YouVersion Logo
Search Icon

ទំនុកតម្កើង 145

145
ព្រះ‌រាជ្យ​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច
ពាក្យ​សរសើរ​តម្កើង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ​នៃ​ទូលបង្គំ
ឱ​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ!
ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម
របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!
2ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ
ទូលបង្គំ​កោត​សរសើរ​ព្រះ‌នាម
របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!
3 ព្រះ‌អម្ចាស់​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ
សរសើរ​តម្កើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត។
ព្រះអង្គ​ឧត្ដុង្គ‌ឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។
4សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់
លើក​តម្កើង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ
សូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យ
ដែល​ព្រះអង្គ​បាន​ធ្វើ
5ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿង
របស់​ព្រះអង្គ​ផង។
ទូលបង្គំ​នឹង​សញ្ជឹង​គិត​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ
របស់​ព្រះអង្គ។
6គេ​នឹង​រៀប​រាប់​អំពី​ឫទ្ធា‌នុភាព
ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះអង្គ
ហើយ​ទូលបង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្តុង្គ‌ឧត្ដម
របស់​ព្រះអង្គ​ដែរ។
7គេ​នឹង​រំឭក​ឡើង​វិញ​នូវ​ព្រះ‌ហឫទ័យ​សប្បុរស
ដ៏​លើស‌លុប​របស់​ព្រះអង្គ
គេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត
របស់​ព្រះអង្គ​ដោយ​អំណរ។
8 ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ
ប្រណី‌សន្ដោស និង​អាណិត‌អាសូរ
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់
ហើយ​ពោរ‌ពេញ​ទៅ​ដោយ
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា។
9 ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​មនុស្ស​ទាំង​អស់
ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ
ដល់​សត្វ​លោក​ទាំង​អស់
ដែល​ព្រះអង្គ​បាន​បង្កើត​មក។
10ឱ​ព្រះ‌អម្ចាស់​អើយ
សត្វ​លោក​ដែល​ព្រះអង្គ​បាន​បង្កើត​មក
នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ
ហើយ​ប្រជា‌ជន​របស់​ព្រះអង្គ
ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ​ដែរ។
11គេ​នឹង​រៀប​រាប់​អំពី​ព្រះ‌រាជ្យ
ដ៏​រុងរឿង​របស់​ព្រះអង្គ
គេ​នឹង​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ
12ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង
ពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ
និង​សិរី‌រុងរឿង​ដ៏​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច
នៃ​ព្រះ‌រាជ្យ​របស់​ព្រះអង្គ
13ព្រះអង្គ​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់
ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
ព្រះ‌អម្ចាស់​តែង​គោរព​តាម​ព្រះ‌បន្ទូល
សន្យា​របស់​ព្រះអង្គ​ជានិច្ច
ហើយ​អ្វីៗ​ដែល​ព្រះអង្គ​ប្រព្រឹត្ត
សុទ្ធ​តែ​ផុស​ចេញ​ពី​ព្រះ‌ហឫទ័យ​សប្បុរស។
14 ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​អស់​អ្នក​ដែល​ជំពប់​ដួល
ព្រះអង្គ​លើក​អ្នក​ដែល​អស់​សង្ឃឹម
ឲ្យ​ងើប​ឡើង​វិញ។
15ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ទាំង​អស់
ទន្ទឹង​រង់‌ចាំ​ព្រះអង្គ ដោយ​ចិត្ត​សង្ឃឹម
ដ្បិត​ព្រះអង្គ​ប្រទាន​អាហារ​ឲ្យ​គេ
តាម​ពេល​កំណត់។
16ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ទូលាយ
ព្រះអង្គ​ប្រទាន​ឲ្យ​គេ
បាន​ឆ្អែត​តាម​បំណង​របស់​គេ។
17 ព្រះ‌អម្ចាស់​ធ្វើ​គ្រប់​កិច្ចការ
ដោយ​ព្រះ‌ហឫទ័យ​សុចរិត
ហើយ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ក្នុង​គ្រប់​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ។
18 ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ
គឺ​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ​ដោយ​សុទ្ធ​ចិត្ត។
19ព្រះអង្គ​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា
របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក
ទូល‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។
20 ព្រះ‌អម្ចាស់​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ
តែ​ព្រះអង្គ​បំផ្លាញ​មនុស្ស​អាក្រក់​វិញ។
21ខ្ញុំ​សូម​ថ្លែង​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​លើក​តម្កើង
ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ
រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy