YouVersion Logo
Search Icon

ទំនុកតម្កើង 118

118
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
1 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះអង្គ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
2សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ឡើង​ថា៖
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
3សូម​ឲ្យ​កូន​ចៅ​របស់​លោក​អើរ៉ុន
ពោល​ឡើង​ថា៖
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
4សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច
ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
5នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់
ព្រះ‌អម្ចាស់​ក៏​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ
ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​សេរី‌ភាព។
6 ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ
តើ​មនុស្ស​លោក​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?
7ដោយ​ព្រះ‌អម្ចាស់​កាន់​ខាង​ខ្ញុំ ហើយ​ជួយ​ខ្ញុំ
ខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ។
8ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​មនុស្ស។
9ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​អ្នក​ធំ។
10ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ឡោម‌ព័ទ្ធ​ខ្ញុំ
តែ​ខ្ញុំ​នឹង​កម្ទេច​ពួក​គេ
ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
11ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​គ្រប់​ទិស‌ទី
តែ​ខ្ញុំ​នឹង​កម្ទេច​ពួក​គេ
ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
12ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ហ្វូង​ឃ្មុំ
តែ​ពួក​គេ​នឹង​ឆេះ​អស់​ទៅ​ដូច​ភ្លើង​ឆេះ​បន្លា
ខ្ញុំ​នឹង​កម្ទេច​ពួក​គេ
ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
13គេ​បាន​ច្រាន​ខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​ដួល
តែ​ព្រះ‌អម្ចាស់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ។
14 ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ
ខ្ញុំ​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។
15មនុស្ស​សុចរិត​នឹង​នាំ​គ្នា​ស្រែក​ហ៊ោ
នៅ​ក្នុង​ជំរំ​របស់​ខ្លួន ព្រោះ​តែ​មាន​ជ័យ‌ជម្នះ
ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកប
ដោយ​ឫទ្ធា‌នុភាព!
16 ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!
ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ប្រកប
ដោយ​ឫទ្ធា‌នុភាព។
17ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ
ហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពី
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់
18មែន​ហើយ ព្រះ‌អម្ចាស់​បាន​វាយ​ប្រដៅ​ខ្ញុំ​យ៉ាង​ខ្លាំង
តែ​ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ឡើយ។
19ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត ឲ្យ​ខ្ញុំ
ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​ព្រះ‌អម្ចាស់
20នេះ​នែ៎ ទ្វារ​ដែល​នាំ​ចូល​ទៅ​រក​ព្រះ‌អម្ចាស់
មាន​តែ​មនុស្ស​សុចរិត​ទេ
ដែល​ចូល​តាម​ទ្វារ​នេះ​បាន។
21ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ
ព្រោះ​ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ
ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។
22 ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល
បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។
23 ព្រះ‌អម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ
យើង​ក៏​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង។
24ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​បាន​បង្កើត​មក
យើង​នាំ​គ្នា​ត្រេក​អរ​សប្បាយ​រីក‌រាយ​នៅ​ថ្ងៃ​នេះ!
25 ព្រះ‌អម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ!
ព្រះ‌អម្ចាស់​អើយ
សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជោគ‌ជ័យ!
26 សូម​លើក​តម្កើង​ព្រះអង្គ​ដែល​យាង​មក
ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់
យើង​សូម​ឲ្យ​ពរ​អ្នក​រាល់​គ្នា
ពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
27មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​ដ៏​ពិត
តែ​មួយ​ព្រះអង្គ ព្រះអង្គ​បំភ្លឺ​យើង
ចូរ​នាំ​គ្នា​លើក​ធាង​ទន្សែ​ឡើង
ហើយ​ហែ​ជា​ក្បួន
រហូត​ដល់​ជ្រុង​អាសនៈ​របស់​ព្រះ‌អម្ចាស់!
28ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ
ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ!
29ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy