YouVersion Logo
Search Icon

ទំនុកតម្កើង 69

69
ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ណាស់
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «ផ្កា​ម្លិះ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​សង្គ្រោះ​ទូលបង្គំ​ផង
ទឹក​ឡើង​ដល់​ច្រមុះ​ទូលបង្គំ ហើយ!។
2ទូលបង្គំ​កាន់​តែ​ផុង​ខ្លួន​ទៅៗ
ពុំ​មាន​អ្វី​ដែល​ទូលបង្គំ​អាច​តោង​បាន​ឡើយ
ទូលបង្គំ​លិច​ចុះ​ទៅ​ក្នុង​ទឹក
ហើយ​ទឹក​ក៏​ហូរ​នាំ​យក​ទូលបង្គំ​ទៅ។
3ទូលបង្គំ​លែង​មាន​កម្លាំង​ស្រែក​ហៅ
ឲ្យ​គេ​ជួយ​ទៀត​ហើយ
ព្រោះ​ទូលបង្គំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​ក
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​រហូត​ដល់​ផ្សា​ភ្នែក។
4 អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​មូល​ហេតុ
មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល
របស់​ទូលបង្គំ​ទៅ​ទៀត
ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់
ពួក​គេ​រក​ព្យាបាទ​ទូលបង្គំ​ទាំង​យល់​ច្រឡំ
តើ​ឲ្យ​ទូលបង្គំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត
បើ​ទូលបង្គំ​មិន​បាន​យក​របស់​នោះ​សោះ!
5ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជ្រាប​នូវ​អំពើ​លេលា
របស់​ទូលបង្គំ​ស្រាប់​ហើយ
ទោសពៃរ៍​របស់​ទូលបង្គំ
ពុំ​អាច​លាក់​កំបាំង​នឹង​ព្រះអង្គ​ទេ។
6ឱ​ព្រះ‌អម្ចាស់ ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ
សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត
លើ​ព្រះអង្គ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទូលបង្គំ
ឱ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ
សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ
ត្រូវ​បាក់​មុខ ព្រោះ​តែ​ទូលបង្គំ!
7ដ្បិត​ទូលបង្គំ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជេរ​ប្រមាថ
ទូលបង្គំ​សុខ​ចិត្ត​អាម៉ាស់​មុខ ព្រោះ​តែ​ព្រះអង្គ។
8ញាតិ‌សន្ដាន​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ
ដូច​ជន​ដទៃ
បងប្អូន​បង្កើត​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ
ដូច​ជន​បរទេស។
9 មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ
បាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំ
ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក
ដែល​តិះ‌ដៀល​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ។
10ទូលបង្គំ​យំ​សោក​ទាំង​តម​អាហារ
ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​រឹត​តែ
ជេរ​ប្រមាថ​ទូលបង្គំ​ថែម​ទៀត។
11ទូលបង្គំ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ
ហើយ​ពួក​គេ​នាំ​គ្នា​យក​រឿង​ទូលបង្គំ
ទៅ​លេង​សើច។
12គេ​នាំ​គ្នា​និយាយ​ដើម​ទូលបង្គំ
នៅ​តាម​ទី​សាធារណៈ
ហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿង
ទូលបង្គំ​ទៅ​ច្រៀង​ឡក‌ឡឺយ។
13ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​អង្វរ​រក​ព្រះអង្គ
ឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះ‌ហឫទ័យ
ព្រះអង្គ​ហើយ
ឱ​ព្រះ‌ជាម្ចាស់​អើយ
ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង
ព្រះអង្គ​ពិត​ជា​សង្គ្រោះ​ទូលបង្គំ​មិន​ខាន
សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!។
14សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ភក់​ជ្រាំ​នេះ
កុំ​ឲ្យ​ទូលបង្គំ​ផុង​ខ្លួន​ទៀត​ឡើយ!
សូម​ឲ្យ​ទូលបង្គំ​បាន​រួច​ផុត
ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ
សូម​យក​ទូលបង្គំ​ចេញ​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង!
15សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះ
អាច​ហូរ​នាំ​យក​ទូលបង្គំ​ទៅ​បាន​ឡើយ
សូម​កុំ​ឲ្យ​ទឹក​ដ៏​ជ្រៅ​នេះ
កួច​យក​ទូលបង្គំ​ឲ្យ​លិច​លង់
ហើយ​ក៏​សូម​កុំ​ឲ្យ​អណ្ដូង​នេះ
ឃុំ ទូលបង្គំ​ទុក​បាន​ដែរ!
16 ព្រះ‌អម្ចាស់​អើយ
ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស និង​មេត្តា​ករុណា
សូម​ឆ្លើយ​តប​មក​ទូលបង្គំ
ដោយ​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ធំ‌ធេង
សូម​ងាក​មក​ទត​មើល​ទូលបង្គំ​ផង!
17សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ
ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ
សូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់
ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន!
18សូម​យាង​មក​ជិត​ទូលបង្គំ
ហើយ​លោះ​ជីវិត​ទូលបង្គំ
សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ
របស់​ខ្មាំង​សត្រូវ​ផង!
19ដ្បិត​ព្រះអង្គ​ជ្រាប​ហើយ​ថា
ទូលបង្គំ​ត្រូវ​គេ​ជេរ​ប្រមាថ
ត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយស
ព្រះអង្គ​ទត​ឃើញ​បច្ចា‌មិត្ត​ទាំង​ប៉ុន្មាន
របស់​ទូលបង្គំ​ស្រាប់​ហើយ។
20ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ
ទូលបង្គំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រា
ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំ
តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ!
ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំ
តែ​រក​មិន​បាន​ឡើយ!
21 ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង
ម្ហូប​អាហារ​របស់​ទូលបង្គំ
ហើយ​នៅ​ពេល​ទូលបង្គំ​ស្រេក​ទឹក
គេ​បែរ​ជា​យក​ទឹក​ខ្មេះ
មក​ឲ្យ​ទូលបង្គំ​ទៅ​វិញ។
22 សូម​ឲ្យ​តុ និង​ពិធី​ជប់‌លៀង
ដ៏​សក្ការៈ​របស់​ពួក​គេ
ក្លាយ​ទៅ​ជា​អន្ទាក់​នាំ​ពួក​គេ​ឲ្យ​វិនាស!
23សូម​ឲ្យ​ភ្នែក​របស់​គេ​ត្រឡប់
ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញ
ហើយ​សូម​ឲ្យ​គេ​កោង​ខ្នង​រហូត​ត​ទៅ!
24សូម​ព្រះអង្គ​ធ្វើ​ទោស​ពួក​គេ​យ៉ាង​ធ្ងន់
ហើយ​សូម​ធ្វើ​ទារុណ‌កម្ម​ពួក​គេ
ឥត​ត្រា​ប្រណី​ឡើយ។
25 សូម​ឲ្យ​លំ‌នៅ​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ
ហើយ​សូម​កុំ​ឲ្យ​មាន​នរណា​រស់​នៅ
ក្នុង​ផ្ទះ​របស់​ពួក​គេ​ទៀត​ឡើយ!
26ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក
ដែល​ព្រះអង្គ​បាន​ដាក់​ទោស​រួច​ហើយ
ពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​វាយ
ឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។
27សូម​ព្រះអង្គ​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេ
សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ​ឡើយ!
28 សូម​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​បញ្ជី​ជីវិត
សូម​កុំ​រាប់​ពួក​គេ​ចូល​ទៅ
ក្នុង​ចំណោម​មនុស្ស​ឲ្យ​សោះ ។
29ចំពោះ​ទូលបង្គំ ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត
និង​ឈឺ​ចុក​ចាប់ ឱ​ព្រះ‌ជាម្ចាស់​អើយ!
សូម​សង្គ្រោះ​ទូលបង្គំ
សូម​លើក​ទូលបង្គំ​ឡើង​វិញ​ផង។
30ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើង
ព្រះ‌នាម​ព្រះ‌ជាម្ចាស់
ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំ‌ថ្កើង
រុងរឿង​របស់​ព្រះអង្គ ទាំង​កោត​សរសើរ។
31ការ​លើក​តម្កើង​បែប​នេះ
គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់
ជាង​ការ​ថ្វាយ​គោ​ឈ្មោល
ឬ​ថ្វាយ​គោ​ឡើង​ក​ទៅ​ទៀត។
32ពេល​មនុស្ស​ទុគ៌ត​ឃើញ​ព្រះអង្គ​រំដោះ​ខ្ញុំ​ដូច្នេះ
គេ​នឹង​មាន​អំណរ​សប្បាយ។
អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌ជាម្ចាស់​អើយ
សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង!
33ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់
ពាក្យ​របស់​មនុស្ស​កម្សត់​ទុគ៌ត
ហើយ​នៅ​ពេល​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ជាប់​ឃុំ‌ឃាំង ព្រះអង្គ​មិន​បំភ្លេច​គេ​ឡើយ។
34សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី
សរសើរ​តម្កើង​ព្រះអង្គ
ហើយ​សូម​ឲ្យ​សមុទ្រ​ទាំង‌ឡាយ
និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ
សរសើរ​តម្កើង​ព្រះអង្គ​ដែរ
35ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន
ព្រះអង្គ​នឹង​សង់​ក្រុង​ទាំង‌ឡាយ
នៅ​ស្រុក​យូដា​ឡើង​វិញ
ប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុក
ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។
36ពូជ‌ពង្ស​អ្នក​បម្រើ​របស់​ព្រះអង្គ
នឹង​ទទួល​ទឹក​ដី​ជា​មត៌ក
ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះអង្គ
នឹង​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy