ក្រោយមក ភរិយាម្ចាស់របស់លោកយ៉ូសែបចាប់ចិត្តស្រឡាញ់លោក ហើយបបួលលោកថា៖ «សុំមករួមដំណេកជាមួយខ្ញុំ!»។ លោកយ៉ូសែបបានបដិសេធ លោកពោលទៅភរិយាម្ចាស់របស់លោកថា៖ «លោកម្ចាស់របស់ខ្ញុំបានប្រគល់ឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ដែលលោកមាន គឺលោកមិនខ្វល់ខ្វាយនឹងកិច្ចការក្នុងផ្ទះសំបែងរបស់លោកឡើយ។ ក្នុងផ្ទះនេះ គ្មាននរណាធំជាងខ្ញុំទេ លោកអនុញ្ញាតឲ្យខ្ញុំប៉ះពាល់អ្វីៗនៅក្នុងផ្ទះទាំងអស់ វៀរលែងតែលោកស្រីម្នាក់ប៉ុណ្ណោះ ព្រោះលោកស្រីជាភរិយារបស់លោក។ ដូច្នេះ ខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏អាក្រក់បំផុតនេះឡើយ ហើយខ្ញុំក៏ពុំអាចប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះជាម្ចាស់បានដែរ»។