លោកុប្បត្តិ 38
38
យូដា និងតាម៉ារ
1កាលនោះមានកើតឡើងដូច្នេះ: យូដាបានចុះពីពួកបងប្អូនរបស់គាត់ទៅ ហើយដំឡើងរោងជិតបុរសអ្នកអាឌូឡាមម្នាក់ ឈ្មោះហ៊ីរ៉ា។ 2នៅទីនោះ យូដាឃើញកូនស្រីរបស់បុរសជនជាតិកាណានម្នាក់ បុរសនោះឈ្មោះស៊ូអា គាត់ក៏យកនាងជាប្រពន្ធ ហើយចូលទៅឯនាង។ 3នាងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់; យូដាក៏ដាក់ឈ្មោះកូននោះថា អ៊ើរ។ 4នាងមានផ្ទៃពោះម្ដងទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏ដាក់ឈ្មោះកូននោះថា អូណាន់។ 5នាងបង្កើតបានកូនប្រុសម្ដងទៀត ហើយដាក់ឈ្មោះកូននោះថា សេឡា។ កាលនាងបង្កើតកូននោះ យូដានៅកេស៊ីប។
6យូដាយកប្រពន្ធឲ្យអ៊ើរកូនច្បងរបស់គាត់ នាងឈ្មោះតាម៉ារ។ 7ប៉ុន្តែអ៊ើរកូនច្បងរបស់យូដា ជាមនុស្សអាក្រក់ក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ដូច្នេះព្រះយេហូវ៉ាក៏សម្លាប់គាត់។ 8យូដាក៏និយាយនឹងអូណាន់ថា៖ “ចូរចូលទៅឯប្រពន្ធរបស់បងប្រុសឯង រួចបំពេញកាតព្វកិច្ចជាប្អូនថ្លៃចំពោះនាង ហើយបន្តពូជឲ្យបងប្រុសឯងទៅ”។ 9ប៉ុន្តែអូណាន់ដឹងថាពូជនោះនឹងមិនទៅជារបស់គាត់ទេ ដូច្នេះពេលណាគាត់ចូលទៅឯប្រពន្ធរបស់បងប្រុសគាត់ គាត់ក៏សម្រក់ចោលទៅដី ដើម្បីកុំឲ្យមានពូជសម្រាប់បងប្រុសរបស់គាត់។ 10អ្វីដែលគាត់បានធ្វើនោះ ជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា ដូច្នេះព្រះអង្គក៏សម្លាប់គាត់ដែរ។
11ពេលនោះ យូដានិយាយនឹងតាម៉ារកូនប្រសាស្រីរបស់គាត់ថា៖ “ចូររស់នៅជាមេម៉ាយក្នុងផ្ទះរបស់ឪពុកនាង រហូតដល់សេឡាកូនប្រុសរបស់យើងធំឡើងចុះ” ដ្បិតគាត់គិតថា៖ “ក្រែងលោវាស្លាប់ដូចពួកបងប្រុសរបស់វាដែរ”។ ដូច្នេះ តាម៉ារក៏ទៅរស់នៅផ្ទះរបស់ឪពុកនាងវិញ។
12លុះយូរថ្ងៃក្រោយមក កូនស្រីរបស់ស៊ូអា ជាប្រពន្ធរបស់យូដាក៏ស្លាប់ទៅ។ ក្រោយពីយូដាត្រូវបានសម្រាលទុក្ខ គាត់ក៏ឡើងទៅឯពួកអ្នកកាត់រោមចៀមរបស់គាត់នៅធីមណា គឺមានគាត់ និងហ៊ីរ៉ាមិត្តភក្ដិរបស់គាត់ ជាអ្នកអាឌូឡាម។ 13គេប្រាប់តាម៉ារថា៖ “មើល៍! ឪពុកក្មេករបស់នាងឡើងទៅធីមណា ដើម្បីកាត់រោមចៀមរបស់គាត់”។ 14ដូច្នេះ នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងចេញ ហើយបាំងមុខដោយស្បៃ ព្រមទាំងគ្រលុំខ្លួន រួចអង្គុយនៅត្រង់ខ្លោងទ្វារអេណែមដែលនៅតាមផ្លូវទៅធីមណា។ ដ្បិតនាងបានឃើញថាសេឡាធំហើយ ប៉ុន្តែនាងមិនត្រូវបានឲ្យទៅគាត់ធ្វើជាប្រពន្ធឡើយ។ 15នៅពេលយូដាឃើញនាង គាត់គិតថានាងជាស្ត្រីពេស្យា ពីព្រោះនាងបានបាំងមុខរបស់ខ្លួន។
16យូដាក៏បែរទៅរកតាម៉ារនៅក្បែរផ្លូវ ហើយនិយាយថា៖ “មក៍! សូមឲ្យខ្ញុំចូលទៅឯនាងផង” ដ្បិតគាត់មិនបានដឹងថានាងជាកូនប្រសាស្រីរបស់ខ្លួនឡើយ។
នាងក៏និយាយថា៖ “តើលោកនឹងឲ្យអ្វីដល់ខ្ញុំ ដើម្បីចូលមកឯខ្ញុំ?”។
