១ ពង្សាវតារក្សត្រ 20

20
1គ្រា​នោះ បេន-ហា‌ដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រជុំ​ពួក​ពល‌ទ័ព​របស់​ទ្រង់​មក មាន​ស្តេច​រង​៣២​អង្គ​នៅ​ជា​មួយ​នឹង​ទ្រង់ ព្រម​ទាំង​សេះ នឹង​រទេះ​ចំបាំង​ផង ទ្រង់​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី 2ក៏​ចាត់​រាជ‌ទូត​ទៅ​ក្នុង​ទី​ក្រុង ទូល​ដល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រាអែល​ថា បេន-ហា‌ដាឌ់​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា 3មាស​ប្រាក់​របស់​ឯង​ជា​របស់​ផង​អញ​វិញ ហើយ​ប្រពន្ធ​កូន​ទាំង​ប៉ុន្មាន​របស់​ឯង ដែល​មាន​រូប​ល្អ​បំផុត នោះ​សុទ្ធ​តែ​របស់​ផង​អញ​ដែរ 4ស្តេច​អ៊ីស្រាអែល​ក៏​តប​ទៅ​ថា បពិត្រ​ស្តេច​ជា​ម្ចាស់​អើយ តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​ខ្លួន​ទូលបង្គំ ព្រម​ទាំង​សព្វ​សារពើ​ដែល​ទូលបង្គំ​មាន ក៏​ជា​របស់​ផង​ទ្រង់​ដែរ 5រួច​ពួក​រាជ‌ទូត​ក៏​មក​ម្តង​ទៀត ទូល​ថា បេន-ហា‌ដាឌ់​ទ្រង់​មាន​បន្ទូល​ម្តង​ហើយ​ថា អញ​បាន​ចាត់​ទូត​ឲ្យ​មកឯ​ឯង​ប្រាប់​ថា ត្រូវ​ឲ្យ​ឯង​ប្រគល់​មាស ប្រាក់ នឹង​ប្រពន្ធ​កូន​ឯង​មក​អញ 6តែ​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​នេះ នោះ​អញ​នឹង​ចាត់​ពួក​អញ​ឲ្យ​មក​ឯ​ឯង គេ​នឹង​ឆែក​មើល​ក្នុង​ដំណាក់​ឯង ហើយ​ក្នុង​ផ្ទះ​ពួក​បំរើ​ឯង ឯ​របស់​ណា​ដែល​ជា​ទី​គាប់​ភ្នែក​ឯង នោះ​គេ​នឹង​ចាប់​កាន់​នៅ​ដៃ​យក​ទៅ។
7ដូច្នេះ ស្តេច​អ៊ីស្រាអែល​ក៏​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ស្រុក​មក មាន​បន្ទូល​ថា សូម​អ្នក​រាល់​គ្នា​ពិចារណា​មើល ដែល​មនុស្ស​នេះ​រក​រឿង​ហេតុ​នឹង​យើង​ជា​យ៉ាង​ណា ដ្បិត​វា​បាន​ចាត់​ទូត ឲ្យ​មក​ទារ​យក​ប្រពន្ធ​កូន នឹង​មាស​ប្រាក់​របស់​យើង​ទៅ យើង​ក៏​ឥត​មាន​ប្រកែក​ឡើយ 8នោះ​ពួក​ចាស់‌ទុំនឹង​ប្រជា‌ជន​ទាំង‌ឡាយ​ទូល​ឆ្លើយ​ឡើង​ថា សូម​ទ្រង់​កុំ​ស្តាប់ ឬ​ព្រម​តាម​គេ​ឡើយ 9ហេតុ​ដូច្នេះទ្រង់​ឆ្លើយ​ប្រាប់​ទៅ​ពួក​រាជ‌ទូត​របស់​បេន-ហា‌ដាឌ់​ថា ចូរ​ទៅ​ទូល​ស្តេច​ជា​ម្ចាស់​យើង​ថា គ្រប់​ទាំង​សេចក្ដី ដែល​ទ្រង់​បាន​ចាត់​មក​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើ​ជាន់​មុន នោះ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ហើយ តែ​សេចក្ដី​ក្រោយ​នេះ​ខ្ញុំ​មិន​អាច​នឹង​ធ្វើ​បាន​ទេ ពួក​រាជ‌ទូត​ក៏​នាំ​ពាក្យ​នោះ​ទៅ​ទូល​ដល់​បេន-ហា‌ដាឌ់​វិញ 10ដូច្នេះ ទ្រង់​ចាត់​គេ​ឲ្យ​មក​ទូល​ថា បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​១​កំបង់​ដៃ ដល់​ពួក​អ្នក​ដែល​តាម​អញ​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​អញ​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង 11រួច​ស្តេច​អ៊ីស្រាអែល​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​បេន-ហាឌាឌ់​វិញ​ថា កុំ​បី​ឲ្យ​អ្នក​ដែល​កំពុង​តែ​ពាក់​គ្រឿង​ក្រោះ​អួត​អាង​ខ្លួន ដូច​ជា​អ្នក​ដែល​ដោះ​គ្រឿង​ចេញ​នោះ​ឡើយ 12បេន-ហាឌាឌ់​បាន​ឮ​ពាក្យ​នោះ ក្នុង​វេលា​កំពុង​ដែល​សោយ​ស្រា​នៅ​ក្នុង​ពន្លា ជា​មួយ​នឹង​ពួក​ស្តេច​រង នោះ​ទ្រង់​ប្រាប់​ដល់​ពួក​ពល‌ទ័ព​ទ្រង់​ថា ចូរ​រៀបចំ​ឡើង គេ​ក៏​ដំរៀប​គ្នា​រៀប​ច្បាំង​នឹង​ទី​ក្រុង។
13ខណ​នោះ មាន​ហោរា​ម្នាក់​ចូល​ទៅ​គាល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រាអែល ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា តើ​ឃើញ​ហ្វូង​ទ័ព​ធំ​នេះ​ឬ​ទេ មើល នៅ​ថ្ងៃ​នេះ អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត 14អ័ហាប់​មាន​បន្ទូល​សួរ​ថា តើ​ដោយ‌សារ​អ្នក​ណា រួច​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​ដោយ‌សារ​ពួក​ទ័ព​របស់​ចៅហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ស្តេច​ក៏​សួរ​ទៀត​ថា តើ​អ្នក​ណា​ត្រូវ​នាំ​ទៅ​បះ​នឹង​គេ​ជា​មុន គាត់​ទូល​ឆ្លើយ​ថា គឺ​ជា​ទ្រង់​ព្រះ‌ករុណា 15ដូច្នេះ ស្តេច​ក៏​ចេញ​ទៅ ត្រួត​មើល​ពួក​ទ័ព​របស់​ចៅហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ឃើញ​មាន​គ្នា​២៣២​នាក់ បន្ទាប់​មក ស្តេច​ក៏​ត្រួត​មើល​បណ្តាជន ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ឃើញ​មាន​៧​ពាន់​នាក់។
16គេ​ក៏​ចេញ​ទៅ​នៅ​ពេល​ថ្ងៃ​ត្រង់ ឯ​បេន-ហាឌាឌ់ នឹង​ពួក​ស្តេច​រង​ទាំង​៣២​អង្គ ដែល​មក​ជួយ​ទ្រង់ គេ​កំពុង​តែ​សោយ​ស្រា​ស្រវឹង នៅ​ក្នុង​ពន្លា 17ហើយ​ពួក​ពល‌ទ័ព​របស់​ចៅហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន​ក៏​នាំ​មុខ​ចេញ​ទៅ បេន-ហា‌ដាឌ់​ក៏​ចាត់​ម្នាក់​ឲ្យ​ទៅ​ក្រៅ​មើល អ្នក​នោះ​មក​ទូល​ដល់​ទ្រង់​វិញ​ថា មាន​ពួក​មនុស្ស​ចេញ​ពី​ក្រុង​សាម៉ារី​មក​ហើយ 18នោះ​ទ្រង់​បង្គាប់​ថា ទោះ​បើ​គេ​ចេញ​មក​ដោយ​មេត្រី ឬ​ដោយ​ចង់​ធ្វើ​សង្គ្រាម​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​គេ​មក​ទាំង​រស់​ដែរ 19យ៉ាង​នោះ​ពួក​ទ័ព​របស់​ចៅហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន នឹង​កង‌ទ័ព​ដែល​ទៅ​តាម​ក្រោយ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ 20គ្រប់​គ្នា​ក៏​សំឡាប់​ខ្មាំង​សត្រូវ​ដែល​ត​នឹង​ខ្លួន ដូច្នេះ ពួក​ស៊ីរី​គេ​បែក‌ខ្ញែក​រត់​ទៅ ហើយ​ពួក​អ៊ីស្រាអែល​ក៏​ដេញ​តាម​ឯ​បេន-ហាឌាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ជិះ​សេះ​រត់​រួច​ជា​មួយ​នឹង​ពួក​ទ័ព​សេះ 21នេះ​គឺ​ស្តេច​អ៊ីស្រាអែល ទ្រង់​ចេញ​ទៅ​វាយ​ទាំង​ពួក​ទ័ព​សេះ នឹង​រទេះ​ចំបាំង ប្រហារ​ជីវិត​ពួក​ស៊ីរី​យ៉ាង​សន្ធឹក។
22រួច​មក ហោរា​នោះ​ក៏​ចូល​ទៅ​ឯ​ស្តេច​អ៊ីស្រាអែល​ទូល​ថា សូម​ទ្រង់​ទៅ​ចំរើន​កំឡាំង​ឡើង ហើយ​ខំ​ប្រឹង​មើល​ការ​ដែល​ទ្រង់​ធ្វើ ដ្បិត​ដល់​ចូល​ឆ្នាំ​ថ្មី ស្តេច​ស៊ីរី​នឹង​ឡើង​មក​ច្បាំង​នឹង​ទ្រង់​ទៀត 23ឯ​ពួក​ជំនិត​ខាង​ស្តេច​ស៊ីរី​គេ​ទូល​ស្តេច​របស់​ខ្លួន​ថា ព្រះ​របស់​គេ​ជា​ព្រះ​នៃ​ភ្នំ បាន​ជា​ម្តង​នេះ​គេ​ពូកែ​ជាង​យើង​រាល់​គ្នា ដូច្នេះសូម​យើង​រាល់​គ្នា​ត​នឹង​គេ​នៅ​ស្រុក​វាល​ចុះ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​ពូកែ​ជាង​គេ​វិញ 24ហើយ​ត្រូវ​ធ្វើ​ដូច្នេះ គឺ​ត្រូវ​ដក​ពួក​ស្តេច​ទាំង​ប៉ុន្មាន​ពី​ចំណែក​របស់​ទ្រង់​ចេញ ហើយ​តាំង​ឲ្យ​មាន​មេ‌ទ័ព​ឡើង​ជំនួស​វិញ 25រួច​សូម​លើក​ពល‌ទ័ព​ឲ្យ​ស្មើ​នឹង​ពល‌ទ័ព​ដែល​ទើប​នឹង​បាត់​នោះ គឺ​ចំនួន​សេះ​ស្មើ​គ្នា នឹង​ចំនួន​រទេះ​ក៏​ស្មើ​គ្នា នោះ​យើង​រាល់​គ្នា​នឹង​ច្បាំង​នឹង​គេ​នៅ​ស្រុក​វាល ប្រាកដ​ជា​យើង​នឹង​មាន​កំឡាំង​ជាង​គេ ទ្រង់​ក៏​យល់​ព្រម​តាម​ពាក្យ​គេ ហើយ​បាន​ធ្វើ​ដូច្នោះ។
26លុះ​ដល់​ចូល​ឆ្នាំ​ថ្មី បេន-ហា‌ដាឌ់​ក៏​ត្រួត​មើល​ពួក​ទ័ព​ស៊ីរី ហើយ​ឡើង​ទៅ​ដល់​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល 27ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​មាន​គេ​ត្រួត‌ត្រា​មើល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ​ដែរ រួច​គេ​ចេញ​ទៅ​ទាស់​នឹង​ពួក​ស៊ីរី ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បោះ​ទ័ព​ទល់​មុខ​នឹង​ពួក​ស៊ីរី ដូច​ជា​កូន​ពពែ​២​ហ្វូង​យ៉ាង​តូច តែ​ពួក​ស៊ីរី គេ​នៅ​ពេញ‌ពាស ក្នុង​ស្រុក​នោះ 