Logo YouVersion
Ikona vyhledávání

លោកុប្បត្តិ 3

3
1 ពស់​ជា​សត្វ​មួយ​មាន​កល‌ល្បិច​ជាង​គេ ក្នុង​ចំណោម​សត្វ​ព្រៃ​ទាំង​អស់​ដែល​ព្រះ‌ជា‌អម្ចាស់​បង្កើត​មក។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សួន​ឧទ្យាន​មែន​ឬ?»។ 2ស្ត្រី​ពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​សួន​ឧទ្យាន​បាន 3រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​កណ្ដាល​សួន​ឧទ្យាន​នោះ​វិញ ព្រះ‌ជាម្ចាស់​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ដែរ បើ​ពុំ​នោះ​ទេ អ្នក​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។ 4ពេល​នោះ ពស់​ប្រាប់​ស្ត្រី​ថា៖ «ទេ! អ្នក​ទាំង​ពីរ​នឹង​មិន​ស្លាប់​ទេ។ 5ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ជ្រាប​ថា ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ ដែល​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ជា​មិន​ខាន»។
6ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រស‌ជាតិ​ឆ្ងាញ់​ពិសា គួរ​ឲ្យ​គយ‌គន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។ 7ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ។ អ្នក​ទាំង​ពីរ​ក៏​បេះ​ស្លឹក​ល្វា​មក​ខ្ទាស់​ធ្វើ​ជា​ប៉ឹង​បិទ‌បាំង​កាយ។
8អ្នក​ទាំង​ពីរ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជា‌អម្ចាស់ ដែល​យាង​កាត់​សួន​ឧទ្យាន នៅ​ពេល​មាន​ខ្យល់​បក់​រំភើយៗ បុរស និង​ស្ត្រី​ក៏​នាំ​គ្នា​រត់​ពួន​ក្រោយ​ដើម​ឈើ​ក្នុង​សួន​ឧទ្យាន កុំ​ឲ្យ​ព្រះ‌ជា‌អម្ចាស់​ទត​ឃើញ។ 9ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?» 10គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ទូលបង្គំ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូលបង្គំ​ភ័យ​ណាស់ ព្រោះ​ទូលបង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ពួន»។ 11ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។ 12បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​មក​នៅ​ជា​មួយ​ទូលបង្គំ​នោះ បាន​ឲ្យ​ផ្លែ​ឈើ​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​ទទួល​ទាន​ដែរ»។ 13 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។ 14ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​សត្វ​ពស់​ថា៖
«ដោយ​ឯង​បាន​ធ្វើ​ដូច្នេះ
ក្នុង​បណ្ដា​សត្វ​ស្រុក សត្វ​ព្រៃ​ទាំង​ប៉ុន្មាន
ឯង​នឹង​ត្រូវ​បណ្ដាសា​ហើយ។
ឯង​ត្រូវ​តែ​លូន​នឹង​ពោះ
ហើយ​ស៊ី​តែ​ធូលី​ដី​អស់​មួយ​ជីវិត។
15 យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី
ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី
ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា
ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង
ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។
16ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ត្រី​ថា៖
«នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះ
យើង​នឹង​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង
នាង​នឹង​សម្រាល​កូន​ទាំង​ឈឺ​ចុក​ចាប់។
តណ្ហា​ជំរុញ​នាង​ឲ្យ​ត្រូវ​ការ​ប្ដី
តែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។
17 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​អដាំ​ថា៖ «ដោយ​អ្នក​បាន​ស្ដាប់​តាម​ពាក្យ​ប្រពន្ធ ហើយ​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម‌ប្រាម​នោះ
ដី​នឹង​ត្រូវ​បណ្ដាសា ព្រោះ​តែ​អ្នក។
ដូច្នេះ អ្នក​នឹង​កាប់​គាស់​ដី​ចិញ្ចឹម​ជីវិត​យ៉ាង​វេទនា
ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។
18ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ
ហើយ​អ្នក​នឹង​បរិភោគ​តិណ‌ជាតិ​ទាំង‌ឡាយ
ដែល​ដុះ​នៅ​តាម​ទី​វាល។
19អ្នក​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​បង្ហូរ​ញើស
រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ
ដ្បិត​អ្នក​មាន​កំណើត​មក​ពី​ដី។
អ្នក​កើត​ពី​ធូលី​ដី
អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»។
20បុរស​ដាក់​ឈ្មោះ​ឲ្យ​ប្រពន្ធ​ថា “អេវ៉ា” ដ្បិត​នាង​ជា​មាតា​របស់​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។ 21ព្រះ‌ជា‌អម្ចាស់​បាន​យក​ស្បែក​សត្វ​មក​ធ្វើ​ជា​សម្លៀក‌បំពាក់​ឲ្យ​លោក​អដាំ និង​ភរិយា​របស់​គាត់។ 22 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ មនុស្ស​ក៏​ស្គាល់​ល្អ ស្គាល់​អាក្រក់ បាន​ទៅ​ជា​ម្នាក់​ដូច​យើង​ដែរ ដូច្នេះ គួរ​តែ​យើង​រារាំង​គេ កុំ​ឲ្យ​លូក​ដៃ​បេះ​ផ្លែ​ពី​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​ថែម​ទៀត​ឡើយ ក្រែង​គេ​បរិភោគ​ទៅ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច»។
23 ព្រះ‌ជា‌អម្ចាស់​ក៏​បណ្ដេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន ដើម្បី​ទៅ​ភ្ជួរ​រាស់​ដី​ដែល​ព្រះអង្គ​បាន​សូន​បង្កើត​គេ​មក​នោះ។ 24ក្រោយ​ពី​បណ្តេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន​ហើយ ព្រះអង្គ​ដាក់​ចេរូប៊ីន*​នៅ​ខាង​កើត​សួន កាន់​ដាវ​ភ្លើង​ដែល​ជា​រន្ទះ​ការពារ​ផ្លូវ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​កាន់​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​នោះ​បាន​ឡើយ។

Zvýraznění

Sdílet

Kopírovat

None

Chceš mít své zvýrazněné verše uložené na všech zařízeních? Zaregistruj se nebo se přihlas