YouVersion Logo
Search Icon

ទំនុកតម្កើង 22

22
សម្រែក​ទូល‌អង្វរ និង​ពាក្យ​អរ​ព្រះ‌គុណ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «ក្ដាន់​ញី​នៅ​ពេល​ថ្ងៃ​រះ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1 ឱ​ព្រះ​នៃ​ទូលបង្គំ
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ!
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល
ទូលបង្គំ​ដូច្នេះ?
ទូលបង្គំ​បាន​ស្រែក​អង្វរ
តែ​ពុំ​ឃើញ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ​សោះ ។
2ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ!
ទូលបង្គំ​ស្រែក​ហៅ​រក​ព្រះអង្គ​នៅ​ពេល​ថ្ងៃ
តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​ទេ
នៅ​ពេល​យប់​ក៏​ទូលបង្គំ​ស្រែក​ដែរ
តែ​មិន​បាន​ធូរ​ស្បើយ​ឡើយ។
3ប៉ុន្តែ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​គង់​នៅ​លើ​បល្ល័ង្ក
ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​តែង​នាំ​គ្នា
សរសើរ​តម្កើង​ព្រះអង្គ។
4បុព្វ​បុរស​របស់​យើង​ខ្ញុំ​តែងតែ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ
ពួក​លោក​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ជានិច្ច
ហើយ​ព្រះអង្គ​ក៏​បាន​រំដោះ​ពួក​លោក។
5ពួក​លោក​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ
ពួក​លោក​ក៏​បាន​រួច​ពី​ខ្មាំង​សត្រូវ
ដោយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ
ពួក​លោក​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។
6រីឯ​ទូលបង្គំ​វិញ
គេ​លែង​ចាត់​ទុក​ទូលបង្គំ​ថា​ជា​មនុស្ស​ទៀត​ហើយ
គឺ​គេ​ចាត់​ទុក​ជា​ជន្លេន
មនុស្ស‌ម្នា​នាំ​គ្នា​ជេរ​ប្រមាថ
ហើយ​មាក់​ងាយ​ទូលបង្គំ។
7 អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ
គេ​ចំអក​ឲ្យ​ទូលបង្គំ​គ្រប់ៗ​គ្នា
គេ​ពេប‌ជ្រាយ​ដាក់​ទូលបង្គំ
ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ​ផង។
8 គេ​ពោល​ថា “គាត់​ផ្ញើ​វាសនា​លើ​ព្រះ‌អម្ចាស់​ហើយ
ឲ្យ​ព្រះអង្គ​រំដោះ​គាត់​ទៅ
បើ​ព្រះអង្គ​ស្រឡាញ់​គាត់
ឲ្យ​ព្រះអង្គ​សង្គ្រោះ​គាត់​ទៅ!”។
9 ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​បាន​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក
ហើយ​ព្រះអង្គ​បាន​ផ្ញើ​ទូលបង្គំ
ទៅ​ឲ្យ​អ្នក​ម្ដាយ​បំបៅ។
10កាល​ពី​ទូលបង្គំ​កើត​មក
ព្រះអង្គ​បាន​ទទួល​ទូលបង្គំ​ធ្វើ​ជា​កូន
ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ
តាំង​តែ​ពី​មុន​ពេល
ដែល​ទូលបង្គំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។
11ពេល​នេះ ទូលបង្គំ​មាន​ភ័យ​អាសន្ន
គ្មាន​នរណា​ជួយ​ទូលបង្គំ​ទេ
សូម​កុំ​គង់​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ។
12សត្រូវ​របស់​ទូលបង្គំ​ជា​ច្រើន​នាក់​ឡោម‌ព័ទ្ធ
ទូលបង្គំ អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​គោ​បា
ពួក​គេ​នៅ​ជុំ‌វិញ​ទូលបង្គំ
ដូច​គោ​បា​មក​ពី​ស្រុក​បាសាន ។
13ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ទូលបង្គំ
ដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។
14កម្លាំង​របស់​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅៗ
ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ
ឆ្អឹង​ទូលបង្គំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា
ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ទូលបង្គំ
រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។
15បំពង់​ក​របស់​ទូលបង្គំ​ស្ងួត​ដូច​ដី​បែក​ក្រហែង
អណ្ដាត​ទូលបង្គំ​ស្អិត​ជាប់​នឹង​កន្លើត
ព្រះអង្គ​បាន​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ក្នុង​ធូលី​ដី។
16មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូលបង្គំ
ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ទូលបង្គំ
ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ទូលបង្គំ។
17ទូលបង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ​ទាំង​ប៉ុន្មាន
របស់​ទូលបង្គំ​បាន
ហើយ​សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា
សម្លក់‌សម្លឹង​មើល​ទូលបង្គំ។
18 គេ​យក​សម្លៀក‌បំពាក់​ទូលបង្គំ​ទៅ​ចែក​គ្នា
និង​នាំ​គ្នា​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូលបង្គំ ។
19រីឯ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​កុំ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ!
