១ ពង្សាវតារក្សត្រ 22
22
1ក្នុងរវាង៣ឆ្នាំនោះ សាសន៍ស៊ីរី នឹងសាសន៍អ៊ីស្រាអែល ឥតមានចំបាំងនឹងគ្នាឡើយ 2តែដល់ឆ្នាំទី៣ នោះយ៉ូសាផាត ជាស្តេចយូដា ទ្រង់យាងចុះមកគាល់ស្តេចអ៊ីស្រាអែល 3ហើយស្តេចអ៊ីស្រាអែលទ្រង់មានបន្ទូលនឹងពួកជំនិតទ្រង់ថា អ្នករាល់គ្នាដឹងហើយថា ក្រុងរ៉ាម៉ូត-កាឡាតជារបស់ផងយើង ចុះហេតុអ្វីបានជាយើងនៅតែស្ងៀម ឥតទៅចាប់យកពីកណ្តាប់ដៃស្តេចស៊ីរីមកវិញដូច្នេះ 4រួចទ្រង់ទូលសួរយ៉ូសាផាតថា តើទ្រង់នឹងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងទូលបង្គំឬទេ យ៉ូសាផាតទូលឆ្លើយថា ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្ររបស់ទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះរបស់ទូលបង្គំទាំងប៉ុន្មាន ក៏ដូចជាសេះរបស់ទ្រង់ដែរ។
5តែយ៉ូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន 6ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជា៤០០នាក់មកសួរថា តើត្រូវឲ្យយើងចេញទៅ ច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រគល់គេ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ 7តែយ៉ូសាផាតសួរថា នៅទីនេះ តើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរគាត់ដែរទេឬ 8ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់វិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានបន្ទូលដូច្នោះឡើយ 9នោះស្តេចអ៊ីស្រាអែល ទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកនេះជាឆាប់ៗ 10ឯស្តេចអ៊ីស្រាអែល នឹងយ៉ូសាផាត ជាស្តេចស្រុកយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លា នៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយនៅចំពោះទ្រង់ 11ឯសេដេគា ជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ព្រះករុណានឹងជល់ពួកស៊ីរីដោយស្នែងនេះ ដរាបដល់វិនាសសូន្យទៅ 12ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡាត ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
13រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា មើល ពួកហោរាទាំងអស់ សុទ្ធតែទាយល្អដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះដែរ ដោយពោលតែសេចក្ដីល្អចុះ 14តែមីកាយ៉ាឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះយេហូវ៉ាមានបន្ទូលមកខ្ញុំ នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះ 15រួចកាលបានចូលទៅគាល់ស្តេចហើយ នោះទ្រង់មានបន្ទូលសួរថា មីកាយ៉ាអើយ តើត្រូវឲ្យយើងទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គាត់ទូលឡកថា សូមយាងទៅ ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ 16ដូច្នេះ ស្តេចទ្រង់មានបន្ទូលថា អញបានស្តីឯងប៉ុន្មានដងហើយ ឲ្យនិយាយតែសេចក្ដីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា 17គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលត្រូវខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ដោយសេចក្ដីសុខចុះ 18ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា តើទូលបង្គំមិនបានទូលទ្រង់ទេឬអី ថាវាមិនដែលទាយល្អពីទូលបង្គំទេ គឺទាយតែអាក្រក់ប៉ុណ្ណោះ 19នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គ ទាំងខាងស្តាំ នឹងខាងឆ្វេង 20ហើយព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា តើអ្នកណានឹងទៅបបួលអ័ហាប់ ឲ្យឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ 21រួចមានវិញ្ញាណ១ចេញមកឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ 22ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា នឹងធ្វើយ៉ាងណាទៅ វិញ្ញាណនោះទូលថា ទូលបង្គំនឹងចេញទៅធ្វើជាវិញ្ញាណភូតកុហក នៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសំរេចបាន 23ដូច្នេះ មើល ឥឡូវនេះព្រះយេហូវ៉ាទ្រង់ដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាបានមានបន្ទូលពីសេចក្ដីអន្តរាយ ដែលនឹងកើតដល់ព្រះករុណាវិញ។
24លំដាប់នោះសេដេគាជាកូនក្នាណា ក៏ចូលទៅទះកំផ្លៀងមីកាយ៉ាសួរថា ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានចេញពីអញ ទៅមានបន្ទូលនឹងឯងតាមណា 25មីកាយ៉ាឆ្លើយថា ចាំមើល នៅថ្ងៃនោះឯងនឹងបានឃើញ ក្នុងកាលដែលឯងរត់ទៅពួននៅក្នុងបន្ទប់ខាងក្នុង 26ស្តេចអ៊ីស្រាអែលទ្រង់បង្គាប់ថា ចូរនាំយកមីកាហ៉ាត្រឡប់ទៅឯអាំម៉ូន ជាចៅហ្វាយទីក្រុង នឹងយ៉ូអាស ជាព្រះរាជបុត្រទៅ 27ហើយបង្គាប់ថា ស្តេចទ្រង់មានបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ដរាបដល់អញមកវិញដោយសុខសាន្ត 28នោះមីកាយ៉ាទូលថា បើសិនជាទ្រង់ដែលយាងមកវិញ ដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានបន្ទូល ដោយសារទូលបង្គំទេ រួចគាត់ថែមពាក្យនេះថា ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ។
29ដូច្នេះ ស្តេចអ៊ីស្រាអែលនឹងយ៉ូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត 30ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ 31រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចំបាំងទ្រង់ទាំង៣២នាក់ថា កុំឲ្យតនឹងអ្នកណា ទោះតូចឬធំក្តី ចូរតតែនឹងស្តេចអ៊ីស្រាអែល១ប៉ុណ្ណោះ 32ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញយ៉ូសាផាត គេក៏បែរទៅបំរុងតនឹងទ្រង់ ដោយស្មានថា នេះប្រាកដជាស្តេចអ៊ីស្រាអែលហើយ តែយ៉ូសាផាតទ្រង់ស្រែកឡើង 33កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ 34តែមានមនុស្សម្នាក់យឹតធ្នូ បាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះទ្រង់ ដូច្នេះ ទ្រង់មានបន្ទូលបង្គាប់ ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថ នាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់ 35នៅថ្ងៃនោះ ចំបាំងក៏កាន់តែខ្លាំងឡើង តែគេគ្រាហ៍គាំស្តេចនៅក្នុងព្រះរាជរថ ដើម្បីតស៊ូនឹងពួកស៊ីរី លុះដល់ពេលល្ងាចទ្រង់សុគតទៅ ហើយឈាមពីរបួសនោះក៏ហូរទៅក្នុងបាតព្រះរាជរថ 36រួចដល់ពេលថ្ងៃលិច នោះក៏មានឮសំរែក នៅពេញក្នុងពួកទ័ពថា ចូរគ្រប់គ្នាត្រឡប់ទៅឯទីក្រុង នឹងស្រុករបស់ខ្លួនវិញទៅ។
37គឺយ៉ាងនោះដែលស្តេចទ្រង់សុគត ហើយគេក៏នាំសពទ្រង់មកវិញ បញ្ចុះនៅក្នុងក្រុងសាម៉ារី 38គេលាងព្រះរាជរថនៅត្រង់ស្រះទឹកនៃក្រុងសាម៉ារី ហើយមានឆ្កែលិទ្ធឈាម (រីឯនៅទីនោះពួកស្រីសំផឹងតែងងូតទឹក) តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលទុក 39ឯដំណើរឯទៀតពីអ័ហាប់ នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ព្រមទាំងដំណាក់ភ្លុកដែលទ្រង់បានធ្វើ នឹងអស់ទាំងទីក្រុងដែលទ្រង់បានសង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ 40គឺយ៉ាងនោះ ដែលអ័ហាប់បានផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
41រីឯនៅឆ្នាំទី៤ ក្នុងរាជ្យអ័ហាប់ ស្តេចអ៊ីស្រាអែល នោះយ៉ូសាផាត ជាកូនអេសា ក៏ចាប់តាំងសោយរាជ្យឡើងលើស្រុកយូដា 42កាលយ៉ូសាផាតចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ស៊ូបា បុត្រីស៊ីលហ៊ី 43ទ្រង់ក៏ដើរតាមគ្រប់ទាំងផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ គឺបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ពួកបណ្តាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ 44យ៉ូសាផាតទ្រង់ក៏បានចងស្ពានមេត្រីនឹងស្តេចអ៊ីស្រាអែលដែរ។
45រីឯដំណើរឯទៀតពីយ៉ូសាផាត នឹងអំណាចដែលទ្រង់បានសំដែង ហើយពីការសង្គ្រាមរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ 46ឯសំណល់ពួកកូនជឹង ដែលនៅសល់ ពីក្នុងរាជ្យអេសា ជាព្រះបិតា នោះទ្រង់ក៏បណ្តេញគេចេញពីស្រុកទៅ 47គ្រានោះ នៅស្រុកអេដំមគ្មានស្តេចទេ មានតែអ្នកដំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ 48យ៉ូសាផាតក៏បានធ្វើក្រុមនាវាតើស៊ីស ដើម្បីនឹងទៅយកមាសពីស្រុកអូភារមក តែនាវាទាំងនោះមិនបានចេញទៅទេ ពីព្រោះត្រូវបាក់បែកទាំងអស់ នៅត្រង់ក្រុងអេស៊ាន-គេប៊ើរវិញ 49គ្រានោះ អ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ក៏ទូលដល់យ៉ូសាផាតថា សូមឲ្យពួកបំរើទូលបង្គំ បានចុះនាវាទៅជាមួយនឹងពួកបំរើទ្រង់ផង តែយ៉ូសាផាតទ្រង់មិនព្រមទេ 50រួចមកយ៉ូសាផាតក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងក្រុងរបស់ដាវីឌ ជាឰយុកោ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
51ឯអ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យនៅក្រុងសាម៉ារី លើពួកអ៊ីស្រាអែល ក្នុងឆ្នាំទី១៧នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបាន២ឆ្នាំ 52ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ដើរតាមផ្លូវរបស់ព្រះបិតា នឹងព្រះមាតាទ្រង់ ហើយតាមផ្លូវរបស់យេរ៉ូបោម ជាកូននេបាត ដែលបានបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះដែរ 53ទ្រង់បានគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះបាល ជាការដែលនាំឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានសេចក្ដីក្រោធ ដូចជាព្រះបិតាបានធ្វើដែរ។:៚
ទើបបានជ្រើសរើសហើយ៖
១ ពង្សាវតារក្សត្រ 22: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.