១ សាំយូអែល 29
29
1រីឯពួកភីលីស្ទីន គេប្រមូលពួកពលទាំងអស់មកនៅត្រង់អាផែក ហើយពួកអ៊ីស្រាអែល គេបោះទ័ពនៅត្រង់រន្ធទឹកយេសរាល 2ឯពួកមេនៃសាសន៍ភីលីស្ទីនក៏នាំពលទ័ពគេទាំងរយទាំងពាន់ទៅខាងមុខ ហើយដាវីឌ នឹងពួកលោក ក៏នាំគ្នាដើរតាមក្រោយ ទៅជាមួយនឹងអ័គីស 3នោះពួកមេនៃសាសន៍ភីលីស្ទីនសួរថា ពួកសាសន៍ហេព្រើរទាំងនេះមកធ្វើអី រួចអ័គីសឆ្លើយតបថា នេះតើមិនមែនដាវីឌ ជាអ្នកបំរើរបស់សូល ស្តេចសាសន៍អ៊ីស្រាអែល ដែលបាននៅជាមួយនឹងខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬអី ហើយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងគាត់ ចាប់តាំងពីវេលាដែលគាត់មក ដរាបដល់ថ្ងៃនេះ 4តែពួកមេភីលីស្ទីនគេខឹងនឹងទ្រង់ រួចទូលថា ចូរឲ្យមនុស្សនេះទៅវិញទៅ ដើម្បីឲ្យត្រឡប់ទៅឯកន្លែងដែលទ្រង់បានដំរូវឲ្យនៅនោះ កុំឲ្យចុះទៅឯចំបាំងជាមួយនឹងយើងឡើយ ក្រែងលោកំពុងតែច្បាំង នោះវាត្រឡប់ជាទាស់នឹងយើងវិញ ដ្បិតវានឹងបានជាមេត្រីនឹងចៅហ្វាយវាយ៉ាងណាបាន បើមិនមែនដោយសារយកក្បាលនៃមនុស្សទាំងនេះទេ 5តើនេះមិនមែនដាវីឌទេឬអី ជាអ្នកដែលគេបានច្រៀងឆ្លើយគ្នាពីដំណើរវាក្នុងរបាំងគេថា សូលបានសំឡាប់ទាំងពាន់ តែដាវីឌទាំងម៉ឺន។
6នោះអ័គីស ទ្រង់ហៅដាវីឌមកមានបន្ទូលថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយនឹងខ្ញុំ នោះក៏ជាទីពេញចិត្តខ្ញុំណាស់ ដោយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងអ្នកឡើយ ចាប់តាំងពីវេលាដែលអ្នកមកឯខ្ញុំដរាបដល់ថ្ងៃនេះ ប៉ុន្តែពួកមេរបស់យើងគេមិនចូលចិត្តនឹងអ្នកទេ 7ដូច្នេះ សូមអ្នកត្រឡប់វិលទៅវិញដោយសុខសាន្តចុះ ក្រែងនាំឲ្យបង្អាក់ដល់ចិត្តនៃពួកមេសាសន៍ភីលីស្ទីនទាំងប៉ុន្មាន។
8នោះដាវីឌទូលសួរអ័គីសថា តើទូលបង្គំបានធ្វើខុសអ្វីខ្លះ ចាប់តាំងពីទូលបង្គំមកនៅចំពោះទ្រង់ ដរាបដល់ថ្ងៃនេះ នោះតើទ្រង់បានឃើញទូលបង្គំមានទោសយ៉ាងណា បានជាមិនឲ្យទូលបង្គំទៅច្បាំងនឹងពួកខ្មាំងសត្រូវរបស់ស្តេច ជាចៅហ្វាយនៃទូលបង្គំដូច្នេះ 9អ័គីសទ្រង់ឆ្លើយថា ខ្ញុំដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះខ្ញុំ ប្រៀបដូចជាទេវតានៃព្រះផង ប៉ុន្តែពួកមេភីលីស្ទីនគេបានសំរេចថា មិនត្រូវឲ្យអ្នកឡើងទៅឯចំបាំងជាមួយនឹងយើងឡើយ 10ហេតុនោះចូរឲ្យអ្នកក្រោកឡើងពីព្រលឹម ព្រមទាំងពួកបំរើរបស់ចៅហ្វាយអ្នកដែលមកជាមួយគ្នា លុះបានក្រោកឡើងពីព្រលឹមស្រាងដូច្នេះ ហើយមានពន្លឺល្មម នោះសូមចេញទៅចុះ 11ដូច្នេះដាវីឌនឹងពួកលោកក៏ក្រោកឡើងពីព្រលឹម ដើម្បីកាលណាភ្លឺស្រាងឡើង នោះឲ្យបានវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញ តែឯពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅឯយេសរាលទៅ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 29: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.