១ សាំយូ‌អែល 26

26
1គ្រា​នោះ ពួក​ស្រុក​ស៊ីភគេ​មក​ឯ​សូល​នៅ ត្រង់​គីបៀរ​ទូល​ថា ដាវីឌ​កំពុង​តែ​ពួន​នៅ​ក្នុង​ភ្នំ​ហាគីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​ទី​រហោ‌ស្ថាន 2នោះ​សូល​ទ្រង់​ក៏​រៀបចំ​យាង​ចុះ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ស៊ីភ នាំ​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រាអែល​៣​ពាន់​នាក់ ដើម្បី​នឹង​រក​ដាវីឌ ក្នុង​ទី​រហោ‌ស្ថាន​នោះ 3ទ្រង់​បោះ​ទ័ព​ក្បែរ​ផ្លូវ នៅ​លើ​ភ្នំ​ហាគីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​ទី​រហោ‌ស្ថាន ឯ​ដាវីឌ លោក​អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឯង ក៏​ឮ​ថា សូល​តាម​លោក​មក​ដូច្នោះ 4នោះ​លោក​ចាត់​គេ​ឲ្យ​ទៅ​ឈ្លប‌លប​មើល ក៏​ដឹង​ពិត​ថា សូល​បាន​យាង​មក​ហើយ 5ដូច្នេះ ដាវីឌ​រៀបចំ​ចេញ​ទៅ​ឯ​កន្លែង ដែល​សូល​បាន​បោះ​ទ័ព​នោះ លោក​ក៏​ឃើញ​កន្លែង​ដែល​សូល នឹង​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ទ្រង់​បាន​ដេក​នៅ ឯ​សូល​ទ្រង់​ផ្ទំ​នៅ​កណ្តាល​វង់​ទី​បោះ​ទ័ព ហើយ​បណ្តា​ទ័ព គេ​ដេក​នៅ​ព័ទ្ធ​ជុំវិញ។
6នោះ​ដាវីឌ​សួរ​ទៅ​អ័ហ៊ី‌ម៉ា‌លេក ជា​សាសន៍​ហេត នឹង​អ័ប៊ី‌សាយ​ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ថា តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ឯ​សូល​ក្នុង​ទី​បោះ​ទ័ព​ជា​មួយ​នឹង​ខ្ញុំ អ័ប៊ី‌សាយ​ឆ្លើយ​ថា ខ្ញុំ​នេះ​នឹង​ចុះ​ទៅ 7ដូច្នេះ ដាវីឌ នឹង​អ័ប៊ី‌សាយ​ក៏​ចូល​ទៅ​ក្នុង​បណ្តា​ទ័ព​ទាំង​យប់ ឃើញ​សូល​កំពុង​ផ្ទំ​លក់​នៅ​ក្នុង​វង់​ទី​បោះ​ទ័ព មាន​លំពែង​របស់​ទ្រង់​ដោត​នៅ​ដី​ត្រង់​ក្បាល​ដំណេក ឯ​អ័ប៊ី‌នើរ នឹង​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន គេ​ដេកនៅ​ព័ទ្ធ​ជុំវិញ​ទ្រង់ 8នោះ​អ័ប៊ី‌សាយ​ជំរាប​ដាវីឌ​ថា នៅ​ថ្ងៃ​នេះ ព្រះ‌ទ្រង់​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​លោក​ហើយ ដូច្នេះ សូម​បើក​ឲ្យ​ខ្ញុំ​ចាក់​នឹង​លំពែង​ឲ្យ​ធ្លុះ​ដល់​ដី​តែ​១​ដង​ទៅ ដើម្បី​កុំ​ឲ្យ​អំពល់​ទៅ​មុខ​ទៀត 9តែ​ដាវីឌ​ឃាត់​ថា កុំ​ឲ្យ​បំផ្លាញ​ជីវិត​ទ្រង់​ឡើយ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​លូក​ដៃ ទៅ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ហើយ​ឥត​មាន​ទោស​បាន​ឬ​ទេ 10ដាវីឌ​ក៏​និយាយ​ទៀត​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចំបាំង​ណា​មួយ​ជា​មិន​ខាន 11សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ឃាត់ កុំ​ឲ្យ​ខ្ញុំ​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ឡើង ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ នឹង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​វិល​ទៅ​វិញ​ចុះ 12យ៉ាង​នោះដាវីឌ​ក៏​យក​លំពែងនឹង​ក្អម​ទឹក​ពី​ត្រង់​ក្បាល​ដំណេក​របស់​សូល​ចេញ​បាត់​ទៅ ឥត​មាន​អ្នក​ណា​ឃើញ ឬ​ដឹង​ឡើយ ក៏​គ្មាន​អ្នក​ណា​ភ្ញាក់​ផង ដោយ​គ្រប់​គ្នា​កំពុង​តែ​ដេក​លក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​លក់​ស៊ប់។
