ហើយដែលគាត់ឡើងទៅរាល់តែឆ្នាំដូច្នោះ នោះពេនីណាក៏តែងតែរុកកួននាងកំពុងដែលធ្វើដំណើរ ឡើងទៅឯដំណាក់នៃព្រះយេហូវ៉ា បានជាហាណា នាងយំ ហើយមិនបរិភោគទេ នោះអែលកាណាជាប្ដីសួរថា ហាណាអើយ ហេតុអ្វីបានជានាងយំ ហើយមិនបរិភោគដូច្នេះ ម្តេចក៏នាងកើតទុក្ខ តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុស១០នាក់ទេឬអី។ ដូច្នេះ ក្រោយដែលគេបានបរិភោគនៅត្រង់ស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង រីឯអេលីដ៏ជាសង្ឃ លោកកំពុងនៅលើទីអង្គុយរបស់លោក ជិតសសរទ្វារនៃព្រះវិហារព្រះយេហូវ៉ា ខណនោះ នាងមានសេចក្ដីជូរល្វីងក្នុងចិត្តណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ាទាំងយំអណ្តឺតអណ្តក រួចនាងបន់ថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់១ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ។ គ្រាកំពុងដែលនាងនៅអធិស្ឋាន ចំពោះព្រះយេហូវ៉ានៅឡើយ នោះអេលីក៏ចំណាំមើលមាត់នាង ឯហាណា នាងនឹកតែក្នុងពោះ មានបបូរមាត់ផ្អូចៗ តែឥតឮសំឡេងនាងឡើយ បានជាអេលីស្មានថាជានាងស្រវឹងហើយ ទើបសួរថា តើនាងនៅតែស្រវឹងដល់កាលណាទៀត ចូរលះចោលស្រាពីខ្លួននាងចេញទៅ តែហាណាឆ្លើយតបថា ទេ ព្រះគុណម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំងទេ ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ សូមកុំរាប់ខ្ញុំជាអ្នកបំរើលោក ទុកជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបានចេញវាចា ដរាបដល់ឥឡូវនេះ នោះកើតតែពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ នឹងការរុកកួនដ៏ហួសកំណោះប៉ុណ្ណោះទេ នោះអេលីឆ្លើយថា ដូច្នេះសូមអញ្ជើញទៅ ប្រកបដោយសេចក្ដីសុខចុះ សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រោសឲ្យបានសំរេចដល់នាង តាមសេចក្ដីដែលបានសូមពីទ្រង់ចុះ រួចនាងសូមថា ដូច្នេះសូមឲ្យខ្ញុំ ជាអ្នកបំរើលោក បានប្រកបដោយគុណនៃលោកម្ចាស់ផង នោះនាងក៏បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជន៍វិញ។ លុះព្រលឹមស្រាងឡើង គេក៏នាំគ្នាទៅថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ ឯអែលកាណា ក៏ស្គាល់ហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាទ្រង់នឹកចាំពីនាង លុះដល់នាងហាណាមានទំងន់គ្រប់ខែហើយ នោះក៏សំរាលបានកូនប្រុស១ នាងឲ្យឈ្មោះថាសាំយូអែល ដោយថា អញបានសូមវាពីព្រះយេហូវ៉ាមក។
អាន ១ សាំយូអែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 1:7-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