាងចេញទៅ ហើយព្រះនាងយាងចេញទៅតាមទ្វារ ដែលសេះចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះ។
16រីឯយេហូយ៉ាដា លោកនាំឲ្យខ្លួនលោក នឹងពួកបណ្តាជន ហើយនឹងស្តេចចុះសញ្ញាគ្នាថា នឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា 17បន្ទាប់មក បណ្តាជនទាំងឡាយគេចូលទៅរំលំវិហាររបស់ព្រះបាលអស់ទៅ ហើយបំបាក់បំបែកអស់ទាំងអាសនា នឹងរូបព្រះឲ្យខ្ទេចខ្ទី ក៏សំឡាប់ម៉ាត់ថាន ជាសង្ឃរបស់ព្រះបាល នៅមុខអាសនានោះដែរ 18យេហូយ៉ាដា លោកក៏តាំងឲ្យមានពួកអ្នកថែទាំមើលព្រះវិហារនៃព្រះយេហូវ៉ា នៅក្រោមបង្គាប់នៃពួកលេវីដ៏ជាសង្ឃ ដែលដាវីឌបានដំរូវឲ្យមានដំណែង ក្នុងព្រះវិហារនៃព្រះយេហូវ៉ា សំរាប់នឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា ដូចជាមានសេចក្ដីចែងទុកក្នុងក្រិត្យវិន័យរបស់លោកម៉ូសេ គឺដោយសេចក្ដីរីករាយសប្បាយ ហើយច្រៀងចំរៀង តាមបង្គាប់ដាវីឌ 19លោកក៏ដាក់ពួកឆ្មាំទ្វារ នៅអស់ទាំងទ្វារព្រះវិហារនៃព្រះយេហូវ៉ា ដើម្បីនឹងឃាត់ មិនឲ្យអ្នកណាដែលមិនស្អាតក្នុងការអ្វីមួយ បានចូលទៅឡើយ 20រួចមក លោកប្រមូលពួកមេទ័ព ពួកអ្នកធំ ពួកចៅហ្វាយលើបណ្តាជន នឹងពួកអ្នកស្រុកទាំងអំបាលម៉ានមក ហើយនាំស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ដង្ហែចូលទៅក្នុងព្រះរាជដំណាក់តាមទ្វារខាងលើ លើកដំកល់លើបល្ល័ង្ករាជ្យ 21ដូច្នេះ ពួកអ្នកស្រុកទាំងអស់គ្នា ក៏មានសេចក្ដីរីករាយសប្បាយ ហើយទីក្រុងបានសេចក្ដីសាន្តត្រាណ ឯព្រះនាងអ័ថាលា គេបានធ្វើគុតដោយដាវទៅ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 23: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.