លោកុប្បត្តិ 1

1
ដើម​កំណើត​ពិភព​លោក និង​ដើម​កំណើត​មនុស្ស​លោក
កំណើត​ពិភព​លោក
1កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ។
2នៅ​គ្រា​នោះ ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ របស់​ព្រះ‌ជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។
3 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។ 4ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះអង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ 5ព្រះ‌ជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។
6 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹង‌មាំ​នៅ​កណ្ដាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។ 7ព្រះ‌ជាម្ចាស់​បាន​បង្កើត​លំហ​ដ៏​រឹង‌មាំ​នោះ ព្រះអង្គ​ញែក​ទឹក​ដែល​នៅ​ខាង​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​ខាង​លើ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 8ព្រះ‌ជាម្ចាស់​ហៅ​លំហ​ដ៏​រឹង‌មាំ​នោះ​ថា “មេឃ”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ពីរ។
9ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​ឲ្យ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 10ព្រះ‌ជាម្ចាស់​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ ព្រះអង្គ​ហៅ​ថា “សមុទ្រ”។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។
11ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ​ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន 12គឺ​តិណ‌ជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខ‌ជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 13ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បី។
14ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុក​ជា​សញ្ញា​សម្គាល់​សម្រាប់​កំណត់​ពេល​វេលា ថ្ងៃ និង​ឆ្នាំ 15ហើយ​ធ្វើ​ជា​ដុំ​ពន្លឺ​នៅ​លើ​មេឃ សម្រាប់​បំភ្លឺ​ផែនដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។
16ព្រះ‌ជាម្ចាស់​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ​ពីរ គឺ​ដុំ​ពន្លឺ​មួយ​ដែល​ធំ​ជាង​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ រីឯ​ដុំ​ពន្លឺ​ដែល​តូច​ជាង​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់។ ព្រះអង្គ​ក៏​បង្កើត​ផ្កាយ​ទាំង‌ឡាយ ដែរ។ 17ព្រះ‌ជាម្ចាស់​បាន​ដាក់​ដុំ​ពន្លឺ​ទាំង​នោះ​ក្នុង​លំហ​អាកាស ដើម្បី​បំភ្លឺ​ផែនដី 18ដើម្បី​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ នៅ​ពេល​យប់ និង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា​អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 19ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បួន។
20ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​សត្វ ​រស់‌រវើក​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ក្នុង​ទឹក និង​មាន​បក្សា‌បក្សី​ហើរ​ពី​លើ​ផែនដី នៅ​ក្នុង​លំហ​អាកាស»។
21ព្រះ‌ជាម្ចាស់​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ​ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើក‌រវ័ណ្ឌ​ពាស‌ពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​បក្សា‌បក្សី តាម​ពូជ​របស់​វា​ដែរ។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។ 22ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​វា ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​ពាស‌ពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​បក្សា‌បក្សី​បាន​កើន​ច្រើន​ឡើង​លើ​ផែនដី​ដែរ»។ 23ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ។
24ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​សត្វ​ផ្សេងៗ​កើត​ចេញ​ពី​ដី​តាម​ពូជ​របស់​វា គឺ​មាន​សត្វ​ស្រុក សត្វ​លូន​វារ សត្វ​ព្រៃ តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ 25ព្រះ‌ជាម្ចាស់​បាន​បង្កើត​សត្វ​ព្រៃ​តាម​ពូជ​របស់​វា សត្វ​ស្រុក តាម​ពូជ​របស់​វា និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី តាម​ពូជ​របស់​វា​ដែរ។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។
26 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស ​ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ដូច​យើង ដើម្បី​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។
27 ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស
ជា​តំណាង​របស់​ព្រះអង្គ
ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ
ដូច​ព្រះ‌ជាម្ចាស់
ព្រះអង្គ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។
28ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស‌ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។ 29ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាស‌ពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អាហារ 30យើង​ក៏​ឲ្យ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ដល់​សត្វ​ព្រៃ​ទាំង​អស់ ដល់​បក្សា‌បក្សី​ទាំង​អស់​នៅ​លើ​មេឃ ដល់​សត្វ​ទាំង​អស់​ដែល​លូន​វារ​នៅ​លើ​ដី គឺ​ដល់​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ដង្ហើម​ជីវិត ធ្វើ​ជា​អាហារ​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។
31ព្រះ‌ជាម្ចាស់​ទត​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក ព្រះអង្គ​ឈ្វេង​យល់​ថា​ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in