១ សាំយូ‌អែល 15:1-23

១ សាំយូ‌អែល 15:1-23 ពគប

គ្រា​នោះ សាំយូ‌អែល​ទូល​ទៅ​សូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ទូលបង្គំ​មក ឲ្យ​ចាក់​ប្រេង​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ដូច្នេះ សូម​ទ្រង់​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹក​ចាំ​ពី​ការ ដែល​ពួក​អាម៉ា‌លេក ធ្វើ​ដល់​ពួក​អ៊ីស្រាអែល​ហើយ គឺ​ពី​ការ​ដែល​គេ​បាន​ឈរ​រាំង​ផ្លូវ ក្នុង​កាល​ដែល​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដូច្នេះចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ា‌លេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​សំឡាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម នឹង​អូដ្ឋ ហើយ​នឹង​លា​ដែរ។ ដូច្នេះ សូល​ទ្រង់​ក៏​កេណ្ឌ​ប្រមូល​បណ្តាជន ហើយ​គណនា​រាប់​គេ​នៅ​ត្រង់​ថេលែម ឃើញ​មាន​ពល​ថ្មើរ​ជើង​ចំនួន​២​សែន​នាក់ នឹង​ពួក​យូដា​១​ម៉ឺន​នាក់​ទៀត រួច​សូល​ទ្រង់​ក៏​នាំ​ទៅ​ឯ​ទី​ក្រុង​របស់​ពួក​អាម៉ា‌លេក ហើយ​បង្កប់​ពល​នៅ​វាល​ច្រក​ភ្នំ ទ្រង់​ប្រាប់​ដល់​ពួក​សាសន៍​កែន​ថា ចូរ​អ្នក​រាល់​គ្នា​ថយ​ចុះ​ចេញ​ពី​កណ្តាល​ពួក​អាម៉ា‌លេក​ទៅ ក្រែង​ត្រូវ​ស្លាប់​ជា​មួយ​នឹង​គេ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​បាន​សំដែង​សេចក្ដី​សប្បុរស ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក្នុង​កាល​ដែល​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ពួក​សាសន៍​កែន​ក៏​ថយ​ចេញ​ពី​កណ្តាល​ពួក​អាម៉ា‌លេក​ទៅ រួច​សូល​ទ្រង់​វាយ​ពួក​អាម៉ា‌លេក​នោះ ចាប់​តាំង​ពី​ហាវីឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ទល់​មុខ​នឹង​ស្រុក​អេស៊ីព្ទ ក៏​ចាប់​បាន​អ័កាក់ ជា​ស្តេច​សាសន៍​អាម៉ា‌លេក មក​ទាំង​រស់ តែ​កាប់​រំលីង​ពួក​ជន​ដោយ​មុខ​ដាវ ឯ​អ័កាក់​នោះ សូល នឹង​ពួក​ទ័ព បាន​ទុក​ឲ្យ​នៅ​វិញ ព្រម​ទាំង​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ នឹង​សត្វ​ដែល​ធាត់ៗ ហើយ​កូន​ចៀម នឹង​របស់​ដែល​ល្អ​ទាំង​ប៉ុន្មាន​ផង គេ​មិន​ព្រម​បំផ្លាញ​ឲ្យ​អស់​រលីង​ទេ តែ​ឯ​សត្វ​ណា​ដែល​ស្គម‌ស្គាំង​មាន​ដំឡៃ​តិច នោះ​គេ​បាន​បំផ្លាញ​ចេញ​ទាំង​អស់​វិញ។ ខណនោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​សាំយូ‌អែល​ថា អញ​ស្តាយ​ណាស់​ដែល​បាន​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច ដ្បិត​បាន​ងាក​បែរ​ចេញ​លែង​តាម​អញ​ហើយ ក៏​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​អញ​សោះ នោះ​សាំយូ‌អែល​ក៏​ក្តៅ​ចិត្ត ហើយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អស់​ពេញ​១​យប់ រួច​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​នឹង​ទៅ​ជួប​នឹង​សូល​ក្នុង​ព្រឹក​នោះ មាន​គេ​ជំរាប​សាំយូ‌អែល​ថា សូល​ទ្រង់​បាន​យាង​មក​ដល់​កើមែល​ហើយ មើល ទ្រង់​បាន​ដំឡើង​គោល ជា​គ្រឿង​ចំណាំ​ទុក រួច​យាង​វិល​ចុះ​ទៅ​ឯ​គីល‌កាល​វិញ ដូច្នេះសាំយូ‌អែល​ក៏​ទៅ​ឯ​ទ្រង់ ទ្រង់​ទទួល​ដោយ​បន្ទូល​ថា សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​ពរ​ពី​ព្រះ‌យេហូវ៉ា ខ្ញុំ​បាន​ធ្វើ​សំរេច តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ តែ​សាំយូ‌អែល​ទូល​ឆ្លើយ​ថា ចុះ​ដូច​ម្តេច​បាន​ជា​ឮ​សូរ‌សព្ទ​ចៀម ហើយ​នឹង​គោ​រោទ៍​នៅ​ត្រចៀក​ទូលបង្គំ​ដូច្នេះ សូល​ទ្រង់​ឆ្លើយ​ថា គេ​បាន​នាំ​សត្វ​ទាំង​នោះ​ពី​សាសន៍​អាម៉ា‌លេក​មក ដ្បិត​ពួក​ទ័ព​បាន​ទុក​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ សំរាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ក្រៅ​អំពី​នោះ​យើង​បាន​បំផ្លាញ​អស់​រលីង​ហើយ នោះ​សាំយូ‌អែល​ទូល​ថា ឈប់​សិន ទូលបង្គំ​នឹង​ទូល​ទ្រង់​ពី​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​មក​ទូលបង្គំ​ពី​យប់​មិញ​នេះ ទ្រង់​ក៏​ឆ្លើយ​ថា ដូច្នេះសូម​មាន​ប្រសាសន៍​ចុះ។ សាំយូ‌អែល​ក៏​ទូល​ថា ក្នុង​កាល​ដែល​ទ្រង់​នៅ​ថោក​ទាប​ដល់​ព្រះ‌នេត្រ​នៃ​អង្គ​ទ្រង់ នោះ​តើ​ព្រះ​មិន​បាន​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​មេ​លើ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ទេ​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​អ៊ីស្រាអែល​ហើយ ព្រះ‌យេហូវ៉ា​ក៏​បាន​ចាត់​ទ្រង់​ឲ្យ​ទៅ​ដោយ​ថា ចូរ​ទៅ​ចុះ ចូរ​ទៅ​បំផ្លាញ​សាសន៍​អាម៉ា‌លេក​កំបាប​នោះ​ឲ្យ​អស់​រលីង​ទៅ ត្រូវ​ឲ្យ​ច្បាំង​នឹង​គេ​ដរាប​ដល់​វិនាស​បាត់​ទាំង​អស់​ចេញ ដូច្នេះហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​សោះ គឺ​បាន​ស្ទុះ​ទៅ​ចាប់​យក​របឹប ហើយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​វិញ តែ​សូល​ទ្រង់​ឆ្លើយ​ប្រកែក​ថា ខ្ញុំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា​ហើយ គឺ​បាន​ដើរ​តាម​ផ្លូវ​ដែល​ទ្រង់​ចាត់​ខ្ញុំ​នោះ មើល ខ្ញុំ​បាន​នាំ​ទាំង​អ័កាក់ ជា​ស្តេច​នៃ​សាសន៍​អាម៉ា‌លេក​មក​ផង ឯ​ពួក​សាសន៍​អាម៉ា‌លេក​ទាំង​ប៉ុន្មាន នោះ​បាន​បំផ្លាញ​អស់​រលីង​ហើយ ប៉ុន្តែពួក​ទ័ព​បាន​ចាប់​យក​របឹប ជា​ចៀម នឹង​គោ​ដែល​ជា​សំខាន់ៗ​ក្នុង​របស់​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បំផ្លាញ​នោះ​មក ដើម្បី​នឹង​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​នៅ​ត្រង់​គីល‌កាល សាំយូ‌អែល​ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ទ្រង់​ឬ​អី មើល ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់​នៃ​ចៀម​ឈ្មោល​ទៅ​ទៀត ឯ​សេចក្ដី​រឹង‌ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​ការ​មន្ត‌វិជ្ជា​ដែរ ហើយ​សេចក្ដី​ចចេស​សោត ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ ហើយ​នឹង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត ដោយ​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល លែង​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ។