លូកា 20

20
គេ​ចោទ​សួរ​ពី​អំណាច​របស់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២១.២៣-២៧ ម៉ាកុស ១១.២៧-៣៣)
1មាន​មួយ​ថ្ងៃ កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ប្រជា‌ជន ព្រម​ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ​ក៏​មក​ដល់ 2គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? តើ​អ្នក​ណា​បាន​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?» 3ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្តី​មួយ​ដែរ ចូរ​ប្រាប់​មក​ខ្ញុំ​សិន 4តើ​ពិធី​ជ្រមុជ​របស់​យ៉ូហាន មក​ពី​ស្ថាន‌សួគ៌ ឬ​មក​ពី​មនុស្ស?» 5គេ​ក៏​រិះ‌គិត​គ្នា​ថា៖ «បើ​យើង​ថា "មក​ពី​ស្ថាន‌សួគ៌" នោះ​គាត់​នឹង​សួរ​យើង​វិញ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់" 6តែ​បើ​យើង​ឆ្លើយ​ថា "មក​ពី​មនុស្ស" នោះ​ប្រជា‌ជន​នឹង​យក​ថ្ម​គប់​យើង​មិន​ខាន ព្រោះ​គេ​ជឿ​ប្រាកដ​ថា យ៉ូហាន​នេះ​ជា​ហោរា​មែន»។ 7រួច​គេ​ទូល​ឆ្លើយ​ថា គេ​មិន​ដឹង​ថា​មក​ពី​ណា​ទេ។ 8ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា​ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​អំណាច​អ្វី​ដែរ»។
រឿង​ប្រៀប​ធៀប​អំពី​អ្នក​ថែ​រក្សា​ចម្ការ​ទំពាំង​បាយ​ជូរ
(ម៉ាថាយ ២១.៣៣-៤៦ ម៉ាកុស ១២.១-១២)
9ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា‌ជន ជា​រឿង​ប្រៀប​ធៀប​នេះ​ថា៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំង​បាយ​ជូរ​ក្នុង​ចម្ការ​មួយ ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ រួច​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផ្សេង​ទៀត អស់​រយៈ​ពេល​ជា​យូរ។ 10លុះ​ដល់​រដូវ​ទុំ​ហើយ គាត់​ក៏​ចាត់​បាវ​បម្រើ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ឲ្យ​គេ​ចែក​ផល​ទំពាំង​បាយ​ជូរ​មក​គាត់ តែ​ពួក​អ្នក​ទាំង​នោះ​បាន​វាយ​អ្នក​បម្រើ ហើយ​បណ្ដេញ​គាត់​ឲ្យ​មក​វិញ​ដៃ​ទទេ។ 11បន្ទាប់​មក គាត់​បាន​ចាត់​បាវ​បម្រើ​មា្នក់​ទៀត​ឲ្យ​ទៅ តែ​គេ​វាយ​អ្នក​បម្រើ​នោះ​ដែរ ទាំង​ដៀល‌ត្មះ ហើយ​បណ្តេញ​ឲ្យ​មក​វិញ​ដៃ​ទទេ។ 12គាត់​ក៏​ចាត់​អ្នក​ទី​បី​ឲ្យ​ទៅ​ទៀត តែ​គេ​វាយ​អ្នក​នោះ​ឲ្យ​មាន​របួស រួច​បោះ​ចោល​ទៅ​ក្រៅ។ 13ពេល​នោះ ម្ចាស់​ចម្ការ​គិត​ថា "តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច? យើង​នឹង​ចាត់​កូន​សម្លាញ់​របស់​យើង​ឲ្យ​ទៅ​ទៀត ក្រែង​កាល​ណា​គេ​ឃើញ គេ​មុខ​ជា​នឹង​កោត​ខ្លាច​ដល់​កូន​នោះ"។ 14ប៉ុន្តែ ពេល​ពួក​ធ្វើ​ចម្ការ​បាន​ឃើញ គេ​រិះ​គិត​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក ចូរ​យើង​សម្លាប់​វា​ចោល​ទៅ ដើម្បី​ឲ្យ​មត៌ក​ធ្លាក់​មក​លើ​យើង​វិញ"។ 15គេ​ក៏​បោះ​គាត់​ទៅ​ក្រៅ​ចម្ការ ហើយ​សម្លាប់​ចោល ដូច្នេះ តើ​ម្ចាស់​ចម្ការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច? 16គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចម្ការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ ពេល​ពួក​គេ​បាន​ឮ​សេចក្តី​នោះ​ហើយ គេ​ក៏​ទូល​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។ 17ព្រះ‌អង្គ​ទត​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សេចក្តី​ដែល​ចែង​ថា
"ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​បោះ​ចោល
បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក"
នោះ​តើ​មាន​ន័យ​ដូច​ម្តេច? 18អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ នឹង​ត្រូវ​បាក់​បែកខ្ទេច​ខ្ទី តែ​អ្នក​ណា​ដែល​ថ្ម​នោះ​ធ្លាក់​លើ នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ» ។ 19នៅ​ពេល​នោះ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​រក​មធ្យោ‌បាយ​ចាប់​ព្រះ‌អង្គ ដ្បិត​គេ​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រឿង​ប្រៀប​ធៀប​នោះ​ដាក់​គេ តែ​គេ​ខ្លាច​បណ្តា‌ជន។
គេ​ចោទ​សួរ​ព្រះ‌យេស៊ូវ​អំពី​ការ​បង់​ពន្ធ
(ម៉ាថាយ ២២.១៥-២២ ម៉ាកុស ១២.១៣-១៧)
20ពួក​គេ​ឃ្លាំ​មើល​ព្រះ‌អង្គ ហើយ​ក៏​ចាត់​ពួក​សម្ងាត់​ខ្លះ​ទៅ ដែល​ធ្វើ​ឫក​ជា​ត្រឹម​ត្រូវ ដើម្បី​ចាប់​កំហុស​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ហើយ​ចាប់​បញ្ជូន​ព្រះ‌អង្គ​ទៅ​សាលា​ក្តី និង​ក្នុង​អំណាច​របស់​លោក​ទេសា‌ភិបាល។ 21អ្នក​ទាំង​នោះ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ និង​បង្រៀន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ 22ដូច្នេះ តើ​គួរ​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?» 23ដោយ​ព្រះ‌អង្គ​ជ្រាប​ពី​ឧបាយ‌កល​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ​ដូច្នេះ? 24ចូរ​បង្ហាញ​កាក់​មួយ​ដេណារី​មក​ឲ្យ​ខ្ញុំ​មើល តើ​រូប និង​ឈ្មោះ​នេះ​ជា​របស់​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «សេសារ»។ 25ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ថ្វាយ​ទៅ​ព្រះ​វិញ»។ 26គេ​មិន​អាច​ចាប់​ព្រះ‌បន្ទូល​ព្រះ‌អង្គ​នៅ​មុខ​ប្រជា‌ជន​ទាំង‌ឡាយ​បាន​ឡើយ ហើយ​គេ​មាន​សេចក្ដី​អស្ចារ្យ​នឹង​ចម្លើយ​របស់​ព្រះ‌អង្គ រួច​គេ​ក៏​នៅ​ស្ងៀម។
គេ​ចោទ​សួរ​ព្រះ‌យេស៊ូវ​អំពី​ការ​រស់​ឡើង​វិញ
(ម៉ាថាយ ២២.២៣-៣៣ ម៉ាកុស ១២.១៨-២៧)
27មាន​ពួក​សាឌូស៊ី​ខ្លះ ដែល​ប្រកាន់​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ គេ​មក​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា៖ 28«លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​ប្រុស​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​បន្ត​ពូជ​ឲ្យ​បង ។ 29ដូច្នេះ មាន​បង‌ប្អូន​ប្រាំ​ពីរ​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន។ 30ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅទាំង​គ្មាន​កូន​ដែរ 31អ្នក​ទី​បី​ក៏​យក​នាង​ទៀត ហើយ​បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់ បាន​យក​នាង​គ្រប់​គ្នា តែ​ស្លាប់​ទៅ​ទាំងគ្មាន​កូន​ដូច​គ្នា​ទាំង​អស់។ 32ទី​បំផុត នាង​នោះ​ស្លាប់​ទៅ​ដែរ។ 33ដូច្នេះ ដល់​គ្រា​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​អ្នក​ទាំង​ប្រាំ​ពីរ​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា»។
34ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ធម្មតា មនុស្ស​នៅ​លោកីយ៍​នេះ គេ​តែង​យក​ប្តី​ប្រពន្ធ 35ប៉ុន្តែ អស់​អ្នក​ដែល​បាន​រាប់​ជា​ស័ក្តិ‌សម​នឹង​បាន​ទៅ​ឯ​បរ‌លោក ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​យក​ប្តី​ប្រពន្ធ​ទៀត​ទេ។ 36គេ​មិន​ចេះ​ស្លាប់​ទេ គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។ 37រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ​នោះ លោក​ម៉ូសេ​ក៏​បាន​បង្ហាញ​ដែរ ក្នុង​រឿង​ពី​គុម្ព​បន្លា គឺ​ពេល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​របស់​លោក​អ័​ប្រាហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ។ 38ដ្បិត​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់ ដ្បិត​នៅ​ចំពោះ​ព្រះ‌អង្គ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។ 39មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់»។ 40ពួក​គេ​ក៏​លែង​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ពី​អ្វី​ទៀត​ដែរ។
សំណួរ​អំពី​ព្រះ‌រាជ‌វង្ស​ព្រះបាទ​ដាវីឌ
(ម៉ាថាយ ២២.៤១-៤៦ ម៉ាកុស ១២.៣៥-៣៧)
41ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​គេ​អាច​និយាយ​ថា​ព្រះ‌គ្រីស្ទ​ជា​ព្រះរាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ? 42ព្រោះ​ព្រះ‌បាទ​ដាវីឌ​ផ្ទាល់ មាន​រាជ​ឱង្ការ​នៅ​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង 43ទាល់​តែ​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ​បាទ​ព្រះ‌អង្គ"។ 44បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ទ​ថា​ជា​ព្រះ‌អម្ចាស់ ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​អាច​ជា​ព្រះ‌រាជវង្ស​របស់​ព្រះ‌អង្គ​ដូច​ម្តេច​បាន?»
ព្រះ‌យេស៊ូវ​ប្រាប់​ឲ្យ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ
(ម៉ាថាយ ២៣.១-៣៦ ម៉ាកុស ១២.៣៨-៤០)
45ពេល​ប្រជា‌ជន​កំពុង​ស្តាប់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ 46«ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​ដើរ​ចុះ​ឡើង​ពាក់​អាវ​វែង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​ខ្លួន​នៅ​តាម​ទី​ផ្សារ ចង់​អង្គុយ​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ និង​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់​លៀង។ 47តែ​គេ​ឆ​បោក​នៅ​ផ្ទះ​ស្រី​មេម៉ាយ ដោយ​ធ្វើ​ពុត​ជា​សូត្រ​ពាក្យ​អធិស្ឋាន​យ៉ាង​វែង។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។

Markering

Del

Kopiér

None

Vil du have dine markeringer gemt på tværs af alle dine enheder? Tilmeld dig eller log ind