ទំនុកតម្កើង 53
53
អ្នកជឿព្រះជាម្ចាស់ និងពិភពលោកដ៏អាក្រក់
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយខ្លុយ។ កំណាព្យរបស់ស្ដេចដាវីឌ។
1 មនុស្សឥតគំនិតតែងតែរិះគិតថា
«គ្មានព្រះជាម្ចាស់ទេ»។
ពួកគេជាមនុស្សពាល
ហើយនាំគ្នាប្រព្រឹត្តអំពើព្រៃផ្សៃ
គឺគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ។
2ពីស្ថានបរមសុខ
ព្រះជាម្ចាស់ទតមើលមកមនុស្សលោក
ក្រែងលោមាននរណាម្នាក់មានប្រាជ្ញា
ស្វែងរកព្រះអង្គ។
3ក៏ប៉ុន្តែ ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា
ពួកគេរួមគ្នាប្រព្រឹត្តអំពើពុករលួយ
គ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ
សូម្បីតែម្នាក់ក៏គ្មានផង។
4ព្រះជាម្ចាស់មានព្រះបន្ទូលថា
«តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
ពិតជាមិនយល់អ្វីទាំងអស់ឬ?
ពួកគេចិញ្ចឹមជីវិត
ដោយកេងប្រវ័ញ្ចប្រជារាស្ដ្ររបស់យើង
ហើយមិនដែលគោរពបម្រើយើងទាល់តែសោះ»។
5ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាច
ក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរ
ដ្បិតព្រះជាម្ចាស់ធ្វើឲ្យខ្មាំងសត្រូវ
របស់ប្រជារាស្ដ្រព្រះអង្គស្លាប់ចោលឆ្អឹង
ពួកគេនឹងត្រូវអាម៉ាស់មុខ
ព្រោះព្រះជាម្ចាស់បានកម្ចាត់កម្ចាយពួកគេ។
6សូមឲ្យព្រះអង្គដែលគង់នៅក្រុងស៊ីយ៉ូន
សង្គ្រោះជនជាតិអ៊ីស្រាអែល!
ពេលព្រះជាម្ចាស់នាំប្រជារាស្ដ្ររបស់ព្រះអង្គ
ដែលជាឈ្លើយមកស្រុកវិញ
កូនចៅរបស់លោកយ៉ាកុបនឹង
បានត្រេកអរយ៉ាងខ្លាំង
ប្រជារាស្ដ្រអ៊ីស្រាអែលនឹងមានអំណរ
សប្បាយដ៏លើសលុប។
Currently Selected:
ទំនុកតម្កើង 53: គខប
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.