១ សាំយូ‌អែល 8

8
1លុះ​កាល​សាំយូ‌អែល​ចាស់​ហើយ នោះ​លោក​តាំង​កូន​ឡើង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង លើ​សាសន៍​អ៊ីស្រាអែល​ត​ទៅ 2រីឯ​កូន​ច្បង​របស់​លោក​ឈ្មោះ​យ៉ូអែល ហើយ​កូន​បន្ទាប់​ឈ្មោះ​អ័ប៊ីយ៉ា អ្នក​ទាំង​២​នោះ ជា​អ្នក​វិនិច្ឆ័យ​ការណ៍ នៅ​ត្រង់​បៀរ-សេបា 3តែ​គេ​មិន​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ទេ គឺ​បាន​ងាក​បែរ​ទៅ​រក​កំរៃ​វិញ ទាំង​ស៊ី​សំណូក ហើយ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ចេញ​ផង។
4នៅ​គ្រា​នោះពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​ប្រជុំ​គ្នា​មក​ឯ​សាំយូ‌អែល​ទៅ​ត្រង់​រ៉ាម៉ា 5គេ​ជំរាប​ថា មើល ឥឡូវ​លោក​ចាស់​ហើយ ឯ​ពួក​កូន​លោក គេ​មិន​ប្រព្រឹត្ត​តាម​គន្លង​របស់​លោក​ទេ ដូច្នេះ សូម​លោក​តាំង​ឲ្យ​មាន​ស្តេច​១​អង្គ សំរាប់​នឹង​គ្រប់‌គ្រង​លើ​យើង​រាល់​គ្នា ដូច​ជា​សាសន៍​ឯ​ទៀត​ដែរ 6តែ​ដំណើរ​ដែល​គេ​សូម​ឲ្យ​តាំង​ស្តេច​ឡើង​សំរាប់​គ្រប់‌គ្រង​លើ​គេ នោះ​មិន​គាប់​ចិត្ត​ដល់​សាំយូ‌អែល​ទេ ហើយ​លោក​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា 7ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា ចូរ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ពួក​បណ្តាជន​សូម​ដល់​ឯង​ចុះ ដ្បិត​គេ​មិន​បាន​បោះ‌បង់​ចោល​ឯង​ទេ គឺ​បោះ‌បង់​ចោល​អញ​វិញ ដើម្បី​មិន​ឲ្យ​អញ​ធ្វើ​ជា​ស្តេច​លើ​គេ​ទៀត 8គេ​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​អញ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ គឺ​គេ​បាន​បោះ‌បង់​ចោល​អញ បែរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ 9ដូច្នេះ ចូរ​ឯង​ស្តាប់​តាម​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែត្រូវ​ឲ្យ​ឯង​ប្រកែក​នឹង​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ដែរ ដោយ​ពន្យល់​បង្ហាញ​ដល់​គេ ពី​សណ្ឋាន​ដែល​មាន​ស្តេច​សោយ‌រាជ្យ​លើ​គេ​នោះ​ជា​យ៉ាង​ណា។
10សាំយូ‌អែល​ក៏​ប្រាប់​គ្រប់​ទាំង​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​បណ្តាជន ដែល​បាន​សូម​ឲ្យ​លោក​តាំង​ស្តេច​ឡើង​ឲ្យ​គេ​នោះ 11ដោយ​ពាក្យ​ថា ឯ​សណ្ឋាន​របស់​ស្តេច​ដែល​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​នឹង​បាន​ដូច្នេះ គឺ​ស្តេច​នោះ​នឹង​យក​កូន​ប្រុសៗ​របស់​អ្នក​រាល់​គ្នា ដំរូវ​ទុក​សំរាប់​ទ្រង់ ឲ្យ​នៅ​នឹង​រាជ‌រថ ហើយ​នឹង​ពល​សេះ​របស់​ទ្រង់ គេ​នឹង​ត្រូវ​រត់​នៅ​មុខ​រាជ‌រថ​របស់​ទ្រង់ 12ទ្រង់​នឹង​ដំរូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​១​ពាន់​នាក់ នឹង​ជា​មេ​លើ​៥០​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចំរូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ នឹង​ប្រដាប់​សំរាប់​រាជ‌រថ​ទ្រង់ 13ទ្រង់​នឹង​យក​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​អប់​គ្រឿង​ក្រអូប ជា​អ្នក​ដាំ​បាយ ហើយ​ដុត​នំ 14ទ្រង់​នឹង​យក​ស្រែ​ចំការ នឹង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់ 15ក៏​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ស្រូវ ហើយ​ពី​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រាល់​គ្នា ចែក​ឲ្យ​ដល់​ពួក​អ្នក​បំរើនឹង​ពួក​បាវ​ផង 16ទ្រង់​នឹង​យក​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​កំឡោះ ដែល​ល្អ​បំផុត នឹង​សត្វ​លា​របស់​អ្នក​រាល់​គ្នា ទៅ​ប្រើ​ឲ្យ​ធ្វើ​ការ​របស់​ទ្រង់​វិញ 17ទ្រង់​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ហ្វូង​សត្វ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ខ្ញុំ​កំដរ​របស់​ទ្រង់ 18នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ស្តេច​ដែល​អ្នក​រាល់​គ្នា​នឹង​រើស​នោះ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នោះ​ទេ 19ប៉ុន្តែពួក​បណ្តាជន​មិន​ព្រម​ស្តាប់​តាម​សាំយូ‌អែល​ឡើយ ដោយ​ប្រកែក​ថា ទេ ត្រូវ​តែ​មាន​ស្តេច​លើ​យើង​រាល់​គ្នា​វិញ 20ដើម្បី​ឲ្យ​យើង​បាន​ដូច​សាសន៍​ឯ​ទៀត​ដែរ ហើយ​ឲ្យ​ស្តេច​នៃ​យើង​បាន​គ្រប់‌គ្រង​លើ​យើង ព្រម​ទាំង​នាំ​មុខ​យើង​ចេញ​ទៅ​ច្បាំង​ក្នុង​ចំបាំង​យើង​ផង 21សាំយូ‌អែល​ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ពួក​បណ្តាជន​ទាំង‌ឡាយ រួច​ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា​វិញ 22ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​សាំយូ‌អែល​ថា ចូរ​ស្តាប់​តាម​ពាក្យ​គេ​ចុះ ហើយ​តាំង​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​ឡើង​លើ​គេ​ទៅ នោះ​សាំយូ‌អែល​ក៏​ប្រាប់​ដល់​ពួក​អ៊ីស្រាអែល​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន​ទៅ។

ទើបបានជ្រើសរើសហើយ៖

១ សាំយូ‌អែល 8: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល