ម៉ាកុស 3
3
ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជា
(ម៉ាថាយ ១២.៩-១៤ លូកា ៦.៦-១១)
1ព្រះយេស៊ូយាងចូលទៅសាលាប្រជុំ*ម្ដងទៀត នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ 2ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យជានៅថ្ងៃសប្ប័ទ* ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ 3ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ 4បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះមនុស្ស ឬប្រហារជីវិតចោល?»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។ 5ព្រះយេស៊ូបែរព្រះភ័ក្ត្រទតមើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយព្រះអង្គព្រួយព្រះហឫទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។ 6ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។
មហាជនមកតាមព្រះយេស៊ូ
7ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស*។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកកាលីឡេ ស្រុកយូដា 8ក្រុងយេរូសាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូន។ បណ្ដាជនមកតាមព្រះយេស៊ូច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។ 9 ព្រះយេស៊ូប្រាប់ពួកសិស្ស*ឲ្យរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ 10ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសម្រុកចូលមកជិត ដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា។ 11ម្យ៉ាងទៀត ពេលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅទៀបព្រះបាទា ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ 12ប៉ុន្តែ ព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជានរណាឡើយ។
ព្រះយេស៊ូតែងតាំងសាវ័ក១២រូប
(ម៉ាថាយ ១០.១-៤ លូកា ៦.១២-១៦)
13បន្ទាប់មក ព្រះយេស៊ូយាងឡើងទៅលើភ្នំ។ ព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកគាល់ព្រះអង្គ។ 14ព្រះអង្គតែងតាំងសាវ័កដប់ពីររូបឲ្យគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ 15ទាំងឲ្យគេមានអំណាចដេញអារក្សថែមទៀតផង។ 16ព្រះអង្គបានតែងតាំងអ្នកដប់ពីររូបនេះ គឺស៊ីម៉ូនដែលព្រះអង្គដាក់ឈ្មោះថា ពេត្រុស 17យ៉ាកុបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូដាក់ឈ្មោះថា “បោនអ៊ើកេ” ប្រែថា “អ្នកដែលមានចិត្តខ្លាំងដូចផ្គរលាន់” 18អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម 19និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។
ព្រះញាតិវង្សរបស់ព្រះយេស៊ូមកនាំព្រះអង្គយកទៅវិញ
20កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យព្រះអង្គ និងពួកសិស្ស*រកពេលបរិភោគមិនបានសោះ។ 21ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ។
ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
(ម៉ាថាយ ១២.២២-៣២ លូកា ១១.១៤-២៣, ១២.១០)
22 ពួកអាចារ្យ* ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន គាត់អាចដេញអារក្សដូច្នេះ ព្រោះស្ដេចអារក្សប្រគល់អំណាចឲ្យ»។ 23ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារ*សាតាំងអាចដេញមារសាតាំងដូចម្ដេចកើត? 24ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខឡើយ។ 25ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សដែរ។ 26ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរគង់វង្សឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។ 27គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ 28ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់។ 29 រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។
30ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា ព្រះអង្គមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន។
ព្រះញាតិវង្សដ៏ពិតប្រាកដរបស់ព្រះយេស៊ូ
(ម៉ាថាយ ១២.៤៦-៥០ លូកា ៨.១៩-២១)
31ពេលនោះ មាតា និងបងប្អូនរបស់ព្រះយេស៊ូមកដល់ ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេឲ្យចូលមកហៅព្រះអង្គ។ 32បណ្ដាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូ ទូលព្រះអង្គថា៖ «លោកគ្រូ ម្ដាយ និងបងប្អូនលោក មករកលោកនៅខាងក្រៅ!»។ 33ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្ដាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ 34ព្រះអង្គទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ 35ដ្បិតអ្នកណាប្រព្រឹត្តតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
Currently Selected:
ម៉ាកុស 3: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.