សុភាសិត 9
9
ការអញ្ជើញរបស់ព្រះប្រាជ្ញាញាណ
1ព្រះប្រាជ្ញាញាណបានរៀបចំសសរប្រាំពីរ សម្រាប់សង់ផ្ទះ។ 2ព្រះប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់លៀង។ 3ព្រះប្រាជ្ញាញាណចាត់អ្នកបម្រើឲ្យទៅប្រកាស នៅតាមទួលខ្ពស់ៗក្នុងទីក្រុងថា: 4«មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា 5ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។ 6ចូរនាំគ្នាបោះបង់ចោលភាពល្ងង់ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្ដល់ការចេះដឹងវិញ!»។
អ្នកប្រាជ្ញ និងអ្នកវាយឫកខ្ពស់
7អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវគេជេរវិញ។ 8កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក។ បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។ 9សេចក្ដីដែលអ្នកពោលទៅកាន់មនុស្សមានប្រាជ្ញា ធ្វើឲ្យគេកាន់តែមានប្រាជ្ញា សេចក្ដីដែលអ្នកបង្រៀនមនុស្សសុចរិត ធ្វើឲ្យគេកាន់តែចេះដឹងថែមទៀត។
10 ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃប្រាជ្ញា ការស្គាល់ព្រះជាម្ចាស់ជាចំណេះរបស់ប្រជាជនដ៏វិសុទ្ធ។ 11ប្រាជ្ញាផ្ដល់ឲ្យអ្នករស់បានយូរ ប្រាជ្ញាធ្វើឲ្យអ្នកមានអាយុវែង។ 12បើអ្នកមានប្រាជ្ញា អ្នកនឹងទទួលផលល្អសម្រាប់ខ្លួនឯង បើអ្នកវាយឫកខ្ពស់ អ្នកនឹងទទួលផលវិបាកខ្លួនឯង។
ដំណើរលេលា
13ភាពលេលាប្រៀបបាននឹងស្រីឡូឡា ឆោតល្ងង់ គ្មានដឹងអ្វីទាំងអស់។ 14ស្រីនោះតែងអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬអង្គុយលើកៅអីមួយ តាមទួលខ្ពស់ៗក្នុងទីក្រុង 15ហើយស្រែកហៅមនុស្សត្រឹមត្រូវ ដែលដើរកាត់តាមនោះថា: 16«មនុស្សល្ងង់ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា 17សុំអញ្ជើញចូលមកពិសាទឹកលួចគេដ៏ផ្អែមត្រជាក់ ហើយបរិភោគអាហារលួចលាក់ដ៏ឆ្ងាញ់ពិសា»។ 18អ្នកដែលស្ដាប់តាមស្រីនោះ ពុំបានដឹងខ្លួនថាកំពុងតែដើរឆ្ពោះទៅរកមច្ចុរាជ ហើយក៏ពុំដឹងថាភ្ញៀវដែលស្រីនោះអញ្ជើញមកមុនៗ ធ្លាក់ទៅក្នុងស្ថានមនុស្សស្លាប់អស់ទេ។
Currently Selected:
សុភាសិត 9: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.