កិច្ចការ ពាក្យលំនាំ
ពាក្យលំនាំ
លោកលូកាបានតែងគម្ពីរពីរកណ្ឌ គឺ «ដំណឹងល្អរៀបរៀងដោយលោកលូកា» និង «កិច្ចការរបស់សាវ័ក»។ ក្នុងកណ្ឌគម្ពីរដំណឹងល្អ លោកលូការៀបរាប់អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ និងព្រះបន្ទូលដែលព្រះអង្គបានថ្លែង កាលពីព្រះអង្គមានព្រះជន្មរស់នៅលើផែនដីនេះនៅឡើយ។ រីឯក្នុងកណ្ឌគម្ពីរកិច្ចការវិញ លោករៀបរាប់អំពីព្រះយេស៊ូបន្ដសកម្មភាព តាមរយៈសិស្សរបស់ព្រះអង្គ។ ទោះបីពួកសិស្សលែងឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែកក៏ដោយ ក៏ព្រះអង្គនៅតែគង់ជាមួយពួកគេជានិច្ច គឺព្រះអង្គប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យស្ថិតនៅជាមួយអ្នកជឿ ដើម្បីណែនាំជីវិតរបស់គេ។
មុនដំបូង លោកលូកាពន្យល់បញ្ជាក់អំពីកំណើតក្រុមគ្រិស្តបរិស័ទ ដែលហៅថាក្រុមជំនុំនៅក្រុងយេរូសាឡឹម។ បន្ទាប់មក លោករៀបរាប់អំពីសកម្មភាពរបស់ក្រុមសិស្ស ក្នុងការផ្សព្វផ្សាយដំណឹងល្អពាសពេញស្រុកប៉ាឡេស្ទីន និងប្រទេសនានាដែលស្ថិតនៅជុំវិញសមុទ្រមេឌីទែរ៉ាណេ រហូតទៅដល់ក្រុងរ៉ូមជារាជធានីរបស់ចក្រភពរ៉ូម៉ាំង។
នៅក្រុងយេរូសាឡឹម នៅស្រុកយូដា និងនៅស្រុកសាម៉ារី អ្នកជឿលើព្រះយេស៊ូសុទ្ធសឹងតែជាជនជាតិអ៊ីស្រាអែល។ ក្រោយមក មានជនជាតិដទៃជាច្រើននាំគ្នាជឿលើព្រះអង្គដែរ ហើយគេក៏រួមគ្នាជាក្រុមជំនុំឡើង ជាពិសេសនៅក្រុងអន់ទីយ៉ូក ក្រុងភីលីព និងក្រុងកូរិនថូស។ ល។
ក្នុងគម្ពីរ «កិច្ចការរបស់សាវ័ក» នេះ លោកលូកាបានចែងទុកអំពីពាក្យពេចន៍ និងសុន្ទរកថារបស់ក្រុមសាវ័កដែលយកចិត្តទុកដាក់ប្រកាសផ្សាយដំណឹងល្អដល់ជនជាតិយូដា និងជនជាតិដទៃ។ ទោះបីអស់លោកទាំងនោះពន្យល់តាមរបៀបប្លែកៗពីគ្នាក៏ដោយ ក៏មានព្រះវិញ្ញាណតែមួយបំភ្លឺ ដើម្បីណែនាំមនុស្សគ្រប់អរិយធម៌ គ្រប់ភាសា ឲ្យជឿសង្ឃឹមលើព្រះយេស៊ូតែមួយព្រះអង្គ។ តាមគម្ពីរកិច្ចការនេះ យើងអាចស្គាល់ដើមកំណើតក្រុមគ្រិស្តបរិស័ទដែលនឹករឭកព្រះបន្ទូលរបស់ព្រះយេស៊ូ និងកិច្ចការដែលព្រះអង្គបានធ្វើ។ គឺក្រុមគ្រិស្តបរិស័ទទាំងនោះហើយដែលបានចងក្រងគម្ពីរដំណឹងល្អ និងគម្ពីរសម្ពន្ធមេត្រីថ្មីទាំងមូល។
គម្រោងរបស់គម្ពីរកិច្ចការ
• ការរៀបចំបេសកកម្មរបស់ក្រុមគ្រិស្តបរិស័ទ (១.១-២៦):
-ព្រះរាជបញ្ជាចុងក្រោយ និងព្រះបន្ទូលសន្យារបស់ព្រះយេស៊ូ (១.១-១៤)។
-ការជ្រើសរើសសាវ័កមួយរូបជំនួសលោកយូដាស (១.១៥-២៦)។
• គ្រិស្តបរិស័ទប្រកាសដំណឹងល្អនៅក្រុងយេរូសាឡឹម (២.១–៨.៣)។
• គ្រិស្តបរិស័ទប្រកាសដំណឹងល្អនៅស្រុកយូដា និងស្រុកសាម៉ារី (៨.៤–១២.២៥)។
• បេសកកម្មរបស់លោកប៉ូល (១៣.១-២៨.៣១):
-ដំណើរប្រកាសដំណឹងល្អលើកទីមួយ (១៣.១–១៤.២៨)។
-មហាសន្និបាតនៅក្រុងយេរូសាឡឹម (១៥.១-៣៥)។
-ដំណើរប្រកាសដំណឹងល្អលើកទីពីរ (១៥.៣៦–១៨.២២)។
-ដំណើរប្រកាសដំណឹងល្អលើកទីបី (១៨.២៣–២១.១៦)។
-លោកប៉ូលជាប់ឃុំឃាំងនៅក្រុងយេរូសាឡឹម ក្រុងសេសារា និងក្រុងរ៉ូម (១៣.១–១៤.២៨)។
Valgt i Øjeblikket:
កិច្ចការ ពាក្យលំនាំ: គខប
Markering
Del
Kopiér

Vil du have dine markeringer gemt på tværs af alle dine enheder? Tilmeld dig eller log ind
Khmer Standard Version © 2005 United Bible Societies.