២ របាក្សត្រ 20:20-30

២ របាក្សត្រ 20:20-30 ពគប

ស្អែក​ឡើងគេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ នោះ​យ៉ូសា‌ផាត​ទ្រង់​ឈរ​មាន​បន្ទូល​ថា ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ទ្រង់ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកប ដោយ​សេចក្ដី​ចំរើន រួច​កាល​ទ្រង់​បាន​ពិគ្រោះ​នឹង​បណ្តាជន​ហើយ នោះ​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់‌កល្ប​ជានិច្ច ដូច្នេះ កាល​គេ​ចាប់​តាំង​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ នឹង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់ ដ្បិត​ពួក​កូន​ចៅ​អាំម៉ូន នឹង​ម៉ូអាប់ គេ​លើក​គ្នា​បំផ្លាញ​ពួក​អ្នក​នៅ​ស្រុក​ភ្នំ​សៀរ​អស់​រលីង​ទៅ រួច​កាល​គេ​បាន​បំផ្លាញ​ពួក​នោះ​អស់​ហើយ នោះ​ក៏​ព្រួត​គ្នា​បំផ្លាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។ ដូច្នេះ កាល​ពួក​យូដា​មក​ដល់​ប៉ម​ចាំ​យាម នៅ​ត្រង់​ទី​រហោ‌ស្ថាន នោះ​គេ​ក្រឡេក​មើល​ទៅ​ពួក​ធំ​នោះ ក៏​ឃើញ​គេ​សុទ្ធ​តែ​ជា​ខ្មោច​ដេក‌រដូក​នៅ​ដី គ្មាន​អ្នក​ណា​មួយ​បាន​រួច​ជីវិត​ឡើយ រួច​កាល​យ៉ូសា‌ផាត នឹង​ពល‌ទ័ព​របស់​ទ្រង់​បាន​ទៅ​ដល់ ដើម្បី​យក​របឹប នោះ​ក៏​ឃើញ​មាន​ទាំង​របស់​ទ្រព្យ សំលៀក‌បំពាក់ នឹង​ប្រដាប់​មាន​ដំឡៃ​យ៉ាង​សន្ធឹក ហើយ​នាំ​គ្នា​ដោះ​ចេញ​ទុក​សំរាប់​ខ្លួន លើស​ពី​កំឡាំង​នឹង​យក​ទៅ​បាន មាន​របឹប​ជា​ច្រើន ដល់​ម៉្លេះ​បាន​ជា​គេ​ប្រមូល​យក​អស់​រវាង​៣​ថ្ងៃ​ទើប​ហើយ នៅ​ថ្ងៃ​ទី​៤ គេ​ប្រជុំ​គ្នា នៅ​ច្រក​ភ្នំ​បេរ៉ាកា គឺ​ដោយ​ព្រោះ​នៅ​ទី​នោះ​គេ​បាន​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ បាន​ជា​គេ​ហៅ​ទី​នោះ​ថា ច្រក​ភ្នំ​បេរ៉ាកា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ រួច​មក ពួក​យូដា នឹង​អស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា មាន​ទាំង​យ៉ូសា‌ផាត​យាង​នាំ​មុខ​គេ ក៏​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ​ដោយ​អំណរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ពី​ដំណើរ​ពួក​ខ្មាំង​សត្រូវ​របស់​គេ គេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដោយ​លេង​ពិណ ស៊ុង ហើយ​ផ្លុំ​ត្រែ​ផង កាល​ពួក​នគរ​ដែល​នៅ​អស់​ទាំង​ស្រុក​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​អ៊ីស្រាអែល​ដូច្នោះ នោះ​គេ​ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ព្រះ​ទាំង​អស់​គ្នា ដូច្នេះ នគរ​របស់​យ៉ូសា‌ផាត​បាន​សុខ‌សាន្ត ពី​ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំវិញ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ របាក្សត្រ 20:20-30