28គ្រា​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់ បាន​ចូល​មក​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ពួក​ស៊ីរី​បាន​និយាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​នៃ​ភ្នំ មិន​មែន​ជា​ព្រះ​នៃ​ស្រុក​វាល​ទេ បាន​ជា​អញ​នឹង​ប្រគល់​ហ្វូង​ទ័ព​ធំ​ទាំង​នេះ មក​ក្នុង​កណ្តាប់​ដៃ​ឯង ហើយ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត 29គេ​ក៏​បោះ​ទ័ព​ប្រទល់​មុខ​គ្នា​អស់​៧​ថ្ងៃ ដល់​ថ្ងៃ​ទី​៧ នោះ​គេ​ចូល​ត‌យុទ្ធ​គ្នា ក្នុង​១​ថ្ងៃ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​សំឡាប់​ពួក​ពល​ថ្មើរ​ជើង​របស់​សាសន៍​ស៊ីរីអស់​១​សែន​នាក់ 30ឯ​សំណល់​ដែល​សល់​នៅ គេ​បាន​រត់​ចូល​ទៅ​ក្នុង​ក្រុង​អាផែក ហើយ​កំផែង​ក្រុង​នោះ​ក៏​រលំ​មក សង្កត់​ស្លាប់​អស់​២​ម៉ឺន​៧​ពាន់​នាក់​ទៀត ឯ​បេន-ហាឌាឌ់​ទ្រង់​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង។
31ពួក​ជំនិត​ទ្រង់​ទូល​ថា យើង​ខ្ញុំ​បាន​ឮ​ថា អស់​ទាំង​ស្តេច​នៃ​ពួក​អ៊ីស្រាអែល សុទ្ធ​តែ​ជា​ស្តេច​មាន​សេចក្ដី​មេត្តា‌ករុណា ដូច្នេះ សូម​យើង​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ហើយ​ដាក់​ខ្សែ‌រូត​នៅ​ក ចេញ​ទៅ​គាល់​ស្តេច​អ៊ីស្រាអែល ប្រហែល​ទ្រង់​នឹង​ទុក​ជីវិត​ដល់​ព្រះ‌ករុណា​ទេ​ដឹង 32ដូច្នេះ គេ​ក៏​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ដាក់​ខ្សែ‌រូត​នៅ​ក ចេញ​ទៅ​គាល់​ស្តេច​អ៊ីស្រាអែល​ទូល​ថា បេន-ហាឌាឌ់ ជា​អ្នក​បំរើ​ទ្រង់​ទូល​ថា សូម​ទុក​ជីវិត​ឲ្យ​ទូលបង្គំ​នៅ​រស់​ផង ស្តេច​អ៊ីស្រាអែល​ទ្រង់​សួរ​ថា ដូច្នេះតើ​លោក​នៅ​រស់​នៅ​ឡើយ​ឬ លោក​ជា​បង​ប្អូន​នឹង​យើង​ដែរ 33អ្នក​ទាំង​នោះ​បាន​យក​ពាក្យ​នោះ​ទុក​ជា​ផ្នូល​ល្អ ក៏​ទូល​តប​ភ្លាម​ថា ហ្នឹង​ហើយ​បង​ប្អូន​ទ្រង់ រួច​ទ្រង់​ប្រាប់​គេ​ថា ចូរ​ទៅ​នាំ​លោក​មក ដូច្នេះ បេន-ហាឌាឌ់​ក៏​ចេញ​មក​គាល់​ទ្រង់ ហើយ​ទ្រង់​ឲ្យ​ឡើង​ជិះ​លើ​រាជ‌រថ​ជា​មួយ​នឹង​ទ្រង់ 34នោះ​បេន-ហា‌ដាឌ់​ទូល​ទ្រង់​ថា អស់​ទាំង​ទី​ក្រុង​ដែល​ព្រះ‌បិតា​ទូលបង្គំ​បាន​រឹប​យក​ពី​ព្រះ‌បិតា​ទ្រង់ នោះ​ទូលបង្គំ​នឹង​ប្រគល់​ថ្វាយ​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​ធ្វើ​ថ្នល់​សំរាប់​ទ្រង់​នៅ​ក្រុង​ដាម៉ាស​បាន ដូច​ជា​ព្រះ‌បិតា​ទូលបង្គំ​បាន​ធ្វើ​នៅ​ក្រុង​សាម៉ារី​ដែរ អ័ហាប់​មាន​បន្ទូល​ឆ្លើយ​ថា ឯ​ខ្ញុំៗ​នឹង​ឲ្យ​លោក​ទៅ​វិញ ដោយ​សេចក្ដី​សញ្ញា​នេះ ដូច្នេះ ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គ្នា រួច​លែង​ឲ្យ​ទៅ​វិញ។
35បន្ទាប់​មក មាន​ម្នាក់​ជា​សិស្ស​ពួក​ហោរា គាត់​និយាយ​ទៅ​គូ‌កន ដោយ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ថា សូម​ឲ្យ​វាយ​ខ្ញុំ​ចុះ តែ​អ្នក​នោះ​មិន​ព្រម​វាយ​ទេ 36គាត់​ក៏​ប្រាប់​ថា ដោយ​ព្រោះ​អ្នក​មិន​បាន​ស្តាប់ តាមព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​មើល កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នឹង​មាន​សិង្ហ​មក​សំឡាប់​អ្នក ដូច្នេះ កាល​អ្នក​នោះ​បាន​ចេញ​ពី​គាត់​ទៅ ក៏​មាន​សិង្ហ​១​មក​ប្រទះ ហើយ​សំឡាប់​ទៅ 37រួច​គាត់​ជួប​នឹង​ម្នាក់​ទៀត ប្រាប់​ថា សូម​ឲ្យ​អ្នក​វាយ​ខ្ញុំ​ចុះ អ្នក​នោះ​ក៏​វាយ​គាត់​ឲ្យ​មាន​របួស 38នោះ​ហោរា​ក៏​ក្លែង​ខ្លួន ដោយ​យក​សំពត់​ឈ្នួត​មក​បិទ​ភ្នែក រួច​ទៅ​នៅ​ចាំ​ស្តេច​យាង​មក​តាម​ផ្លូវ 39កាល​ស្តេច​ទ្រង់​យាង​មក​តាម​ផ្លូវ នោះ​គាត់​ស្រែក​ឡើង​ទូល​ថា ទូលបង្គំ​បាន​ចេញ​ទៅ​ឯ​កណ្តាល​ទី​ចំបាំង ហើយ​មើល មាន​ម្នាក់​ទៀត​បែរ​មក នាំ​មនុស្ស​ម្នាក់​មក​ឯ​ទូលបង្គំ ដោយ​បង្គាប់​ថា ចូរ​រក្សា​មនុស្ស​នេះ​ទុក បើ​វា​បាត់​ទៅ​ដោយ​ហេតុ​ណា នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ឬ​ត្រូវ​ឲ្យ​ឯង​សង​អញ​ជា​ប្រាក់​១​ហាប 40តែ​កាល​ទូលបង្គំ​កំពុង​តែ​រវល់​នេះ​ផង​នោះ​ផង អ្នក​នោះ​ក៏​បាត់​ទៅ ឯ​ស្តេច​អ៊ីស្រាអែល មាន​បន្ទូល​តប​ថា ទោស​ឯង​ត្រូវ​ដូច្នោះ​ហើយ គឺ​ខ្លួន​ឯង​បាន​កាត់​សេចក្ដី​នោះ​ស្រាប់ 41គាត់​ក៏​ប្រញាប់​នឹង​បក​សំពត់​ពី​ភ្នែក​ចេញ រួច​ស្តេច​អ៊ីស្រាអែល​ទ្រង់​ស្គាល់​ថា ជា​ពួក​ហោរា 42គាត់​ក៏​ទូល​ដល់​ស្តេច​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ថា ដោយ​ព្រោះ​ឯង​បាន​លែង​មនុស្ស ឲ្យ​រួច​ពី​ដៃ​ឯង ដែល​អញ​បាន​កាត់​ទោស​ថា ត្រូវ​វិនាស នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ហើយ​រាស្ត្រ​ឯង​ជំនួស​រាស្ត្រ​វា 43ដូច្នេះ ស្តេច​អ៊ីស្រាអែល​ក៏​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់​នៅ​ក្រុង​សាម៉ារី​វិញ ដោយ​អន់‌អាក់​ថ្នាំង‌ថ្នាក់​ព្រះ‌ទ័យ។

ទើបបានជ្រើសរើសហើយ៖

១ ពង្សាវតារក្សត្រ 20: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល