ទំនុកតម្កើង 2
2
ព្រះមហាក្សត្រដែលព្រះជាម្ចាស់ចាក់ប្រេងអភិសេក
1 ហេតុអ្វីបានជាប្រជាជាតិទាំងឡាយ
នាំគ្នាបង្កើតកោលាហល
ហើយប្រជារាស្ត្រនានារអ៊ូរទាំ
ដោយឥតខ្លឹមសារយ៉ាងនេះ?
2ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ
ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា
ប្រឆាំងនឹងព្រះអម្ចាស់
ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ
ដោយពោលថា៖
3«ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះអង្គ
ហើយគ្រវែងច្រវាក់របស់ព្រះអង្គចេញទៅ!»។
4ប៉ុន្តែ ព្រះអម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរមសុខ
ទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។
5ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេ
ដោយព្រះពិរោធ
ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត
ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ
ព្រះអង្គមានព្រះបន្ទូលថា៖
6«គឺយើងនេះហើយ
ដែលបានអភិសេកស្ដេចរបស់យើង
ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន
ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
7 ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអម្ចាស់
ព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា៖
«ព្រះអង្គជាបុត្ររបស់យើង!
គឺយើងដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះ ។
8បើព្រះអង្គសុំ យើងនឹងប្រគល់ប្រជាជាតិនានា
ឲ្យព្រះអង្គទុកជាមត៌ក
យើងក៏នឹងប្រគល់ផែនដីទាំងមូល
ឲ្យព្រះអង្គទុកជាកម្មសិទ្ធិដែរ។
9 ព្រះអង្គនឹងបង្ក្រាបពួកគេដោយដំបងដែក
ហើយព្រះអង្គកម្ទេចគេ
ដូចជាងស្មូនកម្ទេចភាជន៍»
10ឥឡូវនេះ ស្ដេចទាំងឡាយអើយ
ចូររិះគិតពិចារណាឡើង!
អ្នកគ្រប់គ្រងទាំងឡាយនៅលើផែនដីអើយ
ចូរទទួលយកសេចក្ដីអប់រំទៅ!
11ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច
ចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ
12ចូរក្រាបថ្វាយបង្គំព្រះរាជបុត្រ
ក្រែងព្រះអម្ចាស់ទ្រង់ព្រះពិរោធ
ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ
ក្នុងមាគ៌ារបស់អ្នករាល់គ្នា
ដ្បិតព្រះពិរោធរបស់ព្រះអង្គ
នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។
អ្នកណាជ្រកកោនក្រោមម្លប់បារមីព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!
Currently Selected:
ទំនុកតម្កើង 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.