លោកុ‌ប្បត្តិ 7

7
មហា​ជំនន់
1បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «អ្នក និង​គ្រួសារ​របស់​អ្នក​ទាំង​មូល ត្រូវ​ចូល​ទៅ​ក្នុង​ទូក ដ្បិត​យើង​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ មាន​តែ​អ្នក​ប៉ុណ្ណោះ ដែល​សុចរិត​នៅ​ចំពោះ​យើង។ 2ត្រូវ​យក​សត្វ​ប្រាំពីរ​គូ​ពី​ចំណោម​សត្វ​ជើង​បួន​ទាំង​ប៉ុន្មាន​ដែល​ស្អាត គឺ​ទាំង​ឈ្មោល​ទាំង​ញី ហើយ​សត្វ​ជើង​បួន​ដែល​មិន​ស្អាត ត្រូវ​យក​តែ​មួយ​គូ​វិញ គឺ​ទាំង​ឈ្មោល​ទាំង​ញី។ 3ត្រូវ​យក​សត្វ​ហើរ​លើ​អាកាស​ប្រាំពីរ​គូ​ដែរ ទាំង​ឈ្មោល​ទាំង​ញី ដើម្បី​ទុក​ពូជ​វា​ឲ្យ​រស់​នៅ​គ្រប់​លើ​ផែន‌ដី។ 4ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​ជីវិត​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែន‌ដី»។ 5លោក​ណូអេ​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។
6នៅ​គ្រា​ទឹក​ជន់​ឡើង​លិច​ផែន‌ដី​នោះ លោក​ណូអេ​មាន​អាយុ​ប្រាំមួយ​រយ​ឆ្នាំ។ 7លោក​ណូអេ កូន​ប្រុសៗ និង​ប្រពន្ធ ព្រម​ទាំង​កូន​ប្រសា​ស្រី​របស់​លោក ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក ដើម្បី​ឲ្យ​បាន​រួច​ផុត​ពី​ទឹក​ជំនន់។ 8មាន​សត្វ​ជើង​បួន​ក្នុង​ចំណោម​សត្វ​ដែល​ស្អាត និង​សត្វ​ដែល​មិន​ស្អាត ហើយ​សត្វ​ស្លាប និង​សត្វ​លូន​វារ​គ្រប់​ប្រភេទ​នៅ​លើ​ដី 9ទាំង​គូៗ មាន​ឈ្មោល​មាន​ញី នាំ​គ្នា​ចូលទៅ​ក្នុង​ទូក​ជា‌មួយ​លោក​ណូ​អេ ដូច​ព្រះ‌ទ្រង់​បាន​បង្គាប់​មក​លោក​ណូអេ។ 10ប្រាំ​ពីរ​ថ្ងៃ​ក្រោយ​មក ទឹក​ជំនន់​ក៏​ជន់​ឡើង​លិច​ផែន‌ដី។
11នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​រយ​នៃ​អាយុ​របស់​លោក​ណូអេ ក្នុង​ខែ​ទី​ពីរ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ពីរ​ក្នុង​ខែ​នោះ គឺ​នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​រន្ធ​ទឹក​ផុស​ចេញ​ពី​ជម្រៅ​ធំ​មក ហើយ​ទ្វារ​មេឃ​ក៏​បាន​បើក​ចំហ​ដែរ។ 12ភ្លៀង​ធ្លាក់​មក​លើ​ផែន‌ដី​រយៈ​ពេល​សែ​សិប​ថ្ងៃ​សែ​សិប​យប់។ 13នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ និង​កូន​ប្រុស​ៗ​របស់​លោក គឺ​សិម ហាំ និង​យ៉ាផែត ព្រម​ទាំង​ប្រពន្ធ​លោក​ណូអេ និង​កូន​ប្រសា​ស្រី​ទាំង​បី បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក 14ទាំង​ខ្លួន​គេ និង​គ្រប់​ទាំង​សត្វ​ព្រៃ​តាម​ពូជ គ្រប់​ទាំង​សត្វ​ស្រុក​តាម​ពូជ និង​អស់​ទាំង​សត្វ​លូន​វារ​លើ​ដី​តាម​ពូជ ហើយ​គ្រប់​សត្វ​ហើរ​តាម​ពូជ​ដែរ គឺ​សត្វ​ស្លាប​គ្រប់​មុខ​ទាំង​អស់។ 15សត្វ​ទាំង​នោះ​នាំ​គ្នា​ចូល​ទាំង​គូៗ​ទៅ​ក្នុង​ទូកជា‌មួយ​លោក​ណូ​អេ គឺសាច់​ដែល​មាន​ដង្ហើម​ជីវិត​ទាំង​អស់។ 16ឯ​សត្វ​ទាំង​អស់​ដែល​ចូល​ទៅ​នោះ ក៏​ចូល​ទាំង​ឈ្មោល​ទាំង​ញី​គ្រប់​ពូជ​សត្វ ដូច​ព្រះ​បាន​បង្គាប់​មក​លោក​ណូអេ រួច​ព្រះ‌យេហូវ៉ា​ក៏​បិទ​ទ្វារ​ទូក​ជិត។
17ទឹក​ជំនន់​បាន​លិច​ផែន‌ដី​អស់​រយៈ​ពេល​សែសិប​ថ្ងៃ។ ទឹក​កាន់​តែ​ជន់​ឡើង ហើយ​លើក​ទូក​ធំ​ឲ្យ​អណ្តែត​ឡើង​ផុត​ពី​ដី។ 18ជំនន់​នោះ​មាន​កម្លាំង​ក្រៃ​លែង ក៏​កាន់​តែ​ចម្រើន​ឡើង​លើស​លុប​នៅ​លើ​ផែន‌ដី ហើយ​ទូក​នោះ​បាន​អណ្តែត​នៅ​លើ​ផ្ទៃ​ទឹក។ 19ជំនន់​នោះ​ធំ​យ៉ាង​អស្ចារ្យ​នៅ​លើ​ផែន‌ដី ដល់​ម៉្លេះ​បាន​ជា​ភ្នំ​ខ្ពស់ៗ​ទាំង​ប៉ុន្មាន​នៅ​ក្រោម​មេឃ​លិច​បាត់​ទាំង​អស់។ 20ទឹក​ឡើង​លិច​ភ្នំ​ទាំង​អស់ ហើយ​ឡើង​ហួស​ភ្នំ​ទាំង​នោះ​ដប់​ប្រាំ​ហត្ថ។ 21គ្រប់​ទាំង​សាច់​ដែល​កម្រើក​នៅ​ផែន‌ដី ទោះ​ទាំង​សត្វ​ហើរ សត្វ​ស្រុក សត្វ​ព្រៃ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី និង​មនុស្ស​លោក​ក៏​ស្លាប់​ទាំង​អស់ 22គឺ​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្នុង​រន្ធ​ច្រមុះ​នៅ​លើ​គោក​ស្លាប់​ទាំង​អស់។ 23ព្រះ‌អម្ចាស់​បាន​លុប​បំបាត់​ជីវិត​ទាំង‌ប៉ុន្មាន​អស់​ពី​ផែន‌ដី ចាប់​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​បួន សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស គឺ​ទាំង​អស់​ត្រូវ​វិនាស​បាត់​ពី​ផែន‌ដី នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក​ប៉ុណ្ណោះ។ 24ទឹក​ធំ​នោះ​នៅ​ទ្រឹង​លើ​ផែន‌ដី​អស់​រយៈ​ពេល​មួយ​រយ​ហាសិប​ថ្ងៃ។

वर्तमान में चयनित:

លោកុ‌ប្បត្តិ 7: គកស១៦

हाइलाइट

शेयर

कॉपी

None

Want to have your highlights saved across all your devices? Sign up or sign in