YouVersion Logo
Search Icon

ទំនុកតម្កើង 37

37
ចុង​បញ្ចប់​របស់​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ
ទំនុក​របស់​ស្ដេច​ដាវីឌ។
1មិន​ត្រូវ​ចង​កំហឹង​នឹង​អស់​អ្នក
ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ
ហើយ​ក៏​កុំ​ច្រណែន​នឹង​អស់​អ្នក
ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ
2ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ​យ៉ាង​រហ័ស
ដូច​ស្មៅ​ដែល​តែងតែ​ក្រៀម​ស្វិត
និង​ដូច​ផ្កា​ដែល​តែងតែ
ស្រពោន​នោះ​ដែរ។
3ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ
នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ
យ៉ាង​សុខ​ក្សេម‌ក្សាន្ត។
4ចូរ​ស្វែង​រក​សុភមង្គល​ពី​ព្រះ‌អម្ចាស់
នោះ​ព្រះអង្គ​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗ
ដែល​អ្នក​ប្រាថ្នា​ចង់​បាន។
5ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុង
ព្រះ‌ហស្ដ​របស់​ព្រះអង្គ
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ នោះ​ទ្រង់​នឹង​ជួយ​អ្នក។
6ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា
អ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃ
ហើយ​ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា
អ្នក​ជា​មនុស្ស​ទៀង​ត្រង់
ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។
7ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ហើយ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទៅ
មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក
ដែល​បាន​ចម្រុង‌ចម្រើន​នោះ​ឡើយ
ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស
ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។
8ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្ត
ក្ដៅ​ក្រហាយ​នោះ​ចោល​ទៅ
កុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែ
បង្ក​ឲ្យ​មាន​ការ​អាក្រក់។
9 ព្រះ‌អម្ចាស់​នឹង​កាត់‌កាល់​អស់​អ្នក
ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
តែ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ
នឹង​ទទួល​ទឹក​ដី​ជា​មត៌ក។
10នៅ​តែ​បន្តិច​ទៀត
នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ!
ទោះ​បី​អ្នក​ខំ​រក​មើល​កន្លែង​ដែល​គេ​ធ្លាប់​នៅ
ក៏​មិន​ឃើញ​មាន​អ្វី​ដែរ។
11 រីឯ​មនុស្ស​ទន់‌ទាប​វិញ
គេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក
ហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេម‌ក្សាន្ត។
12មនុស្ស​អាក្រក់​តែងតែ​ឃុប‌ឃិត​ប្រឆាំង
នឹង​មនុស្ស​សុចរិត
ទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង
13ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់
ព្រោះ​ព្រះអង្គ​ជ្រាប​ថា
ពេល​ដែល​គេ​ត្រូវ​វិនាស ជិត​មក​ដល់​ហើយ។
14មនុស្ស​អាក្រក់​នាំ​គ្នា​ហូត​ដាវ យឹត​ធ្នូ
ដើម្បី​ប្រហារ​ជីវិត​មនុស្ស​ក្រីក្រ​ទុគ៌ត
និង​អារ-ក​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់។
15ប៉ុន្តែ ដាវ​របស់​គេ​នឹង​ចាក់​ទម្លុះ
បេះ‌ដូង​របស់​ខ្លួន​ឯង
ហើយ​ធ្នូ​របស់​គេ​នឹង​ត្រូវ​បាក់​បែក​អស់។
16ទ្រព្យ​តែ​បន្តិច‌បន្តួច​របស់​មនុស្ស​សុចរិត
ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ
របស់​មនុស្ស​អាក្រក់
17ដ្បិត​ព្រះ‌អម្ចាស់​នឹង​ជួយ​គាំទ្រ​មនុស្ស​សុចរិត
តែ​ព្រះអង្គ​នឹង​បំបាក់​កម្លាំង
របស់​មនុស្ស​អាក្រក់​វិញ។
18 ព្រះ‌អម្ចាស់​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់
នឹង​ជីវិត​របស់​មនុស្ស​ឥត​សៅ‌ហ្មង
ព្រះអង្គ​នឹង​ថែ‌រក្សា​ទឹក​ដី​របស់​គេ
ឲ្យ​បាន​គង់‌វង្ស​រហូត​ត​ទៅ។
19នៅ​គ្រា​មាន​អាសន្ន គេ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ
ហើយ​នៅ​គ្រា​មាន​ទុរ្ភិក្ស
គេ​នឹង​បាន​បរិភោគ​ឆ្អែត។
20រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យ
ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់
ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចី
ដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។
21មនុស្ស​អាក្រក់​ខ្ចី​អ្វីៗ​ពី​គេ
ហើយ​មិន​ដែល​សង​វិញ​ឡើយ
រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​មាន​ចិត្ត​ទូលាយ
និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ។
22អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរ
នឹង​ទទួល​ទឹក​ដី​ជា​មត៌ក
រីឯ​អ្នក​ដែល​ព្រះអង្គ​ដាក់​បណ្ដាសា​វិញ
នឹង​ត្រូវ​កាត់‌កាល់​ចោល។
23 ព្រះ‌អម្ចាស់​ពង្រឹង​ជំហាន​របស់​មនុស្ស​ឲ្យ​បាន​មាំ‌មួន
ហើយ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ
នឹង​មាគ៌ា​របស់​គេ។
24ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង
គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ
ព្រោះ​ព្រះ‌អម្ចាស់​កាន់​ដៃ​គេ​ជាប់។
25តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះ
ខ្ញុំ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​បោះ​បង់​ចោល
មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅ
របស់​គេ​សុំ​ទាន​ដែរ។
26មនុស្ស​សុចរិត​តែងតែ​មាន​ចិត្ត​អាណិត​មេត្តា
និង​ចេះ​ឲ្យ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចី
គេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ព្រះ‌ពរ។
27ចូរ​ចៀស‌វាង​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ
ធ្វើ​ដូច្នេះ អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ
28ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ
នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ព្រះអង្គ​ថែ‌រក្សា
អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​ជានិច្ច
ព្រះអង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយ
តែ​ព្រះអង្គ​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស
អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។
29មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក
ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។
30មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក
នូវ​ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។
ហើយ​អណ្ដាត​របស់​គេ​គ្រលាស់
ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ
31ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ដក់​នៅ​ក្នុង​ដួង​ចិត្ត
របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក
ពី​មាគ៌ា​របស់​ព្រះអង្គ​ឡើយ។
32មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត
ហើយ​រក​មធ្យោ‌បាយ​ចាំ​សម្លាប់​គេ​ផង។
33ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​បោះ​បង់​មនុស្ស​សុចរិត
ឲ្យ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស អាក្រក់​ឡើយ
ហើយ​ប្រសិន​បើ​គេ​កាត់​ក្ដី​មនុស្ស​សុចរិត
ទ្រង់​ក៏​មិន​បណ្ដោយ​ឲ្យ​គេ​ដាក់​ទោស​បាន​ដែរ។
34ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់
ហើយ​កាន់​តាម​មាគ៌ា​របស់​ព្រះអង្គ​ទៅ
នោះ​ព្រះអង្គ​នឹង​លើក​កិត្តិយស​អ្នក​ឡើង
ឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌ក
ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់
ត្រូវ​កាត់‌កាល់​ចោល។
35ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ
គេ​រីក​ចម្រើន​ឡើង
ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។
36ក្រោយ​មក គេ​រលាយ​បាត់​សូន្យ​ទៅ
ខ្ញុំ​ខំ​រក​មើល​គេ តែ​រក​មិន​ឃើញ​សោះ។
37ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់
ដែល​គ្មាន​ចិត្ត​វៀច‌វេរ មនុស្ស​សន្សំ​សុខ
តែងតែ​មាន​អនាគត​រុងរឿង​ជានិច្ច។
38រីឯ​មនុស្ស​បាប​វិញ នឹង​ត្រូវ​វិនាស​សូន្យ​អស់​ទៅ
ហើយ​មនុស្ស​ទមិឡ នឹង​គ្មាន
អនាគត​ភ្លឺ​ស្វាង​សោះ​ឡើយ។
39 ព្រះ‌អម្ចាស់​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត
ហើយ​ព្រះអង្គ​ជា​កំពែង​ការពារ​គេ
នៅ​គ្រា​មាន​អាសន្ន។
40 ព្រះ‌អម្ចាស់​សង្គ្រោះ និង​រំដោះ​ពួក​គេ
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់
ព្រះអង្គ​សង្គ្រោះ​ពួក​គេ ពី‌ព្រោះ​ពួក​គេ
មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​ព្រះអង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in