ទំនុកតម្កើង 30
30
ព្រះអង្គប្រោសទូលបង្គំឲ្យជា
ទំនុកតម្កើង ។ បទសម្រាប់ច្រៀងនៅពេលសម្ពោធព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ!
ទូលបង្គំសូមលើកតម្កើងព្រះអង្គ
ព្រោះព្រះអង្គបានជួយស្រោចស្រង់ទូលបង្គំ
ព្រះអង្គពុំបានទុកឲ្យខ្មាំងសត្រូវ
យករឿងទូលបង្គំទៅលេងសើចឡើយ។
2ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!
ទូលបង្គំបានស្រែកអង្វរព្រះអង្គ
ហើយព្រះអង្គប្រោសទូលបង្គំឲ្យបានជា។
3ឱព្រះអម្ចាស់អើយ
ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ
ចេញពីចំណោមមនុស្សស្លាប់
ទូលបង្គំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជ
តែព្រះអង្គប្រោសទូលបង្គំឲ្យរស់ឡើងវិញ។
4អ្នករាល់គ្នាដែលជាប្រជារាស្ត្រ
របស់ព្រះអង្គអើយ
ចូរស្មូត្រទំនុកតម្កើង ព្រះអម្ចាស់!
ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ!
5ដ្បិតព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់
តែព្រះអង្គប្រណីសន្ដោសយើងអស់មួយជីវិត។
ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង
យើងនឹងអរសប្បាយវិញ។
6នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា
ទូលបង្គំនឹងមិនត្រូវរលំឡើយ!។
7ឱព្រះអម្ចាស់អើយ!
ព្រះអង្គបានប្រោសឲ្យទូលបង្គំរឹងប៉ឹងដូចភ្នំ
តែប្រសិនបើព្រះអង្គមិនគង់ជាមួយទូលបង្គំទេនោះ
ទូលបង្គំនឹងភ័យខ្លាចក្រៃលែង។
8ឱព្រះអម្ចាស់អើយ!
ទូលបង្គំស្រែកអង្វរព្រះអង្គ
ទូលបង្គំទទូចអង្វរព្រះអម្ចាស់។
9បើព្រះអង្គទុកឲ្យទូលបង្គំស្លាប់
តើបានប្រយោជន៍អ្វី?
បើព្រះអង្គឲ្យទូលបង្គំធ្លាក់ទៅ
ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី?
តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ?
តើគេអាចថ្លែងពីព្រះហឫទ័យស្មោះត្រង់
របស់ព្រះអង្គកើតឬ?
10ឱព្រះអម្ចាស់អើយ
សូមប្រោសមេត្តាស្ដាប់ពាក្យទូលបង្គំ!
ឱព្រះអម្ចាស់អើយ
សូមយាងមកសង្គ្រោះទូលបង្គំផង!។
11ព្រះអង្គបានធ្វើឲ្យការសោកសង្រេង
របស់ទូលបង្គំប្រែទៅជាអំណរសប្បាយ
ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ
ហើយប្រទានសម្លៀកបំពាក់
សម្រាប់ពិធីបុណ្យឲ្យទូលបង្គំវិញ។
12ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ
ទូលបង្គំស្មូត្រទំនុកតម្កើង
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។
Currently Selected:
ទំនុកតម្កើង 30: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.