សុភាសិត 5
5
ត្រូវប្រយ័ត្ននឹងស្ត្រីដែលក្បត់ប្ដី
1កូនអើយ ចូរយកចិត្តទុកដាក់នឹងប្រាជ្ញារបស់ឪពុក ហើយចាប់អារម្មណ៍នឹងតម្រិះរបស់ឪពុកដែរ
2ដើម្បីឲ្យកូនស្គាល់ការរិះគិត និងការនិយាយស្ដីដឹងខុសត្រូវ។ 3ធម្មតា ស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ ហើយមាត់រអិលដូចប្រេង 4តែតាមពិតស្ត្រីនោះប្រៀបបាននឹងផ្លែស្លែងដែលមានជាតិល្វីង ហើយមុតដូចដាវមុខពីរ។ 5ស្ត្រីប្រភេទនេះបណ្ដាលឲ្យអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។ 6ផ្លូវរបស់ស្ត្រីនេះមិននាំទៅកាន់ជីវិតទេ តែនាំឲ្យគេវង្វេងដោយមិនដឹងខ្លួន។
7ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក កុំងាកចេញពីឱវាទរបស់ឪពុកឡើយ។ 8ចូរដើរវាងឲ្យឆ្ងាយពីស្ត្រីប្រភេទនេះ កុំទៅជិតមាត់ទ្វារផ្ទះរបស់គេឲ្យសោះ 9ក្រែងលោអ្នកផងទាំងពួងប្រមាថមាក់ងាយកេរ្តិ៍ឈ្មោះកូន ហើយមនុស្សគ្មានចិត្តមេត្តាបំផ្លាញជីវិតកូន 10ក្រែងលោអ្នកដទៃមករឹបអូសយកទ្រព្យសម្បត្តិរបស់កូន ហើយអ្វីៗដែលកូនរកបានដោយកម្លាំងញើស ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង។ 11នៅទីបំផុត កូនលែងមានកម្លាំងអ្វីទៀត ហើយកូននឹងស្រែកថ្ងូរដូចសត្វ។ 12ពេលនោះ កូននឹងពោលថា «ហេតុអ្វីបានជាខ្ញុំស្អប់ដំបូន្មាន ហើយមិនយកចិត្តទុកដាក់ស្ដាប់ការប្រៀនប្រដៅដូច្នេះ! 13ហេតុអ្វីបានជាខ្ញុំមិនស្ដាប់ពាក្យសម្ដីគ្រូ ហើយក៏មិនផ្ទៀងត្រចៀកស្ដាប់អ្នកបង្រៀនខ្ញុំដូច្នេះ!។ 14ខ្ញុំវិះតែអាម៉ាស់មុខ នៅក្នុងចំណោមសហគមន៍របស់ប្រជាជន»។
15ប្រពន្ធរបស់កូនប្រៀបបាននឹងប្រភពទឹក ដែលផុសចេញពីអណ្ដូងរបស់កូនផ្ទាល់ ចូរផឹកតែទឹកនេះចុះ 16កុំបណ្ដោយឲ្យទឹកនេះហូរទៅក្រៅ តាមដងផ្លូវឡើយ។ 17ចូរប្រើទឹកនេះតែម្នាក់ឯងបានហើយ កុំចែកឲ្យអ្នកដទៃ។ 18ចូរផ្ដល់សុភមង្គលឲ្យភរិយារបស់កូន ចូររួមរស់យ៉ាងសប្បាយជាមួយភរិយា ដែលកូនបានរៀបការតាំងពីកំលោះក្រមុំ។ 19ភរិយារបស់កូនមានចរិយាសមសួនគួរឲ្យស្រឡាញ់ សម្រស់របស់នាងគួរជាទីគាប់ចិត្ត។ ចូរត្រេកត្រអាលនឹងសម្ផស្សរបស់នាង ចូរស្រឡាញ់នាងយ៉ាងអស់ពីចិត្តរហូតតទៅ។ 20កូនអើយ ហេតុអ្វីបានជាកូនមានចិត្តស្រឡាញ់ប្រពន្ធរបស់គេទៅវិញ? ហេតុអ្វីបានជាកូនចង់សប្បាយជាមួយស្រីផ្សេងដូច្នេះ? 21អ្វីៗដែលមនុស្សលោកប្រព្រឹត្ត ព្រះអម្ចាស់ជ្រាបទាំងអស់ ព្រះអង្គទតឃើញកិរិយាមារយាទរបស់គេ។ 22កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។ 23គេនឹងត្រូវស្លាប់ ព្រោះខ្វះការអប់រំ គេនឹងត្រូវវិនាស ព្រោះតែអំពើលេលាហួសល្បត់របស់ខ្លួន។
Currently Selected:
សុភាសិត 5: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.