ដូចជាសេចក្ដីដែលចែងទុក ពីលោកអ័ដាម ដែលជាមនុស្សមុនដំបូងថា «បានត្រឡប់ជាមានព្រលឹងរស់» តែលោកអ័ដាមក្រោយបង្អស់ ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ ឯវិញ្ញាណមិនមែនកើតមុនទេ គឺជារូបសាច់ទេតើ រួចទើបមានវិញ្ញាណជាខាងក្រោយ មនុស្សមុនដំបូងកើតមកពីដី គឺធ្វើមកពីធូលីដី តែមនុស្សទី២ ជាព្រះអម្ចាស់ដែលចេញមកពីស្ថានសួគ៌វិញ ឯមនុស្សដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដី ក៏យ៉ាងនោះដែរ ហើយព្រះអម្ចាស់ ដែលយាងមកពីស្ថានសួគ៌ ជាយ៉ាងណា ពួកស្ថានសួគ៌ក៏យ៉ាងនោះដែរ យើងក៏នឹងមានរូបរាងរបស់ព្រះអម្ចាស់ពីស្ថានសួគ៌ ដូចជាយើងមានរូបរាងរបស់មនុស្ស ដែលធ្វើពីធូលីមកដែរ បងប្អូនអើយ សេចក្ដីដែលខ្ញុំចង់និយាយនេះ គឺថា សាច់ឈាមពុំអាចនឹងគ្រងនគរព្រះជាមរដកបានឡើយ ហើយសេចក្ដីពុករលួយក៏ពុំអាចនឹងគ្រងសេចក្ដី ដែលមិនចេះពុករលួយបានដែរ។ នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញដែរ កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ» «ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា» រីឯទ្រនិចនៃសេចក្ដីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រិត្យវិន័យ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។
អាន ១ កូរិនថូស 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 15:45-58
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