២ របាក្សត្រ 15
15
1គ្រានោះ ព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើអ័សារា ជាកូនអូដេឌ 2ហើយលោកចេញទៅទទួលអេសាទូលថា បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា នឹងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយនឹងព្រះយេហូវ៉ា នោះទ្រង់ក៏គង់ជាមួយនឹងអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកទ្រង់ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ 3រីឯនៅគ្រានោះ ពួកអ៊ីស្រាអែលឥតមានព្រះដ៏ជាពិតទេ ក៏គ្មានពួកសង្ឃដែលបង្ហាត់បង្រៀន ហើយគ្មានក្រិត្យវិន័យដែរ នៅអស់កាលជាយូរមកហើយ 4តែកាលកើតមានសេចក្ដីវេទនានោះ ហើយគេបានវិលមកឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ព្រមទាំងស្វែងរកទ្រង់ផង នោះក៏រកទ្រង់ឃើញ 5នៅអស់ទាំងគ្រានោះ គ្មានសេចក្ដីសុខដល់អ្នកណា ដែលចេញចូលទៅឯណាឡើយ គឺមានសុទ្ធតែសេចក្ដីប្រទុសរ៉ាយជាខ្លាំង ដល់អស់អ្នកនៅក្នុងស្រុកទាំងនោះវិញ 6គេត្រូវបាក់បែកខ្ទេចខ្ទីទៅ គឺនគរ១ទាស់នឹងនគរ១ ហើយទីក្រុង១ទាស់នឹងទីក្រុង១ទៀត ពីព្រោះព្រះទ្រង់ធ្វើឲ្យមានសេចក្ដីប្រទុសរ៉ាយដល់គេ ដោយនូវសេចក្ដីទំនាស់គ្រប់យ៉ាង 7តែឯអ្នករាល់គ្នា ចូរខំប្រឹងឡើង កុំឲ្យដៃថយកំឡាំងឡើយ ពីព្រោះការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់។
8លុះកាលអេសាបានឮពាក្យទាំងនោះ គឺជាសេចក្ដីទំនាយរបស់ហោរាអូដេឌហើយ នោះទ្រង់មានព្រះទ័យក្លាហានឡើង ក៏បំបាត់អស់ទាំងរបស់គួរស្អប់ខ្ពើម ពីក្នុងស្រុកយូដា នឹងស្រុកបេនយ៉ាមីនទាំងអស់ចេញ ហើយពីអស់ទាំងទីក្រុង ដែលទ្រង់ចាប់យកបាននៅស្រុកភ្នំអេប្រាអិមដែរ ទ្រង់ក៏រៀបអាសនានៃព្រះយេហូវ៉ា ដែលនៅមុខបាំងសាចព្រះវិហារ នៃព្រះយេហូវ៉ាឡើងជាថ្មីវិញ 9រួចទ្រង់ប្រមូលពួកយូដា នឹងពួកបេនយ៉ាមីន ព្រមទាំងពួកអេប្រាអិម ម៉ាន៉ាសេ នឹងស៊ីម្មាន ដែលនៅជាមួយទាំងប៉ុន្មានឲ្យមូលគ្នា ដ្បិតមានពួកអ៊ីស្រាអែលជាច្រើន បានបាក់ចូលមកខាងទ្រង់ ដោយឃើញថា ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ គង់នៅជាមួយនឹងទ្រង់ពិត 10ដូច្នេះ គេក៏មូលគ្នាមកឯក្រុងយេរូសាឡិម នៅខែជេស្ឋ ឆ្នាំទី១៥ ក្នុងរាជ្យអេសា 11ហើយនៅថ្ងៃនោះឯង គេថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ពីរបឹបដែលបាននាំយកមក គឺគោ៧រយ នឹងចៀម៧ពាន់ 12គេក៏ព្រមព្រៀងគ្នា នឹងតាំងសេចក្ដីសញ្ញា ឲ្យបានខំប្រឹងស្វែងរកតាមព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ អស់ពីចិត្ត អស់ពីព្រលឹង 13ហើយថា អ្នកណាដែលមិនព្រមស្វែងរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះនឹងត្រូវសំឡាប់បង់ ទោះតូច ឬធំ ប្រុស ឬស្រីក្តី 14គេក៏ស្បថដល់ព្រះយេហូវ៉ា ដោយសំឡេងដ៏ខ្លាំង ហើយដោយស្រែកហ៊ោ ព្រមទាំងផ្លុំត្រែ នឹងស្នែងផង 15ពួកយូដាទាំងអស់គ្នាមានសេចក្ដីអំណរ ដោយសេចក្ដីសំបថនោះ ពីព្រោះគេបានស្បថដោយចិត្តស្មោះ ហើយស្វែងរកព្រះយេហូវ៉ា ដោយពេញបំណងចិត្ត ក៏រកទ្រង់ឃើញផង ព្រះយេហូវ៉ាទ្រង់ប្រទានឲ្យគេបានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
16ឯនាងម្អាកា ជាព្រះមាតាស្តេចអេសា ទ្រង់ក៏ដកពីដំណែងជាមាតាហ្លួងចេញ ដោយព្រោះព្រះនាងបានធ្វើរូបគួរស្អប់ខ្ពើមទុកជាព្រះ អេសាទ្រង់ក៏កាប់រំលំរូបនោះកិនកំទេចជាផង់ យកទៅដុតចោល នៅត្រង់ជ្រោះកេដ្រុន 17តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញ ពីស្រុកអ៊ីស្រាអែលទេ ប៉ុន្តែអេសាទ្រង់មានព្រះទ័យស្មោះត្រង់អស់១ព្រះជន្មទ្រង់ 18ទ្រង់ក៏នាំយកអស់ទាំងរបស់ដែលព្រះបិតាទ្រង់បានថ្វាយ នឹងរបស់ដែលអង្គទ្រង់បានថ្វាយផង មកដំកល់ទុក ក្នុងព្រះវិហារនៃព្រះ គឺប្រាក់ មាស នឹងគ្រឿងប្រដាប់ផ្សេងៗ 19តពីនោះមក គ្មានចំបាំងទៀតឡើយ ដរាបដល់ឆ្នាំទី៣៥ក្នុងរាជ្យអេសា។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 15: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.