YouVersion Logo
Search Icon

ទំនុកតម្កើង 65

65
ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះអង្គ
បទ​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
1ឱ​ព្រះ‌ជាម្ចាស់​អើយ
យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះអង្គ
នៅ​ក្រុង​ស៊ីយ៉ូន
ហើយ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​យើង​ខ្ញុំ
បាន​សន្យា​ចំពោះ​ព្រះអង្គ។
2ព្រះអង្គ​តែងតែ​ស្ដាប់​ពាក្យ​ទូល‌អង្វរ
របស់​មនុស្ស​លោក​ជានិច្ច
ពួក​គេ នឹង​មក​រក​ព្រះអង្គ​ទាំង​អស់​គ្នា។
3កំហុស​របស់​ទូលបង្គំ​ធ្ងន់‌ធ្ងរ​ណាស់
មាន​តែ​ព្រះអង្គ​ទេ
ដែល​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​បាន។
4មាន​សុភមង្គល​ហើយ​អស់​អ្នក
ដែល​ព្រះអង្គ​ជ្រើស​រើស
ហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទីសក្ការៈ
របស់​ព្រះអង្គ។
យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ព្រះ‌ពរ
នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ
គឺ​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
5ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​យើង​ខ្ញុំ​អើយ
ព្រះអង្គ​ប្រកប​ដោយ​សេចក្ដី​សុចរិត
ព្រះអង្គ​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ
ដោយ​សម្តែង​ឫទ្ធិ‌បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច
ប្រជា‌ជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល
នៃ​ផែនដី និង​នៅ​ខាង​នាយ​សមុទ្រ
នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ!
6ព្រះអង្គ​បាន​ពង្រឹង​ភ្នំ​ទាំង‌ឡាយ​ឲ្យ​រឹង‌មាំ
ដោយ‌សារ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ
ព្រះអង្គ​ប្រកប​ទៅ​ដោយ​ឫទ្ធា‌នុភាព។
7ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សន្ធឹក​រលក​សមុទ្រ
ដ៏​គគ្រឹក‌គគ្រេង​បាន​ស្ងប់‌ឈឹង
ព្រះអង្គ​ក៏​បាន​ធ្វើ​ឲ្យ​សំឡេង
ដ៏​អឺង‌កង​របស់​ប្រជា‌ជន
ទាំង‌ឡាយ​បាន​ស្ងប់​ស្ងៀម​ដែរ។
8អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល
នៃ​ផែនដី​នឹង​នាំ​គ្នា​ស្ញែង​ខ្លាច
ដោយ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន
ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច
មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប។
9ព្រះអង្គ​ថែ​ទាំ​ផែនដី
ដោយ​ប្រទាន​ឲ្យ​ផែនដី​មាន​ទឹក​ដ៏​បរិបូណ៌
ព្រះអង្គ​ប្រទាន​ឲ្យ​ផែនដី​មាន​ភោគ‌ផល
ដ៏​សម្បូណ៌​ហូរ‌ហៀរ
ជ្រលង​ដង​អូ​របស់​ព្រះអង្គ
មាន​ពោរ‌ពេញ​ទៅ​ដោយ​ទឹក
ព្រះអង្គ​ប្រទាន​ស្រូវ​ឲ្យ​មនុស្ស​លោក
ដោយ​រៀបចំ​ដូច​ត​ទៅ​នេះ
10គឺ​ព្រះអង្គ​ស្រោច​ស្រព​ស្រែ​ចម្ការ
ព្រះអង្គ​ធ្វើ​ឲ្យ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ភ្លៀង
ដក់​នៅ​តាម​វាល​ស្រែ
ហើយ​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ
ទាំង‌ឡាយ​ដុះ​ឡើង។
11នៅ​រដូវ​ចម្រូត ព្រះអង្គ​ប្រទាន​ស្រូវ
ដែល​ជា​ព្រះ‌អំណោយ​ទាន​ដ៏​សប្បុរស​បំផុត។
ទី​ណា​ដែល​ព្រះអង្គ​យាង​ទៅ
ទី​នោះ​មាន​ភោគ‌ផល​ដ៏​ហូរ‌ហៀរ។
12រីឯ​នៅ​វាល​រហោ‌ស្ថាន ក៏​មាន​ស្មៅ​ដ៏​បរិបូណ៌
ហើយ​នៅ​តាម​ភ្នំ​នានា
ក៏​មាន​ពោរ‌ពេញ​ទៅ​ដោយ​អំណរ​ដែរ។
13វាល​ស្មៅ​ពោរ‌ពេញ​ទៅ​ដោយ​ហ្វូង​ចៀម
ជ្រលង​ភ្នំ​ពោរ‌ពេញ​ទៅ​ដោយ​ស្រូវ
អ្វីៗ​សព្វ​សារពើ​បន្លឺ​សំឡេង​ច្រៀង​ឡើង
ដោយ​អំណរ​ដ៏​លើស‌លុប!។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in