២ របាក្សត្រ 21
21
1ឯយ៉ូសាផាត ទ្រង់ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ គេបញ្ចុះសព នៅជាមួយនឹងពួកឰយុកោទ្រង់ នៅក្នុងក្រុងដាវីឌ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា 2យ៉ូរ៉ាមមានកនិដ្ឋា ជាបុត្រារបស់យ៉ូសាផាត គឺអ័សារា យេហ៊ីអែល សាការី អ័សារា មីកែល នឹងសេផាធា នេះសុទ្ធតែជាបុត្រារបស់យ៉ូសាផាត ស្តេចសាសន៍អ៊ីស្រាអែល 3ព្រះបិតាទ្រង់ក៏ចែករបស់ទ្រព្យជាច្រើន ដល់បុត្រទាំងនោះ គឺប្រាក់ មាស នឹងរបស់មានដំឡៃ ព្រមទាំងទីក្រុងមានបន្ទាយនៅស្រុកយូដាផង តែត្រង់ឯរាជ្យ នោះបានប្រទានដល់យ៉ូរ៉ាមវិញ ពីព្រោះទ្រង់ជាព្រះរាជបុត្រច្បង 4កាលយ៉ូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់ព្រះបិតា ហើយមានអំណាចចំរើនឡើង នោះទ្រង់ក៏សំឡាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួក ដែលជាប្រធាន ក្នុងសាសន៍អ៊ីស្រាអែល ជាច្រើនដែរ 5កាលយ៉ូរ៉ាមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យ នៅក្រុងយេរូសាឡិមបាន៨ឆ្នាំ 6ទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែល គឺបានប្រព្រឹត្តដូចជាវង្សារបស់អ័ហាប់ដែរ ដ្បិតទ្រង់បានយកបុត្រីរបស់អ័ហាប់ ធ្វើជាភរិយា ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា 7ប៉ុន្តែព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងដាវីឌ ហើយដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀង១ដល់ទ្រង់ នឹងពួកកូនចៅទ្រង់ជាដរាបទៅ។
8នៅក្នុងរាជ្យយ៉ូរ៉ាម នោះសាសន៍អេដំមបានបះបោរដកខ្លួនពីអំណាចសាសន៍យូដាចេញ ហើយគេក៏តាំងឲ្យមានស្តេចគ្រប់គ្រងលើខ្លួនវិញ 9នោះទ្រង់យាងឆ្លងទៅឯគេ មានទាំងពួកមេទ័ព នឹងរទេះចំបាំងទាំងប៉ុន្មានរបស់ទ្រង់ផង ទ្រង់ក្រោកឡើងទាំងយប់ ទៅវាយពលទ័ព នឹងពួកមេរទេះចំបាំងរបស់សាសន៍អេដំម ដែលបានមកឡោមព័ទ្ធទ្រង់នោះ 10ប៉ុន្តែសាសន៍អេដំមបានបះបោរ ដកខ្លួនពីអំណាចសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ គ្រានោះ ពួកក្រុងលិបណា ក៏បះបោរដកខ្លួន ពីក្រោមអំណាចទ្រង់ដែរ ពីព្រោះទ្រង់បានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោទ្រង់ 11មួយទៀតទ្រង់ក៏ធ្វើទីខ្ពស់ នៅភ្នំស្រុកយូដាទាំងប៉ុន្មាន ក៏បានបណ្តាលឲ្យពួកក្រុងយេរូសាឡិមផិតព្រះ ព្រមទាំងប្រទាញនាំពួកយូដាឲ្យវង្វេងដែរ។
12នោះមានសំបុត្រមកពីហោរ៉ាអេលីយ៉ាដល់ទ្រង់ថា ព្រះយេហូវ៉ា ជាព្រះនៃដាវីឌ ព្រះបិតាទ្រង់ បានមានបន្ទូលថា ដោយព្រោះទ្រង់មិនបានដើរតាមផ្លូវរបស់យ៉ូសាផាត ជាព្រះបិតាទ្រង់ នឹងផ្លូវរបស់អេសា ជាស្តេចយូដា 13គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្តាលឲ្យពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមផិតព្រះ ដូចជាពួកវង្សរបស់អ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសំឡាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់ព្រះបិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង 14នោះមើល ព្រះយេហូវ៉ាទ្រង់នឹងវាយរាស្ត្រទ្រង់ ដោយសេចក្ដីវេទនាជាខ្លាំងព្រមទាំងពួកបុត្រ នឹងភរិយាទ្រង់ទាំងប៉ុន្មាន ហើយរបស់ទ្រព្យនៃទ្រង់ផង 15ឯទ្រង់ នឹងកើតមានជំងឺក្នុងពោះវៀនជាទំងន់ ឈឺរាល់តែថ្ងៃ ដរាបដល់ពោះវៀនធ្លាក់ចេញមកដោយសារជំងឺនោះ។
16ព្រះយេហូវ៉ាទ្រង់ក៏បណ្តាលចិត្តពួកភីលីស្ទីន នឹងពួកអារ៉ាប់ ដែលនៅជិតសាសន៍អេធីអូពី ឲ្យគេកំរើកឡើងទាស់នឹងយ៉ូរ៉ាមដែរ 17គេឡើងសង្ខុញចូលមកក្នុងស្រុកយូដា ប្លន់យកអស់ទាំងរបស់ទ្រព្យដែលឃើញមានក្នុងព្រះរាជដំណាក់ទៅ ព្រមទាំងនាំយកពួកបុត្រ នឹងភរិយារបស់ទ្រង់ទាំងប៉ុន្មានផង បានជាគ្មានបុត្រណា នៅសល់ដល់ទ្រង់ មានតែអ័ហាស៊ីយ៉ា ជាបុត្រពៅរបស់ទ្រង់ប៉ុណ្ណោះ។
18ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់ប្រហារស្តេចឲ្យមានជំងឺក្នុងពោះវៀន ដែលមើលមិនចេះជាឡើយ 19លុះវេលាកន្លងមកបាន២ឆ្នាំ នោះពោះវៀនទ្រង់ក៏ធ្លាក់ចេញមក ដោយជំងឺនោះ ហើយទ្រង់សុគតទៅ ដោយរោគយ៉ាងអាក្រក់ណាស់ ឯពួករាស្ត្រទ្រង់មិនបានថ្វាយព្រះភ្លើងដល់ទ្រង់ ដូចបានថ្វាយដល់ពួកឰយុកោទ្រង់ទេ 20កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះមានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៨ឆ្នាំ រួចទ្រង់លាចាកលោកទៅ ឥតមានអ្នកណាស្តាយឡើយ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 21: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.