ទំនុកតម្កើង 88
88
សេចក្ដីស្លាប់បានខិតមកជិតទូលបង្គំហើយ
ចម្រៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើង របស់កូនចៅលោកកូរេ។ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ចាប់ផ្ដើមជាមួយខ្លុយ។ កំណាព្យរបស់លោកហេម៉ាន់ជាអ្នកស្រុកអេសរ៉ាគីត។
1ឱព្រះអម្ចាស់
ជាព្រះសង្គ្រោះនៃទូលបង្គំអើយ
ពេលថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ
ហើយពេលយប់
ទូលបង្គំនៅតែរកព្រះអង្គដដែល។
2សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ
បានឡើងទៅដល់ព្រះអង្គ!
សូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែក
របស់ទូលបង្គំផង!
3ដ្បិតទូលបង្គំមានទុក្ខខ្លោចផ្សាឥតឧបមា
សេចក្ដីស្លាប់បានខិតមកជិតទូលបង្គំហើយ។
4គេចាត់ទុកទូលបង្គំជាអ្នកស្ថិតនៅក្នុងចំណោម
មនុស្សដែលត្រូវធ្លាក់ទៅក្នុងរណ្ដៅ
ឬជាអ្នកស្ថិតនៅក្នុងចំណោមមនុស្ស
ដែលលែងមានកម្លាំងទៀត។
5ទូលបង្គំដេកស្តូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ
ទូលបង្គំប្រៀបបាននឹងអស់អ្នកដែលព្រះអង្គ
លែងនឹកនា និងលែងជួយទៀត។
6ព្រះអង្គបានបោះទូលបង្គំទៅក្នុងរណ្ដៅដ៏ជ្រៅ
ទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។
7ព្រះពិរោធរបស់ព្រះអង្គសង្កត់មកលើទូលបង្គំ
ដូចទឹករលកបក់បោកមកលើទូលបង្គំ។
- សម្រាក
8ព្រះអង្គបានធ្វើឲ្យអស់អ្នក
ដែលជិតស្និទ្ធនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ
ព្រះអង្គធ្វើឲ្យអ្នកទាំងនោះខ្ពើមទូលបង្គំ
ទូលបង្គំគេចពីស្លាប់មិនរួចឡើយ។
9ភ្នែកទូលបង្គំស្រវាំង
ដោយកើតទុក្ខវេទនាខ្លាំងពេក
ឱព្រះអម្ចាស់អើយ
ទូលបង្គំអង្វរព្រះអង្គជារៀងរាល់ថ្ងៃ!
ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ!
10តើព្រះអង្គអាចធ្វើការអស្ចារ្យ
សម្រាប់មនុស្សស្លាប់បានឬ?
តើមនុស្សដែលស្លាប់ទៅហើយ
អាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ?
- សម្រាក
11តើអ្នកនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអង្គ
ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ
អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្រ
របស់ព្រះអង្គកើតឬ?
12តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់
ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គបានឬ?
តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ
អាចស្គាល់សេចក្ដីសុចរិត
របស់ព្រះអង្គដូចម្ដេចបាន?
13ឱព្រះអម្ចាស់អើយ
ទូលបង្គំស្រែកអង្វរព្រះអង្គ
ទូលបង្គំចូលមកអធិស្ឋាន
នៅចំពោះព្រះភ័ក្ត្រព្រះអង្គតាំងពីព្រឹក។
14ឱព្រះអម្ចាស់អើយ
ហេតុអ្វីបានជាព្រះអង្គបោះ
បង់ចោលទូលបង្គំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ?
15ទូលបង្គំលំបាកវេទនា
ជិតស្លាប់តាំងពីក្មេងមកម៉្លេះ
ព្រះអង្គធ្វើឲ្យទូលបង្គំភ័យ
តក់ស្លុតអស់សង្ឃឹម។
16ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ
សង្កត់មកលើទូលបង្គំ
ព្រះអង្គធ្វើឲ្យទូលបង្គំ
ភ័យតក់ស្លុតបាត់ស្មារតី។
17ទុក្ខទោសទាំងនេះប្រៀបបាន
នឹងមហាសាគរដែលនៅឡោមព័ទ្ធទូលបង្គំ
ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។
18ព្រះអង្គបានយកមិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធ
នឹងទូលបង្គំ ចេញឆ្ងាយពីទូលបង្គំ
គឺមានតែភាពងងឹតប៉ុណ្ណោះ
ដែលនៅជាមួយទូលបង្គំ។
Currently Selected:
ទំនុកតម្កើង 88: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.