លោកុ‌ប្បត្តិ 11

11
ប៉ម​បាបិល
1នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​មាន​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។ 2ពេល​គេ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​កើត គេ​ប្រទះ​ឃើញ​វាល​មួយ​នៅ​ស្រុក​ស៊ីណើរ គេ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ 3គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មក​យើង នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា​ឲ្យ​ឆ្អិន»។ គេ​ក៏​ប្រើ​ដុំ​ឥដ្ឋ​ជា​ថ្ម និង​ជ័រ​ខ្មៅ​ជា​បាយអ។ 4បន្ទាប់​មក គេ​ពោល​ថា៖ «មក​យើង សង់​ទី​ក្រុង​មួយ​សម្រាប់​យើង និង​ប៉ម​មួយ​ដែល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍‌ឈ្មោះ ក្រែង​យើង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​ពាស​ពេញ​លើ​ផែន‌ដី»។ 5ប៉ុន្ដែ ព្រះ‌យេហូវ៉ា​យាង​ចុះ​មក​ទត​មើល​ទី​ក្រុង និង​ប៉ម​ដែល​ពួក​កូន​មនុស្ស​បាន​សង់។ 6ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! ពួក‌គេ​ជា​ប្រជាជន​តែ​មួយ ពួក‌គេ​ទាំង​អស់​គ្នា​និយាយ​ភាសា​តែ​មួយ ហើយ​នេះ​គ្រាន់​តែជា​ការ​ចាប់​ផ្តើម​អំពើ​ដែល​គេ​ធ្វើ​ប៉ុណ្ណោះ ឥឡូវ​នេះ គ្មាន​អ្វី​នឹង​ឃាត់​មិន​ឲ្យ​គេ​ធ្វើ​កើត តាម​បំណង​របស់​គេ​ឡើយ។ 7ចូរ​យើង​ចុះ​ទៅ​បំភាន់​ភាសារបស់​គេ ដើម្បី​កុំ​ឲ្យ​គេ​ស្តាប់​គ្នាទៅ​វិញ​ទៅ​មក​បាន​ទៀត»។ 8ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​គេ​បែក​ខ្ញែក​គ្នា ចេញពី​ទី​នោះ​ទៅ​ពាស​ពេញ​លើ​ផែន‌ដី ហើយ​គេ​ក៏​លែង​សង់​ទី​ក្រុង​នោះ​ទៅ។ 9ហេតុនេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា "បាបិល" ព្រោះ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បំភាន់​ភាសារបស់​មនុស្ស​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​គេ​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែន‌ដី។
ពូជ‌ពង្ស​របស់​លោក​សិម
10នេះ​ជា​តំណ​វង្ស​របស់​សិម។ ពីរ​ឆ្នាំ​ក្រោយ​ទឹក​ជន់ កាល​សិម​មាន​អាយុ​មួយរយ​ឆ្នាំ គាត់​បង្កើត​បាន​អើប៉ាក់‌សាឌ។ 11ក្រោយ​កំណើត​អើប៉ាក់‌សាឌ​មក គាត់​រស់​នៅ​បាន​ប្រាំរយ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រីជា​ច្រើន។
12កាល​អើ​ប៉ាក់​សាឌ​មាន​អាយុ​សាមសិប​ប្រាំ​ឆ្នាំ គាត់​បង្កើត​បាន​សេឡា។ 13ក្រោយ​កំណើត​សេឡា​មក គាត់​រស់​នៅ​បាន​បួនរយ​បី​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រីជា​ច្រើន។
14កាល​សេឡា​មាន​អាយុ​សាមសិប​ឆ្នាំ គាត់​បង្កើត​បាន​ហេប៊ើរ។ 15ក្រោយ​កំណើត​ហេប៊ើរ​មក គាត់​រស់​នៅ​បាន​បួនរយ​បី​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
16កាល​ហេប៊ើរមាន​អាយុ​សាមសិប​បួន​ឆ្នាំ គាត់​បង្កើត​បាន​ផាលេក។ 17ក្រោយ​កំណើត​ផាលេក​មក គាត់​រស់​នៅ​បាន​បួនរយ​សាមសិប​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រីជា​ច្រើន។
18កាល​ផាលេក​មាន​អាយុ​សាម​សិប​ឆ្នាំ គាត់​បង្កើត​បាន​រេហ៊ូវ។ 19ក្រោយ​កំណើត​រេហ៊ូវ​មក គាត់​រស់​នៅ​បាន​ពីរ​រយ​ប្រាំ​បួន​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
20កាល​រេហ៊ូវ​មាន​អាយុ​សាមសិប​ពីរ​ឆ្នាំ គាត់​បង្កើត​បាន​សេរូក។ 21ក្រោយ​កំណើត​សេរូក​មក គាត់​រស់​នៅ​បាន​ពីរ​រយ​ប្រាំពីរ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
22កាល​សេរូក​មាន​អាយុ​សា​មសិប​ឆ្នាំ គាត់​បង្កើត​បាន​ណាឃរ។ 23ក្រោយ​កំណើត​ណាឃរ​មក គាត់​រស់​នៅ​បាន​ពីរ​រយ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
24កាល​ណាឃរ​មាន​អាយុ​ម្ភៃ​ប្រាំ​បួន​ឆ្នាំ គាត់​បង្កើត​បាន​ថេរ៉ា។ 25ក្រោយ​កំណើត​ថេរ៉ា​មក គាត់​រស់​នៅ​បាន​មួយ​រយ​ដប់​ប្រាំ​បួន​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
26កាល​ថេរ៉ា​មាន​អាយុ​ចិត​សិប​ឆ្នាំ គាត់​បង្កើត​បាន​អាប់‌រ៉ាម ណាឃរ និង​ហារ៉ាន។
ពូជ‌ពង្ស​របស់​លោក​ថេរ៉ា
27នេះ​ជា​តំណ​វង្ស​របស់​ថេរ៉ា។ ថេរ៉ា​បង្កើត​អាប់‌រ៉ាម ណាឃរ និង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត។ 28ហារ៉ាន​បាន​ស្លាប់​នៅ​ក្រុង​អ៊ើរ ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គាត់ ក្នុង​កាល​ដែល​ថេរ៉ា​ជា​ឪពុក​នៅ​រស់​នៅ​ឡើយ។ 29អាប់‌រ៉ាម និង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់‌រ៉ាម​ឈ្មោះ​នាង​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​ហារ៉ាន ដែល​ជា​ឪពុក​របស់​មីលកា និង​យីសកា។ 30ឯ​នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​សោះ។
31ថេរ៉ា​បាន​យក​អាប់‌រ៉ាម​ជា​កូន និង​ឡុត​ជា​កូន​របស់​ហារ៉ាន ព្រម​ទាំង​នាង​សារ៉ាយ​ជា​កូន​ប្រសាស្រី គឺ​ប្រពន្ធ​របស់​អាប់‌រ៉ាម​កូន​របស់​គាត់ ចេញ​ដំណើរ​ជា‌មួយ​គ្នា​ពី​ក្រុង​អ៊ើរ ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ កាល​បាន​មក​ដល់​ស្រុក​ខារ៉ាន គេ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ 32ថេរ៉ា​បាន​អាយុ​ពីរ​រយ​ប្រាំ​ឆ្នាំ ហើយ​ថេរ៉ា​ក៏​ស្លាប់​នៅ​ស្រុក​ខា​រ៉ាន​ទៅ។

वर्तमान में चयनित:

លោកុ‌ប្បត្តិ 11: គកស១៦

हाइलाइट

शेयर

कॉपी

None

Want to have your highlights saved across all your devices? Sign up or sign in