សុភាសិត 4
4
ផលប្រយោជន៍នៃប្រាជ្ញា
1កូនអើយ ចូរនាំគ្នាស្ដាប់ពាក្យទូន្មានរបស់ឪពុក ចូរប្រុងស្មារតី នោះកូននឹងបានយល់អំពីការចេះដឹង 2ដ្បិតឪពុកបង្រៀនកូនអំពីគោលគំនិតដ៏ល្អ កុំបោះបង់ចោលដំបូន្មានរបស់ឪពុកឡើយ។ 3ពីដើម ឪពុកធ្លាប់ស្ដាប់ជីតារបស់ឯង ហើយឪពុកក៏ជាកូនសំណព្វរបស់ជីដូនឯងដែរ។ 4ជីតាឯងបានបង្រៀនឪពុកថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។ 5ចូររកប្រាជ្ញា និងការចេះដឹងឲ្យបាន។ មិនត្រូវបំភ្លេច ឬងាកចេញពីពាក្យរបស់ឪពុកឡើយ។ 6កុំបោះបង់ប្រាជ្ញាឲ្យសោះ នោះប្រាជ្ញានឹងការពារកូន ចូរស្រឡាញ់ប្រាជ្ញា នោះប្រាជ្ញានឹងថែរក្សាកូន។ 7រីឯប្រភពនៃប្រាជ្ញាចាប់ផ្ដើមដូចតទៅ: គឺត្រូវរកប្រាជ្ញាឲ្យបាន ហើយចំណាយអ្វីៗទាំងអស់ដែលកូនមាន ដើម្បីរកឲ្យបានការចេះដឹង។ 8ចូរឱបរឹតប្រាជ្ញាឲ្យជាប់ក្នុងដួងចិត្ត នោះប្រាជ្ញានឹងលើកតម្កើងកូនឡើងយ៉ាងថ្លៃថ្នូរ។ 9ប្រាជ្ញានឹងផ្ដល់ឲ្យកូនបានរុងរឿង គឺប្រៀបដូចជាមកុដ និងជាគ្រឿងអលង្ការដ៏ថ្លៃបំផុត សម្រាប់កូន»។
កុំយកតម្រាប់តាមជនពាល
10កូនអើយ ចូរស្ដាប់ពាក្យរបស់ឪពុក នោះកូននឹងមានអាយុវែង។ 11ឪពុកបានណែនាំកូនឲ្យស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនឲ្យដើរតាមមាគ៌ាទៀងត្រង់។ 12បើកូនប្រកាន់យកមាគ៌ានេះ នឹងគ្មានឧបសគ្គអ្វីមករារាំងកូនឲ្យជំពប់ដួលឡើយ។ 13ចូរកាន់តាមដំបូន្មានឪពុក ដោយឥតលះបង់ចោលឡើយ ចូរថែរក្សាឲ្យជាប់ ដ្បិតដំបូន្មាននេះជាជីវិតរបស់កូន។ 14មិនត្រូវចូលរួមក្នុងផ្លូវរបស់មនុស្សពាលឡើយ ហើយក៏មិនត្រូវយកតម្រាប់តាមមនុស្សអាក្រក់ដែរ។ 15ចូរចៀសវាងដើរតាមផ្លូវនោះ ត្រូវដើរវាងឲ្យឆ្ងាយ។ 16អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ 17ដ្បិតគេចិញ្ចឹមជីវិតដោយសារអំពើទុច្ចរិត ហើយគេផឹកស្រាដែលបានមកដោយសារអំពើឃោរឃៅ។
18មាគ៌ារបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកម្ដៅ។ 19រីឯផ្លូវរបស់ជនពាលវិញ ប្រៀបបាននឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយ។
ចរិយាសម្បត្តិដ៏ថ្លៃថ្នូរ
20កូនអើយ ចូរផ្ទៀងត្រចៀក ចូរត្រងត្រាប់ស្ដាប់ពាក្យទូន្មាន និងឱវាទរបស់ឪពុក។ 21កុំបំភ្លេចពាក្យឪពុក គឺត្រូវរក្សាទុកឲ្យជាប់នៅក្នុងដួងចិត្តជានិច្ច។ 22ដ្បិតឱវាទនេះនឹងផ្ដល់ជីវិត និងសុខភាពដល់អស់អ្នកដែលសុខចិត្តទទួល។ 23ចូរកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។ 24ចូរទប់មាត់កុំឲ្យពោលពាក្យអាស្រូវឡើយ ហើយក៏កុំគ្រលាស់អណ្ដាតពោលពាក្យមួលបង្កាច់គេដែរ។ 25ចូរសម្តែងឲ្យមនុស្សលោកឃើញទឹកចិត្តស្មោះត្រង់របស់កូន គឺកុំមើលទៅនរណាដោយចិត្តវៀចវេរឡើយ។ 26 ចូររៀបចំផ្លូវដែលកូនត្រូវដើរឲ្យត្រង់ គឺធ្វើយ៉ាងណាឲ្យផ្លូវនោះបានត្រឹមត្រូវ 27កុំងាកស្ដាំ ងាកឆ្វេង ហើយចៀសឲ្យឆ្ងាយពីផ្លូវអាក្រក់។
Currently Selected:
សុភាសិត 4: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.