17យូដានិយាយថា៖ “ខ្ញុំនឹងផ្ញើកូនពពែមួយក្បាលពីហ្វូងសត្វមកឲ្យ”។
នាងក៏និយាយថា៖ “ទាល់តែលោកឲ្យរបស់បញ្ចាំមួយសិន ទម្រាំតែលោកផ្ញើមកខ្ញុំ”។
18គាត់និយាយថា៖ “តើខ្ញុំត្រូវឲ្យរបស់បញ្ចាំអ្វីដល់នាង?”។
នាងតបថា៖ “ត្រារបស់លោក ខ្សែរបស់លោក និងឈើច្រត់ដែលនៅក្នុងដៃរបស់លោក”។ យូដាក៏ឲ្យទៅនាង ហើយចូលទៅឯនាង នោះនាងមានផ្ទៃពោះជាមួយគាត់។ 19បន្ទាប់មក នាងក្រោកឡើងចេញទៅ ហើយដោះស្បៃរបស់នាងចេញ រួចស្លៀកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងវិញ។
20ក្រោយមក យូដាផ្ញើកូនពពែមួយក្បាលតាមរយៈដៃរបស់មិត្តភក្ដិគាត់ដែលជាអ្នកអាឌូឡាម ដើម្បីយករបស់បញ្ចាំពីដៃរបស់ស្ត្រីនោះមកវិញ ប៉ុន្តែគាត់រកនាងមិនឃើញសោះ។ 21គាត់ក៏សួរមនុស្សនៅកន្លែងនោះថា៖ “ស្រីពេស្យាដែលនៅក្បែរផ្លូវនៅអេណែម តើនៅឯណា?”។
ពួកគេឆ្លើយថា៖ “មិនដែលមានស្រីពេស្យានៅទីនេះទេ”។
22គាត់ក៏ត្រឡប់ទៅរកយូដាវិញ ហើយនិយាយថា៖ “ខ្ញុំរកនាងមិនឃើញទេ ហើយមនុស្សនៅកន្លែងនោះក៏ប្រាប់ដែរថា: ‘មិនដែលមានស្រីពេស្យានៅទីនេះទេ’”។
23យូដានិយាយថា៖ “ឲ្យនាងទុកវាទៅ ក្រែងលោយើងទៅជាទីមើលងាយ។ មើល៍! ខ្ញុំបានផ្ញើកូនពពែនេះទៅហើយ ប៉ុន្តែអ្នករកនាងមិនឃើញផង”។
24ប្រមាណជាបីខែក្រោយមក មានគេប្រាប់យូដាថា៖ “តាម៉ារកូនប្រសាស្រីរបស់លោកបានប្រព្រឹត្តអំពើផិតក្បត់ ហើយមិនត្រឹមតែប៉ុណ្ណោះទេ មើល៍! នាងមានផ្ទៃពោះដោយអំពើផិតក្បត់ទៀត!”។
យូដាក៏និយាយថា៖ “ចូរយកនាងចេញមក ហើយដុតចោលទៅ!”។
25នៅពេលនាងត្រូវគេនាំចេញមក នាងក៏ចាត់គេឲ្យទៅឯឪពុកក្មេករបស់នាង ប្រាប់ថា៖ “ខ្ញុំមានផ្ទៃពោះជាមួយអ្នកដែលជាម្ចាស់របស់ទាំងនេះ!”។ នាងនិយាយទៀតថា៖ “សូមពិនិត្យមើលថា ត្រា ខ្សែ និងឈើច្រត់នេះជារបស់អ្នកណា”។
26យូដាបានពិនិត្យមើល ក៏និយាយថា៖ “នាងសុចរិតជាងខ្ញុំ ពីព្រោះខ្ញុំមិនបានឲ្យសេឡាកូនប្រុសរបស់ខ្ញុំទៅនាងទេ”។ ដូច្នេះ គាត់មិនបានរួមដំណេកជាមួយនាងទៀតឡើយ។
27កាលនាងគ្រប់ខែត្រូវសម្រាលកូន មើល៍! មានកូនភ្លោះនៅក្នុងផ្ទៃនាង! 28ពេលនាងសម្រាលកូន កូនមួយបញ្ចេញដៃមក ដូច្នេះឆ្មបក៏យកអំបោះក្រហមចងនៅដៃវា ទាំងនិយាយថា៖ “មួយនេះបានចេញមកមុន”។ 29ប៉ុន្តែវាទាញដៃវាចូលវិញ ហើយមើល៍! បងប្រុសរបស់វាបានចេញមក! ឆ្មបក៏និយាយថា៖ “ឯងបានញែកប្រឡោះសម្រាប់ខ្លួនធ្វើអី!” ដូច្នេះគេដាក់ឈ្មោះកូននោះថា ពេរេស។ 30បន្ទាប់មក ប្អូនប្រុសរបស់វាដែលមានអំបោះក្រហមនៅដៃបានចេញមក ដូច្នេះគេដាក់ឈ្មោះកូននោះថា សេរ៉ាស៕
Actualmente seleccionado:
លោកុប្បត្តិ 38: GKHB
Destacar
Compartir
Copiar

¿Quieres guardar tus resaltados en todos tus dispositivos? Regístrate o Inicia sesión
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative