ទំនុកតម្កើង 49
49
កុំទុកចិត្តលើទ្រព្យសម្បត្តិ!
ទំនុកពីសៀវភៅគ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។
1ប្រជាជនទាំងឡាយអើយ
ចូរនាំគ្នាត្រងត្រាប់ស្ដាប់!
មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ
ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
2គឺទាំងអ្នកតូច ទាំងអ្នកធំ
ទាំងអ្នកមាន ទាំងអ្នកក្រ!
3ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសម្តែង
ចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។
4ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ
ហើយខ្ញុំនឹងដោះស្រាយប្រស្នា
ទាំងលេងពិណកំដរផង។
5នៅគ្រាមានអាសន្ន
ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ
ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។
6មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន
គេអួតអាង ព្រោះមានសម្បត្តិស្ដុកស្ដម្ភ។
7ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ
ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់
ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ
8ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់
គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ
ក៏មិនគ្រប់ដែរ។
9តើមនុស្សអាចរស់រហូត
ហើយគេចផុតពីរណ្ដៅមច្ចុរាជបានឬ?
10យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញ
ក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ
គេត្រូវតែស្លាប់ទាំងអស់គ្នា
ហើយទុកទ្រព្យសម្បត្តិខ្លួនឲ្យអ្នកដទៃ។
11គេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេ
នឹងនៅស្ថិតស្ថេររហូតតទៅ
លំនៅដ្ឋានរបស់គេនៅគង់វង្ស
ពីជំនាន់មួយទៅជំនាន់មួយ
ហើយគេដាក់ឈ្មោះដីធ្លីគេ
តាមឈ្មោះរបស់ខ្លួនថែមទៀត។
12ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង
ពុំអាចគេចផុតពីស្លាប់បានទេ
គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ
ដូចសត្វតិរច្ឆាននោះឡើយ។
13រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង
ហើយស្កប់ចិត្តនឹងពាក្យសម្ដីរបស់ខ្លួន
អនាគតរបស់គេនឹងបានដូចតទៅនេះ
- សម្រាក
14អ្នកទាំងនោះប្រៀបដូចជាកូនចៀម
ដែលយកទៅសម្លាប់។
គង្វាលឃ្វាលហ្វូងចៀមយ៉ាងណា
មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។
មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ
រូបកាយរបស់ពួកគេនឹងរលាយសូន្យ
ហើយទៅរស់នៅក្នុងស្ថានមនុស្សស្លាប់។
15ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំ
ឲ្យរួចពីអំណាចនៃសេចក្ដីស្លាប់
ព្រះអង្គនឹងយកខ្ញុំទៅ។
- សម្រាក
16ពេលឃើញនរណាម្នាក់ទៅជាអ្នកមាន
ហើយឃើញទ្រព្យសម្បត្តិចេះតែរីកចម្រើន
កុំភ័យខ្លាចអី
17ដ្បិតពេលស្លាប់ទៅ
គេពុំអាចយកអ្វីទៅជាមួយបានទេ
គឺគេមិនអាចយកទ្រព្យសម្បត្តិ
ចុះទៅក្នុងរណ្ដៅជាមួយឡើយ។
18ទោះបីគេយល់ថា ខ្លួនមានសុភមង្គលក្នុងជីវិតនេះ
ហើយទោះបីមានអ្នកដទៃកោតសរសើរ
ដោយឃើញគេបានចម្រុងចម្រើនក៏ដោយ
19ក៏គង់តែគេត្រូវចុះទៅជួបជុំ
នឹងដូនតារបស់ខ្លួន ចៀសមិនផុត
នៅក្នុងកន្លែងដែលគេពុំអាចមើល
ឃើញពន្លឺទៀតឡើយ។
20មនុស្សដែលមានកិត្តិយសរុងរឿង
តែមិនយល់អ្វីសោះនោះ
គេនឹងបាត់បង់ទៅដូចសត្វតិរច្ឆានដែរ។
Currently Selected:
ទំនុកតម្កើង 49: គខប
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.