ទំនុកតម្កើង 5
5
ពាក្យអធិស្ឋានសូមព្រះជាម្ចាស់ការពារ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយខ្លុយ។ ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ!
សូមទ្រង់ព្រះសណ្ដាប់សម្រែកឈឺចាប់
របស់ទូលបង្គំផង។
2ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ
សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែក
របស់ទូលបង្គំផង
ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។
3ឱព្រះអម្ចាស់អើយ!
នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេង
របស់ទូលបង្គំ ទូលបង្គំចូលមកគាល់
ហើយនៅរង់ចាំព្រះអង្គ តាំងពីព្រលឹម។
4ព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហឫទ័យ
នឹងអំពើទុច្ចរិតនោះទេ
អំពើអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ។
5ព្រះអង្គមិនចង់ឃើញមនុស្សព្រហើន
ចូលមកជិតព្រះអង្គទេ
ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្ស
ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។
6ព្រះអង្គនឹងធ្វើឲ្យពួកកុហកវិនាសសាបសូន្យ។
ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម
និងអ្នកមានល្បិចកល។
7រីឯទូលបង្គំវិញ
ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន
ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរស
យ៉ាងខ្លាំងចំពោះទូលបង្គំ
ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ
ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ
របស់ព្រះអង្គ ទាំងគោរពកោតខ្លាច។
8ឱព្រះអម្ចាស់អើយ!
មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ!
សូមដឹកនាំទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យ
របស់ព្រះអង្គ
សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។
9 អ្នកទាំងនោះមានពាក្យសម្ដីមិនទៀងទេ
គេគិតតែចង់បំផ្លិចបំផ្លាញ
អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ
តែមានបង្កប់ទៅដោយពិសពុល
សម្រាប់ប្រហារជីវិត។
10ឱព្រះជាម្ចាស់អើយ
សូមដាក់ទោសគេទៅ!
សូមឲ្យគេវិនាសអន្តរាយ
ដោយសារគម្រោងការរបស់ខ្លួន
គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់
ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គ
ដូច្នេះ សូមកាត់កាល់គេចោលទៅ។
11រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះអង្គ
គេនឹងមានអំណរ
គេនឹងសប្បាយរីករាយរហូតតទៅ
ហើយព្រះអង្គនឹងរក្សាការពារគេ
អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ
នឹងសប្បាយរីករាយរួមជាមួយព្រះអង្គ។
12 ព្រះអម្ចាស់អើយ
ព្រះអង្គប្រទានពរឲ្យមនុស្សសុចរិត
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ប្រៀបបាននឹងខែលការពារគេ។
Currently Selected:
ទំនុកតម្កើង 5: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.