ព្រះអង្គ​ជា​កម្លាំង​នៃ​ទូលបង្គំ
សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់​ផង!។
20សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មុខ​ដាវ
សូម​ដោះ​លែង​ទូលបង្គំ​ឲ្យ
រួច​ផុត​ពី​ចង្កូម​របស់​ឆ្កែ​ទាំង​នេះ!
21សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មាត់​សិង្ហ
និង​រួច​ផុត​ពី​ស្នែង​ក្របី!
ព្រះអង្គ​ឆ្លើយ​តប​មក​ទូលបង្គំ​ហើយ!។
22 ទូលបង្គំ​នឹង​ផ្សព្វ‌ផ្សាយ​អំពី​ព្រះ‌នាម
របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ទូលបង្គំ​ស្គាល់
ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ
នៅ​ក្នុង​អង្គ​ប្រជុំ ។
23អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស
លោក​យ៉ាកុប​អើយ
ចូរ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ!
អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស
លោក​អ៊ីស្រា‌អែល​អើយ
ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!។
24ពេល​មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា
ព្រះអង្គ​មិន​មាក់​ងាយ​ឬ​ព្រងើយ​កន្តើយ
ព្រះអង្គ​មិន​លាក់​ព្រះ‌ភ័ក្ត្រ​ចំពោះ​គេ​ឡើយ
ពេល​មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​រក​ព្រះអង្គ
ទ្រង់​ព្រះ‌សណ្ដាប់​គេ។
25ដោយ​ព្រះអង្គ​បាន​ប្រោស‌ប្រណី​ដល់​ទូលបង្គំ
ទូលបង្គំ​អាច​លើក​តម្កើង​ព្រះអង្គ
នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ
ទូលបង្គំ​នឹង​លា​បំណន់
នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។
26មនុស្ស​ទន់‌ទាប​នឹង​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់
អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់
នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ។
ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ!
27មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក
ដាច់​ស្រយាល​នៃ​ផែនដី នឹង​នឹក​ឃើញ​ព្រះ‌អម្ចាស់
ហើយ​នាំ​គ្នា​បែរ​ចិត្ត​មក​រក​ព្រះអង្គ
ប្រជា‌ជាតិ​ទាំង​មូល នឹង​នាំ​គ្នា​ក្រាប
ថ្វាយ‌បង្គំ​ព្រះអង្គ
28ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ
ព្រះអង្គ​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា។
29ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី
នាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ
អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី
គឺ​មនុស្ស​លោក​ដែល​តែងតែ​ស្លាប់
ក៏​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ។
30មនុស្ស​នៅ​ជំនាន់​ក្រោយ​នឹង​គោរព​បម្រើ​ព្រះអង្គ
ហើយ​គេ​នឹង​ថ្លែង​អំពី​ព្រះ‌អម្ចាស់​ប្រាប់​កូន​ចៅ។
31គេ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជន​ដែល​នឹង​កើត​មក
តាម​ក្រោយ អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ
គឺ​ព្រះ‌អម្ចាស់​បាន​ជួយ​រំដោះ​ប្រជា‌រាស្ត្រ
របស់​ព្រះអង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in