YouVersion Logo
Search Icon

ទំនុកតម្កើង 10

10
ពាក្យ​អធិស្ឋាន​សូម​ព្រះ‌អម្ចាស់​រក​យុត្តិធម៌
1 ព្រះ‌អម្ចាស់​អើយ
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ?
នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​សម្ងំ​ស្ងៀម​ដូច្នេះ?
2មនុស្ស​ពាល​នាំ​គ្នា​តាម​ធ្វើ​បាប​មនុស្ស​ទុគ៌ត
ទាំង​ឥត​អៀន​ខ្មាស
ពួក​គេ​ប្រើ​កល‌ល្បិច​ធ្វើ​ឲ្យ
មនុស្ស​ទុគ៌ត​វិនាស។
3មនុស្ស​ពាល​តែងតែ​និយាយ​អួត
អំពី​ការ​លោភ‌លន់​របស់​ខ្លួន
ហើយ​មនុស្ស​កេង‌ប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអក
និង​ប្រមាថ​ព្រះ‌អម្ចាស់
4មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់
ហើយ​មិន​រវី‌រវល់​នឹង​អ្វី​សោះ
ព្រោះ​គេ​គិត​ថា គ្មាន​ព្រះ‌ជាម្ចាស់​ទេ!
5អ្វីៗ​ដែល​គេ​ធ្វើ​តែងតែ​ចម្រុង‌ចម្រើន​ជានិច្ច
គេ​គិត​មិន​ដល់​សោះ​ថា
ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ដូច្នេះ
គេ​ក៏​បន្ទាប​បន្ថោក​បច្ចា‌មិត្ត​របស់​ខ្លួន។
6គេ​គិត​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គោះ‌រង្គើ
ហើយ​អញ​ក៏​នឹង​មិន​ជួប​ប្រទះ
ទុក្ខ​លំបាក​សោះ​ឡើយ»។
7 មាត់​របស់​គេ​ពោល​តែ​ពាក្យ​បណ្ដាសា
ពាក្យ​បោក​បញ្ឆោត និង​ពាក្យ​មួល​បង្កាច់
ហើយ​ពាក្យ​អពមង្គល
និង​ទុច្ចរិត​ស្ថិត​នៅ​លើ​ចុង​អណ្ដាត​គេ​ជានិច្ច។
8គេ​តែង​ពួន​ស្ទាក់​នៅ​ក្បែរ​ភូមិ
ហើយ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​ដោយ​សម្ងាត់
គេ​ចេះ​តែ​ឃ្លាំ​មើល​មនុស្ស​ទន់​ខ្សោយ។
9គេ​ពួន​ដូច​សត្វ​សិង្ហ​សម្ងំ​នៅ​តាម​គុម្ពោត
គេ​ពួន​ស្ទាក់​ចាំ​ចាប់​ជន​ទុគ៌ត
គេ​ចាប់​ជន​ទុគ៌ត ដោយ​ទាក់‌ទាញ
ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន។
10ជន​ទុគ៌ត​ក៏​ដួល ក្រាប​នៅ​ដី
ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ពាល ។
11មនុស្ស​ពាល​គិត​ក្នុង​ចិត្ត​ថា
«ព្រះ‌ជាម្ចាស់​មិន​ចាប់​អារម្មណ៍​ទេ!
ព្រះអង្គ​បិទ​ព្រះ‌នេត្រ
ទ្រង់​មិន​ទត​មើល​ទាល់​តែ​សោះ!»។
12 ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង!
បង្ហាញ​ព្រះ‌បារមី​របស់​ព្រះអង្គ
សូម​កុំ​ភ្លេច​មនុស្ស​ទន់‌ទាប​ឡើយ!
13ហេតុ​អ្វី​បាន​ជា​មនុស្ស​ពាល​ចំអក
មើល‌ងាយ​ព្រះ‌ជាម្ចាស់?
ហេតុ​អ្វី​បាន​ជា​គេ​គិត​ក្នុង​ចិត្ត​ថា
«ព្រះអង្គ​នឹង​មិន​រក​រឿង​អញ​ឡើយ» ដូច្នេះ?
14 ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​ពិត​ជា​ទត​ឃើញ​ទុក្ខ​លំបាក
និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប
ព្រះអង្គ​ប្រុង​នឹង​ជួយ​គេ​ជានិច្ច
មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង
ហើយ​មាន​តែ​ព្រះអង្គ​ទេ
ដែល​យាង​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។
15សូម​ព្រះអង្គ​កាច់​បំបាក់​ដៃ​របស់​មនុស្ស​ពាល
សូម​ដាក់​ទោស​ពួក​គេ ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្ត
អំពើ​ពាល​ត​ទៅ​ទៀត! ។
16 ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​គង់​នៅ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ
សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ
អស់​ពី​ស្រុក​របស់​ព្រះអង្គ។
17បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​ទ្រង់​ឈ្វេង​យល់
បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាប
ព្រះអង្គ​លើក​ទឹក​ចិត្ត​គេ
18ព្រះអង្គ​តែងតែ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ជន​កំព្រា
និង​មនុស្ស​ដែល​ត្រូវ​គេ​ជិះ‌ជាន់
ហើយ​ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​គេ
ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី
អាច​សង្កត់‌សង្កិន​គេ​ត​ទៅ​មុខ​ទៀត ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ទំនុកតម្កើង 10