១ ថែស្សា‌ឡូ‌នីច 4:4-12

១ ថែស្សា‌ឡូ‌នីច 4:4-12 ពគប

ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​និមួយៗ​ចេះ​រក្សា​អត្ត‌ភាព​ខ្លួន ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ប្រសើរ មិន​មែន​ដោយ​សេចក្ដី​រំជួល​ក្នុង​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង‌សឹក​ក្នុង​ការ​ទាំង​នោះ ដូច​ជា​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ផង ដ្បិត​ព្រះ​មិន​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​ទេ គឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​វិញ ដូច្នេះ អ្នក​ណា​ដែល​មិន​ព្រម​ទទួល នោះ​មិន​មែន​បោះ​បង់​ចោល​មនុស្ស ឈ្មោះ​ថា​បោះ​បង់​ចោល​ព្រះ​វិញ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៃ​ទ្រង់​មក​យើង។ រីឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​បង្រៀន ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ អ្នក​រាល់​គ្នា​ក៏​ស្រឡាញ់​ដល់​អស់​ទាំង​ពួក​បង​ប្អូន នៅ​គ្រប់​ក្នុង​ស្រុក​ម៉ាសេដូន​ដែរ តែ​បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ទូន្មាន ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​នោះ កាន់​តែ​ខ្លាំង​ឡើង​ចុះ ហើយ​ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត នឹង​នៅ​ដោយ​ស្រគត់‌ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង​ផង ដូច​ជា​យើង​ខ្ញុំ​បាន​បង្គាប់​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​គួរ​គប្បី ដល់​មនុស្ស​ខាង​ក្រៅ ឥត​ត្រូវ​ការ​អ្វី​ឡើយ។