ទំនុកតម្កើង 112
112
មនុស្សល្អមិនដែលរង្គើទេ
1ចូរសរសើរតម្កើងព្រះអម្ចាស់!
អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់
ហើយពេញចិត្តនឹងគោរពតាម
ព្រះបញ្ជារបស់ព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!
2ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក
ដ្បិតព្រះជាម្ចាស់នឹងប្រទានពរ
ដល់មនុស្សទៀងត្រង់។
3នៅក្នុងផ្ទះរបស់អ្នកនោះ
នឹងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ
សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ។
4ក្នុងទីងងឹត មានពន្លឺលេចឡើង
បំភ្លឺមនុស្សទៀងត្រង់
ដែលមានចិត្តប្រណីសន្ដោស
អាណិតមេត្តា និងសុចរិត។
5អ្នកណាមានចិត្តទូលាយ
ហើយយករបស់ខ្លួនឲ្យគេខ្ចី
ព្រមទាំងរកស៊ីដោយទៀងត្រង់
អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។
6មនុស្សល្អនឹងបានសុខជានិច្ច
គេនឹងរំឭកកេរ្តិ៍ឈ្មោះគាត់រហូតតទៅ។
7គាត់នឹងមិនខ្លាចនរណានិយាយអាក្រក់
ពីគាត់សោះឡើយ គាត់មានចិត្តរឹងប៉ឹង
ហើយផ្ញើជីវិតលើព្រះអម្ចាស់ទាំងស្រុង។
8គាត់មានចិត្តនឹងន ឥតភ័យខ្លាចអ្វីទាំងអស់
រហូតទាល់តែបានឃើញខ្មាំងសត្រូវបរាជ័យ។
9 គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយ
សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ
ហើយគាត់ចម្រើនកម្លាំងកាន់តែរុងរឿងឡើងៗ។
10ពេលមនុស្សអាក្រក់ឃើញដូច្នេះ
ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ
ហើយរលាយសូន្យទៅ មនុស្សអាក្រក់
ពុំដែលបានសម្រេចដូចបំណងឡើយ។
Currently Selected:
ទំនុកតម្កើង 112: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.