13ដាវីឌ​ក៏​ត្រឡប់​ទៅ​ឯ​ខាង​ខ្លួន​វិញ ហើយ​ឈរ​លើ​កំពូល​ភ្នំ​ពី​ចំងាយ មាន​ប្រឡោះ​ធំ​នៅ​ជា​កណ្តាល 14រួច​ស្រែក​ដាស់​ពួក​បណ្តា​ទ័ព នឹង​អ័ប៊ី‌នើរ ជា​កូន​នើរ​ថា នែ អ័ប៊ី‌នើរ​មិន​ឆ្លើយ​ទេ​ឬ នោះ​អ័ប៊ី‌នើរ​ឆ្លើយ​ឡើង​ថា តើ​អ្នក​ណា​ដែល​ស្រែក​ហៅ​ស្តេច​នោះ 15ដាវីឌ​ឆ្លើយ​តប​ទៅ​អ័ប៊ី‌នើរ​ថា តើ​ឯង​មិន​មែន​ជា​មនុស្ស​ទេ​ឬ​អី តើ​មាន​អ្នក​ឯ​ណា ក្នុង​បណ្តា​សាសន៍​អ៊ីស្រាអែល ឲ្យ​ដូច​ជា​ឯង​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​រក្សា​ស្តេច ជា​ចៅហ្វាយ​នៃ​ឯង ដ្បិត​មាន​មនុស្ស​ម្នាក់​បាន​ចូល​មក ចង់​បំផ្លាញ​ស្តេច ជា​ចៅហ្វាយ​នៃ​ឯង​ចោល 16ឯង​ធ្វើ​យ៉ាង​ដូច្នេះ​មិន​ល្អ​ទេ អញ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ឯង​គួរ​ស្លាប់​ហើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​រក្សា​ចៅហ្វាយ​របស់​ខ្លួន ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ឥឡូវ​នេះ ចូរ​ឯង​មើល​លំពែង​របស់​ស្តេច នឹង​ក្អម​ទឹក ដែល​បាន​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ នោះ​តើ​នៅ​ឯ​ណា។
17រីឯ​សូល ទ្រង់​បាន​ស្គាល់​សំឡេង​ដាវីឌ ហើយ​ក៏​សួរ​ថា ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ​អើយ នេះ​ជា​សំឡេង​ទូលបង្គំ​មែន​ហើយ 18រួច​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ ដេញ​តាម​ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់​ដូច្នេះ តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី ឬ​មាន​ទោស​យ៉ាង​ណា 19ដូច្នេះ សូម​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ ទ្រង់​ព្រះ‌សណ្តាប់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់​បន្តិច បើ​សិន​ជា​គឺ​ព្រះ‌យេហូវ៉ា ដែល​ញុះ‌ញង់​ព្រះ‌ករុណា​ឲ្យ​ទាស់​នឹង​ទូលបង្គំ នោះ​សូម​ឲ្យ​ទ្រង់​ទទួល​ដង្វាយ​១​ចុះ តែ​បើ​គឺ​ជា​ពួក​មនុស្ស​ជាតិ​វិញ នោះ​សូម​ឲ្យ​គេ​ត្រូវ​បណ្តាសា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​នៅ​ថ្ងៃ​នេះ គេ​បាន​បណ្តេញ​ទូលបង្គំ មិន​ឲ្យ​មាន​ចំណែក​ក្នុង​មរដក​ផង​ព្រះ‌យេហូវ៉ា​ទេ ដោយ​ថា ចូរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ចុះ 20ដូច្នេះ សូម​កុំ​ឲ្យ​ឈាម​ទូលបង្គំ​បាន​ស្រក់​ចុះ​ទៅ​ដី ឃ្លាត​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ចេញ​មក ដើម្បី​រក​តែ​ចៃ​ទេ ដូច​ជា​កាល​គេ​ដេញ​តាម​ក្រួច​នៅ​លើ​ភ្នំ​ដែរ។
21នោះ​សូល​មាន​បន្ទូល​ថា អញ​បាន​ធ្វើ​បាប ហើយ​ដាវីឌ កូន​អើយ ចូរ​មក​វិញ​ចុះ អញ​លែង​ធ្វើ​បាប​ឯង​ហើយ ពី​ព្រោះ​នៅ​ថ្ងៃ​នេះ ជីវិត​អញ​បាន​ថ្លៃ​វិសេស នៅ​ភ្នែក​ឯង មើល អញ​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​ចំកួត ហើយ​ធ្វើ​ខុស​ជា​ខ្លាំង​ណាស់ 22ដាវីឌ​ទូល​ឆ្លើយ​ថា មើល​នែ នេះ​លំពែង​របស់​ទ្រង់ សូម​ឲ្យ​ពួក​ទ្រង់​ម្នាក់​មក​យក​ទៅ​វិញ​ចុះ 23ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​សេចក្ដី​សុចរិត នឹង​សេចក្ដី​ស្មោះ‌ត្រង់​របស់​គេ​រៀង​ខ្លួន ពី​ព្រោះ​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ព្រះ‌ករុណា មក​ក្នុង​កណ្តាប់​ដៃ​ទូលបង្គំ​ហើយ តែ​ទូលបង្គំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ 24ហើយ​ដែល​ព្រះ‌ជន្ម​នៃ​ព្រះ‌ករុណា បាន​ថ្លៃ​វិសេស​នៅ​ភ្នែក​ទូលបង្គំ នៅ​ថ្ងៃ​នេះ​យ៉ាង​ណា នោះ​សូម​ឲ្យ​ជីវិត​ទូលបង្គំ​បាន​ថ្លៃ​វិសេស​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ដែរ ហើយ​សូម​ទ្រង់​មេត្តា​ប្រោស ឲ្យ​ទូលបង្គំ​រួច​ចាក​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ផង 25នោះ​សូល​មាន​បន្ទូល​ថា ដាវីឌ​កូន​អើយ សូម​ព្រះ‌ទ្រង់​ប្រទាន​ពរ​ដល់​ឯង​ចុះ ឯង​នឹង​បាន​ធ្វើ​ការ​យ៉ាង​ពូកែ ហើយ​មាន​ជ័យ‌ជំនះ​ផង រួច​ដាវីឌ​ក៏​ចេញ​បាត់​ទៅ ហើយ​សូល​ទ្រង់​ត្រឡប់​វិល​ទៅ​ឯ​កន្លែង​របស់​ទ្រង់​វិញ។

ទើបបានជ្រើសរើសហើយ៖

១ សាំយូ‌អែល 26: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល