១ កូរិន‌ថូស 14:1-25

១ កូរិន‌ថូស 14:1-25 ពគប

ចូរ​ដេញ​តាម​សេចក្ដី​ស្រឡាញ់​ចុះ ហើយ​សង្វាត​ចង់​បាន​អស់​ទាំង​អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ​ដែរ តែ​ស៊ូ​ឲ្យ​ចេះ​អធិប្បាយ​ជា​ដើម ដ្បិត​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​មិន​មែន​និយាយ​នឹង​មនុស្ស គឺ​ទូល​នឹង​ព្រះ​វិញ ពី​ព្រោះ​គ្មាន​អ្នក​ណា​ស្តាប់​បាន​ទេ ប៉ុន្តែ អ្នក​នោះ​និយាយ​ជា​សេចក្ដី​អាថ៌‌កំបាំង ដោយ​នូវ​វិញ្ញាណ ឯ​អ្នក​ដែល​អធិប្បាយ​វិញ អ្នក​នោះ​និយាយ​នឹង​មនុស្ស សំរាប់​នឹង​ស្អាង​ចិត្ត កំឡាំង​ចិត្ត ហើយ​កំសាន្ត​ចិត្ត អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ស្អាង​តែ​ចិត្ត​ខ្លួន​ឯង​ទេ តែ​អ្នក​ណា​ដែល​អធិប្បាយ នោះ​ទើប​ស្អាង​ចិត្ត​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​វិញ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​ភាសា​ដទៃ​ទាំង​អស់​ដែរ តែ​ស៊ូ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​អធិប្បាយ​ជា​ជាង ដ្បិត​អ្នក​ដែល​អធិប្បាយ នោះ​ប្រសើរ​ជាង​អ្នក​ដែល​និយាយ​ភាសា​ដទៃ​ទៅ​ទៀត លើក​តែ​អ្នក​នោះ​ចេះ​បក​ប្រែ​ផង ដើម្បី​ឲ្យ​ពួក​ជំនុំ​បាន​ស្អាង​ចិត្ត​ឡើង ដូច្នេះ បង​ប្អូន​អើយ បើ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​និយាយ​ភាសា​ដទៃ នោះ​តើ​ខ្ញុំ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា លើក​តែ​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ជា​ការ​បើក​សំដែង ឬ​តាម​ចំណេះ ឬ​ជា​សេចក្ដី​អធិប្បាយ ឬ​សេចក្ដី​បង្រៀន​ណា​មួយ​វិញ ឯ​របស់​ឥត​ជីវិត​ទាំង​ប៉ុន្មាន​ដែល​មាន​ចេញ​សូរ ទោះ​បើ​ជា​ខ្លុយ​ឬ​ស៊ុង​ក្តី បើ​មិន​មាន​ឮ​សូរ​ខ្ពស់​ទាប នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ផ្លុំ​ឬ​ចាប់​លេង​បទ​ណា​ទៅ​បាន ឯ​ត្រែ ក៏​ដូច​គ្នា បើ​ឮ​សូរ​មិន​ច្បាស់ នោះ​តើ​នឹង​មាន​អ្នក​ណា​ប្រុង​ប្រៀប​ខ្លួន​ទៅ​ច្បាំង​បាន អ្នក​រាល់​គ្នា​ក៏​យ៉ាង​ដូច្នោះ​ដែរ បើ​សិន​ជា​អណ្តាត​មិន​បញ្ចេញ​ចំពោះ​ពាក្យ​ដែល​ស្តាប់​បាន នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ដឹង​ជា​ថា​អ្វីៗ​បាន គឺ​ដូច​ជា​និយាយ​ទៅ​តាម​ខ្យល់​ទេ នៅ​ក្នុង​លោកីយ​នេះ មាន​សូរ​សំឡេង​ជា​ច្រើន​យ៉ាង​ណាស់ តែ​គ្មាន​ណា​មួយ​ដែល​មិន​ច្បាស់​ឡើយ ដូច្នេះ បើ​ខ្ញុំ​មិន​យល់​ន័យ​សំឡេង​នោះ នោះ​អ្នក​ដែល​និយាយ នឹង​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ប្រទេស​ដទៃ ហើយ​អ្នក​ដែល​និយាយ​នឹង​បាន​ដូច​ជា​អ្នក​ប្រទេស​ដទៃ​ដល់​ខ្ញុំ​ដែរ ដូច្នេះ ដែល​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ​ទាន ខាង​ឯ​វិញ្ញាណ នោះ​ត្រូវ​ស្វែង​រក ឲ្យ​បាន​កាន់​តែ​ច្រើន​ចុះ ដើម្បី​នឹង​ស្អាង​ចិត្ត​នៃ​ពួក​ជំនុំ​ឡើង ហេតុ​នោះ​បាន​ជា​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ដែរ បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​គឺ​ជា​វិញ្ញាណ​ខ្ញុំ​ដែល​អធិស្ឋាន តែ​ឥត​មាន​ប្រយោជន៍​ដល់​ប្រាជ្ញា​ខ្ញុំ​សោះ ដូច្នេះ ត្រូវ​ធ្វើ​ដូច​ម្តេច ខ្ញុំ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​វិញ្ញាណ ហើយ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​ប្រាជ្ញា​ផង ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយ​នឹង​ច្រៀង​ដោយ​ប្រាជ្ញា​ដែរ ពុំ​នោះ បើ​សូម​ពរ​ដោយ​នូវ​វិញ្ញាណ​ទទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដែល​មិន​ចេះ បាន​ថា «អាម៉ែន» បាន ក្នុង​កាល​ដែល​អ្នក​អរ​ព្រះ‌គុណ​នោះ ដ្បិត​អ្នក​នោះ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ ឯ​អ្នកៗ​អរ​ព្រះ‌គុណ​យ៉ាង​ល្អ​មែន តែ​អ្នក​នោះ​មិន​បាន​ស្អាង​ចិត្ត​ឡើង​សោះ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ជា​ច្រើន លើស​ជាង​អ្នក​រាល់​គ្នា​ទាំង​អស់ ប៉ុន្តែ ក្នុង​ពួក​ជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​៥​ម៉ាត់​ដោយ​នូវ​ប្រាជ្ញា​ខ្ញុំ ដើម្បី​នឹង​បង្រៀន​ដល់​មនុស្ស​ឯ​ទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​១​ម៉ឺន​ម៉ាត់​វិញ។ បង​ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ខ្ចី​ខាង​ឯ​គំនិត​ឡើយ បើ​ខាង​ឯ​បំណង​អាក្រក់ នោះ​ចូរ​នៅ​ជា​កូន‌ង៉ែត​ចុះ តែ​ចំណែក​ខាង​ឯ​គំនិត នោះ​ចូរ​ធ្វើ​ជា​មនុស្ស​ពេញ​អាយុ​វិញ មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​ថា «អញ​នឹង​និយាយ​នឹង​សាសន៍​នេះ ដោយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​យ៉ាង​នោះ គេ​ក៏​មិន​ស្តាប់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់» បាន​ជា​ភាសា​ដទៃ នោះ​សំរាប់​ជា​ទី​សំគាល់ មិន​មែន​ដល់​ពួក​អ្នក​ដែល​ជឿ​ទេ គឺ​ដល់​អស់​ពួក​អ្នក​ដែល​មិន​ជឿ​វិញ តែ​ការ​អធិប្បាយ នោះ​មិន​មែន​សំរាប់​ពួក​អ្នក​ដែល​មិន​ជឿ គឺ​សំរាប់​ពួក​អ្នក​ដែល​ជឿ​វិញ ដូច្នេះ បើ​កាល​ណា​ពួក​ជំនុំ​ទាំង​មូល​ប្រជុំ​គ្នា​នៅ​កន្លែង​ណា​មួយ ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​មនុស្ស​ដែល​មិន​ចេះ ឬ​មនុស្ស​មិន​ជឿ​គេ​ចូល​មក នោះ​តើ​គេ​មិន​ថា​អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ​អី តែ​បើ​គ្រប់​គ្នា​អធិប្បាយ​វិញ ហើយ​មាន​មនុស្ស​ដែល​មិន​ជឿ ឬ​មនុស្ស​ខ្លះ​ដែល​មិន​ចេះ គេ​ចូល​មក នោះ​គេ​ត្រូវ​ភ្ញាក់​ដឹង​ខ្លួន​ឡើង ដោយ‌សារ​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ដែរ យ៉ាង​នោះ អស់​ទាំង​សេចក្ដី​លាក់​កំបាំង​ក្នុង​ចិត្ត​គេ នឹង​បាន​សំដែង​មក ហើយ​យ៉ាង​នោះ គេ​នឹង​ក្រាប​ផ្កាប់​មុខ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ ព្រម​ទាំង​ធ្វើ​បន្ទាល់​ថា ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន។