សុភាសិត 6
6
កុំធានាសងបំណុលជំនួសគេ
1កូនអើយ ប្រសិនបើកូនធានាបងប្អូនណាម្នាក់ដែលជំពាក់បំណុលគេ 2ប្រសិនបើកូនបានសន្យាផ្ទាល់មាត់ និងជាប់សម្ដីក្នុងរឿងនេះ 3បានសេចក្ដីថា កូនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បងប្អូននោះហើយ។ ដូច្នេះ កូនត្រូវតែទៅជួបអ្នកនោះ ហើយអង្វរករ និងរំអុកសុំរំដោះខ្លួនឲ្យរួច 4កុំដេក កុំសម្រាកឡើយ 5គឺខំប្រឹងរើបម្រះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួនឲ្យរួចពីអន្ទាក់របស់ព្រាន។
មនុស្សកម្ជិល
6កូនកម្ជិលអើយ ចូរទៅមើលស្រមោច ហើយពិចារណាអំពីការរស់នៅរបស់វា រួចយកមេរៀនពីវាទៅ។ 7វាគ្មានអ្នកត្រួតត្រា គ្មានមេកើយ គ្មានថៅកែទេ 8តែនៅរដូវក្ដៅវាប្រមូលចំណី នៅរដូវចម្រូត វាសន្សំស្បៀងទុក។ 9ជនកម្ជិលអើយ តើអ្នកនៅតែដេកដល់ណាទៀត? តើដល់អង្កាល់ទើបភ្ញាក់ឡើង? 10 អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច ដេកឱបដៃបន្តិច។ 11ធ្វើដូច្នេះ អ្នកនឹងខ្វះខាត ហើយធ្លាក់ខ្លួនក្រភ្លាម ដោយមិនដឹងខ្លួន ដូចមានចោរចូលលួចប្លន់។
មនុស្សពាល
12អ្នកណាដើរសាបព្រោះពាក្យមិនពិត អ្នកនោះជាមនុស្សចោលម្សៀត និងទុច្ចរិត 13គេមិចភ្នែក លើកដៃលើកជើងជាសញ្ញា 14មានចិត្តពាលហើយរិះគិតធ្វើអាក្រក់គ្រប់ពេលវេលា និងបង្កជម្លោះ។ 15ហេតុនេះ គេមុខជាវិនាសយ៉ាងទាន់ហន់ ព្រមទាំងត្រូវអន្តរាយមួយរំពេចរកអ្វីមកកែកុនពុំបាន។
អំពើដែលពុំគាប់ព្រះហឫទ័យព្រះអម្ចាស់
16មានអំពើប្រាំមួយ ឬប្រាំពីរយ៉ាង ដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ហើយមិនអាចទ្រាំទ្របានគឺ: 17ការវាយឫកខ្ពស់ ការពោលពាក្យកុហក ការបង្ហូរឈាមជនស្លូតត្រង់ 18ការរិះគិតធ្វើអំពើទុច្ចរិត ការរត់ទៅប្រព្រឹត្តអំពើអាក្រក់ 19ធ្វើជាសាក្សីក្លែងក្លាយ ដែលពោលពាក្យមិនពិត និងការបង្កជម្លោះបំបាក់បំបែកបងប្អូន។
កុំផិតក្បត់ស្វាមីភរិយា
20កូនអើយ ចូរស្ដាប់ឱវាទរបស់ឪពុក កុំចោលដំបូន្មានរបស់ម្ដាយ។ 21ចូរចងចាំទុកក្នុងចិត្ត ចូររក្សាជាប់នឹងខ្លួនដូចគ្រឿងអលង្ការ។ 22ពេលកូនទៅណាមកណាដំបូន្មាននេះនាំផ្លូវកូន ការពារកូនក្នុងពេលដេក ហើយសារស័ព្ទជាមួយកូននៅពេលកូនភ្ញាក់ 23ដ្បិតឱវាទប្រៀបបាននឹងចង្កៀង ដំបូន្មានជាពន្លឺ ហើយការប្រៀនប្រដៅជាផ្លូវនាំទៅកាន់ជីវិត។ 24ពាក្យដាស់តឿនទាំងនេះការពារកូន កុំឲ្យចាញ់បោកស្រីទុច្ចរិត កុំឲ្យចាញ់បញ្ឆោតពាក្យផ្អែមល្ហែមរបស់ស្ត្រីក្បត់ប្ដី។ 25កុំមានចិត្តពុះកញ្ជ្រោលនឹងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្ដោយឲ្យចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។ 26ស្រីពេស្យាចង់បាននំបុ័ងតែមួយដុំប៉ុណ្ណោះ រីឯស្ត្រីក្បត់ប្ដីវិញ គេទាមទារយកអ្វីៗទាំងអស់ដ៏មានតម្លៃ។
27តើមាននរណាយកភ្លើងមកឱប ហើយភ្លើងមិនឆេះអាវទាំងមូល? 28តើមាននរណាដើរលើរងើកភ្លើង ហើយមិនរលាកជើង? 29រីឯអ្នកដែលប៉ះពាល់ប្រពន្ធគេក៏ដូច្នោះដែរ គឺត្រូវតែទទួលផលវិបាកជានិច្ច។ 30ចោរលួចគេ ដើម្បីគ្រាន់តែចម្អែតក្រពះដែលឃ្លាននោះ គ្មាននរណាមើលងាយទេ 31តែបើគេចាប់បាន ចោរនោះត្រូវតែសងមួយជាប្រាំពីរ ហើយខាតបង់អ្វីៗទាំងអស់ដែលខ្លួនមានផង។ 32អ្នកណាលួចប្រពន្ធគេ អ្នកនោះជាមនុស្សមិនចេះពិចារណា ដ្បិតប្រព្រឹត្តយ៉ាងនេះនាំតែវិនាសខ្លួនឯង។ 33អ្នកនោះនឹងទទួលទោសបាត់បង់កិត្តិយស ហើយត្រូវខ្មាសគេរហូត 34ដ្បិតប្ដីគេនឹងប្រច័ណ្ឌ ហើយថ្ងៃមួយគេនឹងសងសឹកឥតត្រាប្រណីឡើយ។ 35គេមិនព្រមទទួលសំណង គេមិនអត់ទោសឲ្យ ទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។
Currently Selected:
សុភាសិត 6: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.